ជាតិ
សង្គមជាតិ
កម្មវិធីជជែកដេញដោលស្តីពីការផ្តល់សេវាសាធារណៈ ជំរុញឲ្យយុវជនយល់ដឹងពីគណនេយ្យភាពថវិកា
07, Feb 2021 , 4:41 pm        
រូបភាព
ក្រុម​និស្សិតដែលកំពុងជជែក​ដេញដោល​ស្តីពី«​ការ​ផ្តល់សេវាសាធារណៈ​ប្រកបដោយគុណភាព និងបរិយាបន្ន​»​នៅវគ្គ​ផ្តាច់ព្រ័ត្រនៅថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០២១​
ក្រុម​និស្សិតដែលកំពុងជជែក​ដេញដោល​ស្តីពី«​ការ​ផ្តល់សេវាសាធារណៈ​ប្រកបដោយគុណភាព និងបរិយាបន្ន​»​នៅវគ្គ​ផ្តាច់ព្រ័ត្រនៅថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០២១​
 
ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជាបានរៀបចំកម្មវិធីប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រស្តីពី«ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន»នាថ្ងៃទី៦ ខែកុម្ភៈ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងឲ្យយុវជនទទួលបានចំណេះដឹងផ្នែកសេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន។



កម្មវិធីនេះមានការចូលរួមពីនិស្សិតចំនួន២៦ក្រុមដែលមកពីបណ្តាសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។ ក្រុមនិស្សិតទាំង២៦ក្រុមនោះ គឺត្រូវប្រកួតគ្នាចំនួន៥វគ្គ ដែលប្រព្រឹត្តិទៅចាប់ពីខែតុលាឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១។ កម្មវិធីនេះត្រូវបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយជម្រុះបានចំនួន៤ក្រុម។

ក្រោយនិស្សិតទាំង៤ក្រុមនោះបានទទួលជ័យលាភីពីលេខ១ដល់លេខ៤ ពួកគេទាំងនោះនឹងទទួលបានឱកាសក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់យុវជន និងនិស្សិតផ្សេងទៀតនៅតាមបណ្ដាខេត្ត រួមទាំងចូលរួមហាត់ការជាមួយអង្គការតម្លាភាពកម្ពុជាផងដែរ។

លោក ប៊ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានបញ្ជាក់ថា ការប្រកួតជជែកដេញដោលនេះជាវេទិកាសម្រាប់ឲ្យយុវជនមានជំនាញក្នុងការជជែកដេញដោល អាចពិភាក្សា វែកញែក និងលើកឡើងពីគោលការណ៍នយោបាយ  ដើម្បីជំរុញឲ្យមានការផ្តល់សេវាសាធារណៈកាន់តែប្រកបដោយការឆ្លើយតប បរិយាបន្ន និងគណនេយ្យភាពក្នុងប្រទេស។

«រាជរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ជាច្រើន ក្នុងគោលបំណងពង្រឹងការផ្តល់សេវាសាធារណៈ រួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ ហិរញ្ញវត្ថុសាធារណៈ និងអភិបាលកិច្ច ការចូលរួមរបស់សាធារណជន ជាពិសេសយុវជន ក្នុងការពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ពិតជាមានសារៈសំខាន់ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសាធារណៈប្រកបដោយបរិយាបន្ន និងគណនេយ្យភាព»។ នេះជាការលើកឡើងរបស់លោក ប៊ិច ពិសី៕


© រក្សាសិទ្ធិដោយ thmeythmey.com