ជាតិ
សង្គមជាតិ
សាសនា / ធម៌
អាជ្ញាធរ កំពុងកំណត់​អត្តសញ្ញាណក្រុម​ផលិត​វីដេអូ «ទុំទាវ២០២១» ដែលធ្វើឱ្យប៉ះពាល់សាសនានិងវប្បធម៌
04, Feb 2021 , 1:17 pm        
រូបភាព
ឈុនមួយ ក្នុងរឿង «ទុំទាវ២០២១» បែបកំប្លែងរបស់យុវជនមួយក្រុម
ឈុនមួយ ក្នុងរឿង «ទុំទាវ២០២១» បែបកំប្លែងរបស់យុវជនមួយក្រុម
ភ្នំពេញ​៖ ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ កំពុង​សហការ​ជា​មួយ​​អង្គភាព​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា ដើម្បីស្វែង​រក​អត្តសញ្ញាណ​ក្រុម​ផលិត​វីដេអូ​រឿង «ទុំទាវ​២០២១» បែប​កំប្លែង​ ដើម្បី​​កោះ​ហៅ​​ឱ្យ​ចូល​បំភ្លឺ​និង​ធ្វើ​កិច្ច​សន្យា​ទៅ​តាម​វិធាន​ច្បាប់​​​។ នេះ​បើ​តាម​លោក ចំរើន វ៉ាន់ថា​ ប្រធាន​លេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សាពិន័យ​និង​លើក​សរសើរ​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។



លោក ចំរើន វ៉ាន់ថា​ ប្រធាន​លេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សាពិន័យ​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗតាម​ទូរសព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​កុម្ភៈ​នេះ​ថា ក្រុម​ការ​ងារ​ជំនាញ​ ​កំពុង​ស្វែង​រក​អត្តសញ្ញាណ​​ក្រុម​ផលិត​វីដេអូ​រឿង «ទុំទាវ​២០២១​» បែប​កំប្លែង​​ហើយ​។ ប៉ុន្តែដំណើរ​ការ​ស្វែក​រក​នេះ​ មាន​ការ​លំបាក​មួយ​ចំនួន​ព្រោះជាទំព័រហ្វេសប៊ុក ​(Page) ឯកជន​។

លោក ចំរើន​ ​វ៉ាន់ថា ពន្យល់​បន្ថែម​ដូច្នេះថា​៖«ឥឡូវ​នេះ​ក្រុម​ការ​ងារ​កំពុង​ធ្វើ​ការ​រឿង​ហ្នឹងហើយ​។ ខ្ញុំ​បាន​ឃើញ​ Page មួយ​ដែល​គាត់​បាន​ចេញ​សារ​សូម​ទោស​ជា​សាធារណៈ​ហើយ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ យើង​នៅ​តែ​ហៅ​គាត់​មក​ជួប​ណែនាំ​បន្ថែម​ទៀត ហើយ​ឱ្យ​គាត់​ធ្វើ​កិច្ច​សន្យា​ទៅ​តាម​វិធាន​របស់​យើង​​​។ យើង​កំពុង​ស្នើសុំ​អង្គភាព​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា ដើម្បី​ស្វែង​រក​អត្តសញ្ញាណគាត់​ ប៉ុន្តែ​យើង​រៀង​ពិបាក​បន្តិច ព្រោះ​​​វា​ជា​ផេក​របស់​ឯកជន»​​។

​នៅ​ព្រឹក​ថ្ងៃ​ទី​៤​កុម្ភៈ នេះ​ Page ឈ្មោះHokima បាន​សរសេរ​សារ​ខ្លី​មួយ​ សូមទោស​ជា​សាធារណៈ​ ចំពោះ​​កំហុសឆ្គង​​របស់​ខ្លួន​ដែរ​។

«នាង​ខ្ញុំ​នឹង​ក្រុម​សម្ដែង​នាង​ខ្ញុំ​“រឿងទុំទាវ​២០២១” បែប​កំប្លែង គឺ​មេត្តាខន្តីអភ័យទោស សុំទោស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ សុំ​ទោស​ដល់​ក្រសួង​ធម្មការ​និង​សាសនា  និង​ពុក​ម៉ែ​បង​ប្អូន​ទាំង​អស់​គ្នា​នាង​ខ្ញុំ​ពិត​ជា​ទទួល​ស្គាល់​កំហុសមែន»។ នេះ​គឺ​ជា​សារ​សូម​ទោស​ជា​សាធារណៈ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Page Hokima។

កន្លង​មក​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ តែង​ផ្សព្វ​ផ្សា​យ​ជា​រឿយ​ៗ ពី​ក្រម​សីលធម៌​នានា​ ពាក់​ព័ន្ធ​និង​វិស័យ​សិល្បៈ​វប្បធម៌ ប៉ុន្តែ​នៅ​តែ​មាន​សាធារណជន​មួយ​ចំនួន​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្តិតាម​​​។

លោក ចំរើន វ៉ាន់ថា បានលើកឡើងបន្ថែម។ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ បាននិយាយដូច្នេះថា៖«កន្លង​មក​យើង​បាន​ធ្វើ​ច្រើន​ ទាំង​ការ​ផ្សព្វ​ផ្សាយ​ទាំង​ការ​ធ្វើ​សិក្ខា​សាលា មាន​ទាំង​បទ​បញ្ជា​ផ្សេង​ៗ ប៉ុន្តែ​ អ្នក​ខ្លះ​គិត​តែ​ពី​ប្រយោជន៍ផ្ទាល់​ខ្លួន​​ដោយ​មិន​ខ្វល់​ ឬមិន​​យក​ចិត្ត​ទុក​ដាក់​ដល់​សង្គម​។ ជា​ធម្មតា​នៅ​ក្នុង​សង្គម​មួយ​វា​ចៀស​មិន​ផុត​ទេ ប៉ុន្តែ​យើង​នៅ​តែ​បន្ត​អប់រំ។ វិធាន​របស់​យើងទី១​អប់រំផ្សព្វ​ផ្សាយ​ ទី២អប់រំណែនាំ និង​ទី​៣ ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​។ វិធាន​ការ​៣​នេះ​បើទោះ​បី​ជា​មិន​អាច​កាត់​បាន​ទាំង​ស្រុង​ ក៏​អាច​កាត់​បាន​ជា​អតិបរមាដែរ»៕ ​

Tag:
 សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com