ជាតិ
សង្គមជាតិ
ការសិក្សា​ថ្មី​៖ ការអភិវឌ្ឍ​តំបន់ឆ្នេរ​«​គំរាមកំហែង​»​បរិស្ថាន​និង​សហគមន៍​នេសាទ​
05, Feb 2021 , 7:59 pm        
រូបភាព
​ការអភិវឌ្ឍ​មួយកន្លែង​នៅតាម​ឆ្នេរសមុទ្រ​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត មើល​ពីលើ​ភ្នំ​បូកគោ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
​ការអភិវឌ្ឍ​មួយកន្លែង​នៅតាម​ឆ្នេរសមុទ្រ​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត មើល​ពីលើ​ភ្នំ​បូកគោ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ (​ស៊ុន ណារិន​/​វី​អូ​អេ​)
ដោយ: VOA
​អង្គការ​សង្គម​ស៊ីវិល​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​ការអភិវឌ្ឍ​នានា​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា ដោយ​ក្នុងនោះ​ពួកគេ​ជំរុញ​ឲ្យ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ឲ្យ​បាន​ទូលំទូលាយ និង​ធានាថា​កុំ​ឲ្យ​ប៉ះពាល់​ប្រជា​នេសាទ​។​

 
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (Cambodian Center for Human Rights) នៅ​ថ្ងៃ​ពុធ​នេះ បានចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីអំពី​សហគមន៍​នេសាទ​និង​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​ភាគ​និរតី​កម្ពុជា ដែលមាន​ប្រវែង​សរុប ៤៤០ គីឡូម៉ែត្រ​។​
 
​របាយការណ៍​បាន​លើកឡើងថា សហគមន៍​នៅ​តំបន់ឆ្នេរ​កំពុង​ស្ថិតនៅ​ក្នុង «​ភាព​ប្រថុយប្រថាន​» ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​នានា ដែល «​បាន​ទន្ទ្រាន​យក​និង​បំផ្លិចបំផ្លាញ​ដីធ្លី​ដែល​សហគមន៍​នេសាទ​ពឹង​អាស្រ័យ​»​។​
 
​របាយការណ៍​បានបង្ហាញ​ការសិក្សា​ទៅលើ​សហគមន៍​នេសាទ​ក្នុង​ខេត្តកំពត និង​កែប ដែល​អង្គការ​លើកឡើង​ថា «​កំពុង​ប្រឈម​ការគំរាមកំហែង​ពី​គម្រោង​អភិវឌ្ឍន៍​នានា​»​។​
 
​របាយការណ៍​បញ្ជាក់ថា​៖ «​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ គេ​សង្កេតឃើញ​មានការ​កើនឡើង​នៃ​គម្រោង​អភិវឌ្ឍន៍​ដែល​គំរាមកំហែង​ទៅដល់​ការរស់រាន​របស់​សហ​គម​ន៍​នេសាទ ហើយ​គម្រោង​អភិវឌ្ឍន៍​បានដាក់​សម្ពាធ​ទៅលើ​ដែនសមុទ្រ​និង​តំបន់ឆ្នេរ​ដែលជា​បញ្ហា​បរិស្ថាន​ដ៏​សំខាន់​មួយ​ក្នុងចំណោម​បញ្ហា​បរិស្ថាន​នានា​នៅក្នុង​ប្រទេស​»​។​
 
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏បាន​សិក្សា​លើ​សហគមន៍​នេសាទ​ចំនួន ២ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ជី​ង គ័​រ អ៊ិម​ផត អ៊ិ​ក​ផត ខូ​អិ​ល​ធី​ឌី (Ching Kor Import Export Co.Ltd) នៅក្នុង​ខេត្តកំពត ដែលមាន​ជម្លោះ​ជាមួយ​ប្រជា​នេសាទ តាំងពី​ឆ្នាំ ២០១៥​។​
 
​របាយការណ៍​ក៏បាន​បង្ហាញ​គម្រោង​មួយចំនួនទៀត ដូចជា​គម្រោង​ហ្វ្រេ​ន រី​វើ​រ៉ា ម៉ា​រី​ណា ដែលជា​គម្រោង​រមណីយ​ដ្ឋា​ន​ដ៏​ធំ​សម្រាប់​ពហុ​វិស័យ ការបង្កើត​ទីក្រុង​ថ្មី​ដែល​ធ្វើ​ចាប់ពី​ជើងភ្នំ​បូកគោ​ទៅទល់​ភ្នំ​បូកគោ ការអភិវឌ្ឍ​ឆ្នេរ​នៅ​ខេត្ត​កែប ការសាងសង់​កំពង់ផែ​ទេសចរណ៍​ថ្មី​មួយទៀត ក៏ដូចជា​ការសាងសង់​កំពង់ផែ​សមុទ្រ និង​ទីក្រុង​រណប​ក្នុង​ខេត្តកំពត​។​
 
