ជាតិ
សង្គមជាតិ
ក្រសួង​មុខងារសាធារណៈ ទទួលបាន​ផ្ទៃ​បឹង​តា​មោក​៤​ហិកតា ដើម្បី​បង្កើត​ទីតាំង​ថ្មី​
04, Feb 2021 , 2:47 pm        
រូបភាព
លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំអាស៊ាននិងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ តាមប្រព័ន្ធវីដេអូ​ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីក្រសួងមុខងារសាធារណៈ
លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំអាស៊ាននិងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ តាមប្រព័ន្ធវីដេអូ​ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីក្រសួងមុខងារសាធារណៈ
​រដ្ឋាភិបាល យល់ព្រម​កាត់​ផ្ទៃ​បឹង​តា​មោក​៤​ហិកតា ជូនទៅ​ក្រសួង​មុខងារសាធារណៈ ដែលមាន​លោក ព្រុំ សុខា ជា​រដ្ឋមន្ត្រី ដើម្បី​សាងសង់​ទីស្តីការ​ថ្មី​របស់​ក្រសួង​នេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង (​សជណ​) របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ចេញ​តាំងពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ តែ​ទើបនឹង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។



អត្ថបទទាក់ទង


​សជណ ដែល​លោក កែន ស​ត្ថា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​អ្នកចេញ​និង​ចុះហត្ថលេខា ជំនួស​លោក ប៊ិន ឈិន ជា​រដ្ឋមន្ត្រី ត្រូវបាន​ផ្ញើ​ជូនទៅ​ប្រធាន​ស្ថាប័ន​៥ រួមមាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ 
 
​លោក ឈឿន ប៊ុណ្ណា​រ័ត្ន អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណៈ មិនទាន់​អាច​ផ្តល់ព័ត៌មាន​បានឡើយ​ថា ទីស្តីការ​ថ្មី​របស់​ក្រសួង​មុខងារសាធារណៈ នឹងត្រូវ​ចាប់ផ្តើម​សាងសង់​លើ​ផ្ទៃ​បឹង​តា​មោក​នៅពេលណា ហើយ​ទីស្តីការ​ចាស់ ដែល​ស្ថិតនៅ​ផ្លូវ​វត្ត​អង្គ​តា​មិញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ នឹងត្រូវ​ប្រគល់​ទៅ​ឲ្យ​ខាង​ណា​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក មិនទាន់​អាច​ផ្តល់ព័ត៌មាន​ទាំងនេះ​បាន ដោយសារតែ​លោក មិនទាន់​ទទួលបាន​សជណ​ស្តីពី​ការប្រគល់​ផ្ទៃ​បឹង​តា​មោក​៤​ហិកតា ជូនទៅ​ក្រសួង​មុខ​សាធារណៈ​នោះទេ​។ លោក មានប្រសាសន៍ថា​៖«​ខ្ញុំ មិនទាន់​ដឹង​ដែរ បើ​មាន​ព័ត៌មាន ចាំ​ខ្ញុំ​ប្រាប់​»​។ 
 
​មកដល់ពេលនេះ សារព័ត៌មាន​ថ្មីៗ បានឃើញ​អនុក្រឹត្យ​និង​សជណ​ចំនួន​១១​លើក​ហើយ ស្តីពី​ការ​កាត់​ផ្ទៃ​បឹង​តា​មោកឬបឹងកប់ស្រូវ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ ឲ្យ​ទៅ​ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន​។ ផ្ទៃ​បឹង​តា​មោក ដែល​ត្រូវបាន​កាត់​ទាំង​១១​នោះ មាន​ទំហំ​សរុប​ប្រមាណ​៧២៦​ហិកតា ក្នុងចំណោម​ផ្ទៃ​បឹង​ទាំងមូល​ជាង​៣,២​ពាន់​ហិកតា​។ ប៉ុន្តែ ថ្មីៗ​នេះ រដ្ឋាភិបាល បានធ្វើ​និ​រា​ការណ៍​ចំនួន​២​លើក​វិញ លើ​សេចក្តីសម្រេច​ស្តីពី​ការប្រគល់​ផ្ទៃ​បឹង​តា​មោក​ទៅ​ឲ្យ​ស្ថាប័នរដ្ឋ​និង​ឯកជន​។​
 
​លើក​ទី​១ រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​ធ្វើ​និរាករណ៍ លើ​សេចក្តីសម្រេច​ស្តីពី​កាត់​ផ្ទៃ​បឹង​តា​មោក​៣០​ហិកតា ដែល​ឲ្យ​ទៅ​ស្ថាប័នរដ្ឋ​៣ គឺ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង អាជ្ញាធរ​មីន​។ លើក​ទី​២ រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​ធ្វើ​និរាករណ៍ លើ​សេចក្តីសម្រេច​ស្តីពី​ការ​កាត់​ផ្ទៃ​បឹង​តា​មោក​២០​ហិកតា ដែល​ជូន​លោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់​ធី (​វិស័យ​ឯកជន​)​។​
 
​ការធ្វើ​និរាករណ៍​ទាំង​២​លើក​នេះ មានន័យថា រដ្ឋាភិបាល បាន​ដកហូតយក​ផ្ទៃ​បឹង​តា​មោក​៥០​ហិកតា ពី​ស្ថាប័នរដ្ឋ​និង​ឯកជន​ខាងលើ​នោះមក​វិញ​។ យ៉ាងណា អនុក្រឹត្យ ពុំបាន​បញ្ជាក់​ឡើយ​ថា ផ្ទៃ​បឹង​តា​មោក​៥០​ហិកតា ដែល​ដកហូត​មកវិញ​នេះ នឹងត្រូវ​ប្រគល់​ឲ្យ​ស្ថាប័នរដ្ឋ​ឬ​វិស័យ​ឯកជន​ណាមួយ ឬក៏​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ ដោយ​មិន​ប្រគល់​ទៅ​ឲ្យ​ខាង​ណា​នោះទេ​។​
 
​ដោយ​ដកហូត​៥០​ហិកតា​មកវិញ ដូច្នេះ ផ្ទៃ​បឹង​តា​មោក ដែល​ត្រូវបាន​កាត់​៧២៦​ហិកតា បាន​ថយ​មក​នៅ​ប្រមាណ​៦៧៦​ហិកតា​៕ 
 
 
 

Tag:
 បឹង​តា​មោក​
  ក្រសួង​មុខងារសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com