ជាតិ
សង្គមជាតិ
កម្ពុជា នឹងប្រារព្ធខួបសារមន្ទីរជាតិ ១០០ឆ្នាំ នៅខែមេសា
08, Feb 2021 , 8:59 am        
រូបភាព
 ភ្នំពេញ៖ កម្ពុជា នឹងប្រារព្ធខួបសារមន្ទីរជាតិ ១០០ឆ្នាំ នៅថ្ងៃទី២មេសាឆ្នាំ២០២១។ បើតាមលោក លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ ការប្រារព្ធខួបសារមន្ទីរជាតិនេះ គឺដើម្បីរំលឹកដឹងគុណដល់ស្ថាបនិកជាជនជាតិខ្មែរនិងបរទេសទាំងអស់ ដែលបានកសាងសារមន្ទីនេះឡើងសម្រាប់ពលរដ្ឋកម្ពុជា រហូតក្លាយសម្បត្តិបេតិកភណ្ឌរបស់ជាតិទាំងមូល។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូសម្ភាសរវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ជាមួយលោក លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ ដូចតទៅ៖


បើតាមលោក វិសុទ្ធ វត្តមាននៃសារមន្ទីរជាតិដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈកាល១០១ឆ្នាំកន្លងមកនេះ គឺបានរក្សាទុកនូវវត្ថុបុរាណជិត២ម៉ឺនប្រភេទ ដែលប្រមូល(សមុច្ច័យ)បានពីតំបន់នានា តាំងពីសម័យបង្កើតសារមន្ទីរជាតិមកម្ល៉េះ  និងប្រមូលបានមកវិញពីបរទេស តាមរយៈការទិញ និងអំណោយ ជាដើម។

«យើងយកទាំងអស់ហ្នឹង[វត្ថុបុរាណ]មករក្សាទុក ហើយ ក៏ដូចធ្វើការរៀបចំផ្សព្វផ្សាយអំពីសិល្បៈបុរាណខ្មែរយើងដែលបានបន្សល់ទុកមកនោះ ស្ទើគ្រប់សម័យកាលទាំងអស់»។ នេះជាការលើកឡើងរបស់លោក វិសុទ្ធ ដោយបន្តរៀបរាប់ថា វត្ថុបុរាណដែលមាននៅក្នុងសារមន្ទីរជាតិ គឺមានតាំងនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ,  សម័យប្រវត្តិសាស្ត្រមុនអង្គរ, សម័យអង្គរ, សម័យក្រោយអង្គរ និងសម័យទំនើប។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនារសៀលថ្ងៃទី៤កុម្ភៈ លោក វិសុទ្ធ បានបញ្ជាក់ថា វត្តមាននៃសារមន្ទីរជាតិនេះ គឺជាសមិទិ្ធផលដ៏មួយធំសម្រាប់កម្ពុជា ព្រោះវាជាប្រភពនៃការបណ្តុះបណ្តាលធនធានមនុស្សទៅលើវិស័យសិល្បៈបុរាណ។ នេះគឺជាសមិទិ្ធផល១០០ឆ្នាំ។
ប្រធាននាយកដ្ឋានសារមន្ទីរជាតិរូបនេះបន្តនិយាយដូច្នេះ៖«លើសពីនោះ រហូតមកដល់ពេលបច្ចុប្បន្ន យើងបានក្លាយទៅជានិម្មិតរូបមួយយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ដែលភ្ញៀវបរទេសទាំងអស់ គឺត្រូវតែចូលមកទស្សនាសារមន្ទីរជាតិកម្ពុជារបស់យើង ព្រោះវាជានិម្មតរូបតំណាងនៃបណ្តុំសិល្បៈបុរាណខ្មែរគ្រប់ប្រភេទ ដែលយើងប្រមូលបាន»៕


Tag:
 សារមន្ទីរជាតិ
  សមុច្ច័យ
  លោក ឆាយ វិសុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com