​បើតាម​របាយការណ៍ សហគមន៍​ព្រែក​ត្នោត​និង​ត្រពាំងរ​ពៅ ដែល​ស្ថិត​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត បាន​រង​ផលប៉ះពាល់ ដែល​នាំ​ឲ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​កើតក្ដី​ព្រួយបារម្ភ​អំពី​ការបណ្តេញចេញ​។​
 
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ជី​ង គ័​រ ដែលមាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ ជា​កម្មសិទ្ធិ​របស់លោក​ស្រី កែវ ម៉ាលី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​ទទួលមរណភាព កាលពី​ឆ្នាំ ២០២០​។​
 


​អគារ​ខ្ពស់ៗ​ជាច្រើន​នៅ​ក្រុងព្រះសីហនុ​អាច​មើលឃើញ​ពី​ចម្ងាយ ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។ (​ទុំ ម្លិះ​/​វី​អូ​អេ​)
 
VOA មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោកស្រី កែវ ស៊ុយ​ឆេង នាយក​ក្រុមហ៊ុន​ជី​ង គ័​រ តាម​លេខ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​បាន​នៅឡើយ​ទេ​។​
 
​លោក វណ្ណ សុផាត អ្នកសម្របសម្រួល​គម្រោង​ធានា​សុវត្ថិភាព​សិទ្ធិ​កាន់កាប់​និង​គ្រប់គ្រង​ដីធ្លី​និង​ធនធានធម្មជាតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាល​ត្រូវតែ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម ឲ្យ​មាន​តម្លាភាព​និង​ទូលំទូលាយ ស្រប​ពេលដែល​ការអភិវឌ្ឍ​នៅ​តំបន់ឆ្នេរ​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។​
 
​លោក​បន្តថា ប្រជា​សហគមន៍​មិន​ចង់បាន​ការអភិវឌ្ឍ​នៅ​តំបន់ឆ្នេរ​នោះទេ ដោយសារ​វា​ប៉ះពាល់​សោភ័ណភាព ជីវៈចម្រុះ​សមុទ្រ និង​ការនេសាទ​របស់​ពួកគេ​។​
 
​លោក​ប្រាប់ VOA ថា​៖ «​ពួកគាត់​គឺ​មិន​ចង់​ចាកចេញ​ទេ ហើយ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង បើ​ត្រូវធ្វើ​[​គម្រោង​អភិវឌ្ឍន៍​] ត្រូវតែ​ធ្វើការ​អភិវឌ្ឍ​នៅ​កន្លែង​ណា​ដែល​ពុំមាន​ប្រជាពលរដ្ឋ​ឬក៏​ប្រជា​នេសាទ​រក​ទទួលទាន​នៅ​ទីនោះ​»​។​
 
​អ្នកស្រី ត្លោះ សា​ឌះ អាយុ ៥០ ឆ្នាំ​ជា​សមាជិក​ម្នាក់​នៃ​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​ខេត្តកំពត មានប្រសាសន៍ថា ប្រជា​សហគមន៍​បាន​ជំទាស់​ការណ៍​ដែល​ក្រុមហ៊ុន​ចង់​ឲ្យ​ពួកគេ​ផ្លាស់​ទី​ទៅ​កន្លែង​ផ្សេង ដោយសារ​ក្រុមហ៊ុន​ជី​ង គ័​រ ចង់​អភិវឌ្ឍ​នៅ​តំបន់​នោះ​។​
 
​ប៉ុន្តែ​អ្នកស្រី​ថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ប្រមាណ​២​ពាន់​គ្រួសារ​មិន​ព្រម​ចាកចេញ​នោះទេ ដោយសារ​បារម្ភ​អំពី​ការបាត់បង់​ព្រៃកោងកាង និង​ការនេសាទ​នៅ​ទីនោះ​។ អ្នកស្រី​បន្តថា ប្រជាពលរដ្ឋ​បាន​ពឹង​ផ្អែកលើ​ការនេសាទ​នៅ​ទីនោះ​ជា​ចម្បង​។​
 
​អ្នកស្រី​ប្រាប់ VOA ថា​៖ «​សូម្បីតែ​ស្ត្រី​មេម៉ាយ​ចាស់ជរា ថ្ងៃៗ ទឹកនាច គាត់​ចុះទៅ​តែមួយ​ភ្លែត​បាន​បី​បួន​ម៉ឺន​របស់គាត់ យកមក រួច​មួយថ្ងៃ ចាយ​មួយថ្ងៃ​របស់គាត់​។ ហើយ​ចុះ​បើសិនជា​លុប​អាហ្នឹង​ទៅ​បាត់ ស្ត្រី​មេម៉ាយ​ចាស់ជរា​ហ្នឹង គាត់​ទៅរក​អី​? គាត់​ពឹង​អី​? គាត់​អត់​មានអី​ពឹង​ទេ​»​។​
 
