ជាតិ
កោះ​ព្រហ្មចារី ជា​សម្បត្តិ​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​
09, Feb 2021 , 8:29 am        
រូបភាព
​​ដោយ​៖ ហុង ស្រី​ណា​

​ភ្នំពេញ​៖ កោះ​ព្រហ្មចារី ជា​សម្បុក​ទេសចរណ៍​ដ៏​សំខាន់​របស់ «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​» ស្ថិតនៅ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ ទីតាំង​នោះ មាន​ចម្ងាយ​ប្រមាណ​តែ ១៧ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។​ឥឥឥ
​ភ្ញៀវទេសចរ ដែល​ទៅលេង​កម្សាន្ត​កោះ​ព្រហ្មចារី​យ៍ អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល​សម្បូរបែប ការ​ទស្សនា​សត្វ​ផ្សោត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ និង​ទស្សនា​សត្វ​ក្ដាន់ ដែលជា​សត្វ​កម្រ​ហើយ​នៅមាន​វត្តមាន​ក្នុង​តំបន់​នេះ​។ ភ្ញៀវទេសចរ ក៏​អាច​ជិះទូក កាណូត ដើម្បី​រង់ចាំ​មើល​សត្វ​ផ្សោត និង ស្ទួ​ច​ត្រី លេង​កម្សាន្ត​។ 
 
​កោះ​នេះ ត្រូវបាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ សហការ​ជាមួយ​អង្គការ WWF រៀបចំ​បង្កើត​សហគមន៍​ថ្មី​មួយ​ឡើង ឈ្មោះ​ជា​ផ្លូវការ​ថា «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​»​កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ ។ 




 
​អនុ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ លោក ប៉ុន សំបូរ បាន​បញ្ជាក់ថា ការបង្កើត​សហគមន៍​នេះ ក្នុង​គោលបំណង ផ្តល់ឱកាស​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​មាន​សិទ្ធិអំណាច​ក្នុងការ​គ្រប់គ្រង និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគមន៍​របស់ខ្លួន ព្រមទាំង​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ទេសចរណ៍​។ ម្យ៉ាងវិញទៀត ជាការ​លើកកម្ពស់​ជីវ​ភាព កាត់បន្ថយ​ការ​ចំណាកស្រុក ពិសេស​គឺ​ដើម្បី​ចូលរួម​ការពារ​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់ មានដូចជា​ធនធាន​ព្រៃឈើ សត្វព្រៃ ពិសេស​គឺ​សត្វ​ក្ដាន់ សត្វ​ផ្សោត​ជាដើម​។ 
 
​ដំបូង​ឡើយ អ្នកស្រុក​នៅ​ទីនោះ ហៅ​កោះ​នេះ​ថា «​កោះ​យ៉ៃ​»  ប៉ុន្តែ​លោក ឡូយ សុផាត អតីត​អភិបាល​ខេត្តក្រចេះ ដែល​បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​នៅលើ​កោះ​នេះ​មុនគេ បានស្នើ​ទៅ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដាក់ឈ្មោះ​កោះ​នេះ​ថា «​កោះ​ព្រហ្មចារី​យ៍​»​។ មូលហេតុ​ដែល​អតីត​អភិបាលខេត្ត​ក្រស​ចេះ​រូបនេះ ស្នើសុំ​ដាក់ឈ្មោះ «​កោះ​ព្រហ្មចារី​យ៍​» ដោយសារ​ទីតាំង​នោះ មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត ដែល​មិនទាន់មាន​ការកែច្នៃ និង​អភិវឌ្ឍន៍​ប្រៀបបាន​ដូចជា នារី​ក្រមុំ ៕











Tag:
 កោះ​ព្រហ្មចារី​
  ខេត្តក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com