​បើតាម​អ្នកស្រី សា​ឌះ កន្លងទៅ​ក្រុមហ៊ុន​បាន​ចាក់ដី​លុប​ឆ្នេរ ហើយ​អាជ្ញាធរ​ធ្លាប់បាន​ចុះមក​ហាមឃាត់ ទើប​មានការ​បញ្ឈប់​ទៅវិញ​។​
 
​អ្នកស្រី​បន្ថែមថា​៖ «​រាជរដ្ឋាភិបាល​គាត់​ជួយ​ទប់ស្កាត់​ផង ព្រោះ​អានេះ​ជា​រឿង​ធំ មិនមែន​រឿង​តូច​ទេ​។ កន្លែង​តំបន់​ខេត្តកំពត​នេះ បើសិនជា​អត់​បាន​ទប់ស្កាត់​ជាមុន​ទេ អស់ហើយ នៅតែ​កន្លែង​ហ្នឹង​មួយទៀត​ទេ​»​។​
 
​អភិបាល​ខេត្តកំពត លោក ជាវ តា​យ ប្រាប់​V OA នៅ​ថ្ងៃ​ពុធ​នេះ​ថា ជាធម្មតា​ការអភិវឌ្ឍ​តែងតែមាន​ផលប៉ះពាល់ ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​។​
 
​លោក​បន្តថា ការអភិវឌ្ឍ​នៅតាម​តំបន់ឆ្នេរ​ក្នុង​ខេត្តកំពត ជា​គម្រោង​ដែល​អនុញ្ញាត​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​អាជ្ញាធរខេត្ត​គ្រាន់តែ​ចូលរួម​ពិនិត្យមើល ដោយ​មិនមាន​ការសម្រេច​ចិត្តធំ​ដុំ​អ្វី​នោះទេ​។​
 
​លោក ជាវ តា​យ មានប្រសាសន៍ថា​៖ «​អាហ្នឹង​ពាក់ព័ន្ធ​តាម​ឆ្នេរ យើង​មិនមាន​សិទ្ធិ​សម្រេច​ទេ​។ គ្រាន់តែ​មានការ​ចូលរួម​»​។​
 
​លោក​បន្ថែមថា​៖ «​រយៈកាល​កន្លងមក ដូច​មិនមាន​ហានិភ័យ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ច្រើន​ផង​។ មុននឹង​នេះ​[​ការអភិវឌ្ឍ​តាម​ឆ្នេរ​]​ត្រូវ​សិក្សា​វាយតម្លៃ​ផលប៉ះពាល់​ជាមុន​»​។​
 
​បើតាម​អភិបាល​ខេត្តកំពត មាន​ក្រុមហ៊ុន​យ៉ាងតិច​ចំនួន​៤​កំពុង​សិក្សា​និង​វាយតម្លៃ​ហេតុ​ប៉ះពាល់​នៃ​ការអភិវឌ្ឍ​នៅ​តំបន់ឆ្នេរ ដែលមាន​គោលដៅ​ទេសចរណ៍​ជា​ចម្បង​។​
 
​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ ដោយ​ថា​រវល់​ប្រជុំ​។​
 
VOA ក៏​មិនទាន់​អាចទាក់ទង​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បានដែរ​។​
 
​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានការ​ពារ​ភាពស្របច្បាប់​និង​ការ​អនុវត្តតាម​នីតិវិធី​ដែល​បាន​ប្រកាន់យក​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តាម​តំបន់ឆ្នេរ​ទាំងនោះ​។​
 
​លោក​បន្តថា កន្លងទៅ​គម្រោង​អភិវឌ្ឍ​តាម​ឆ្នេរសមុទ្រ​មួយចំនួន​ក្នុង​ខេត្តកំពត​និង​កែប ត្រូវបាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ ដើម្បី​«​កាត់បន្ថយ​ផលប៉ះពាល់​ដែលមាន​ឲ្យ​បានជា​អតិបរមា​»​។​
 
​ប៉ុន្តែ​លោក​ថា លោក​មិនមាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​របស់​ក្រុមហ៊ុន ជី​ង គ័​រ ឡើយ​។​
 
​នៅក្នុង​របាយការណ៍ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏បាន​ជំរុញ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​រង​ផលប៉ះពាល់ អ្នកពាក់ព័ន្ធ​សំខាន់ៗ និង​អាជ្ញាធរ ប្រកបដោយ​អត្ថន័យ ទាន់ពេលវេលា មាន​តម្លាភាព និង​ដោះស្រាយ​នូវ​កង្វល់​របស់​ប្រជាពលរដ្ឋ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com