ជាតិ
វត្ថុ​បុរាណ​៤​ទម្រង់ ត្រូវបាន​ពលរដ្ឋ​ប្រគល់ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា
09, Feb 2021 , 10:33 am        
រូបភាព
​ដោយ​៖ ប៉ូ សុភា 

​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ទទួលយក​វត្ថុ​បុរាណ​៤​ទម្រង់ ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែ​ណូយ​ខេត្តសៀមរាប ។ មន្ត្រី​ជំនាញ មិនទាន់​អាច​បញ្ជាក់​ពី​អាយុកាល​នៃ​វត្ថុ​បុរាណ​នៅឡើយ​ទេ​។ នេះ​បើតាម​មន្ត្រី​ទទួលបន្ទុក​ការងារ​ចុះបញ្ជី​វត្ថុ​សិល្បៈ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​។​



​វត្ថុ​បុរាណ​ទាំង​បួន​នោះ​រួមមាន ថ្មគោល​ធ្វើ​ពី​ថ្មភក់​ចំនួន​១ ព្រះ​ហ​ស្ថ​ឆ្វេង​ទេព​ស្រី​ធ្វើ​ពី​ថ្មភក់​១ ជើង​ទម្រ​ចំនួន​២ ។ ក្នុងនោះ​ជើង​ទម្រ​មួយ មាន​ចា​ជា​អក្សរ​ខ្មែរ​បុរាណ​ចំនួន​៤​ជ្រុង​នៅ​ផ្ទៃ​ចំហៀង​។ 
 
​លោក ឈូក សុ​ម៉ា​ឡា បាន​បញ្ជាក់ថា វត្ថុ​ទាំងនោះ ត្រូវបាន​ពលរដ្ឋ​យក​ចេញពី​ទីតាំង​ដើម ក្នុង​គោលបំណង​រក្សាទុក​បណ្តោះ​អាសន្ន ។ ប៉ុន្តែ​ក្រុមការងារ បានស្នើ​សុំឱ្យ​ពលរដ្ឋ​ប្រគល់​វត្ថុ​បុរាណ​នោះ មក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រក្សាទុក និង​សិក្សា​ស្រាវជ្រាវ សម្រាប់​ចុះបញ្ជី​កំណត់​អត្តសញ្ញាណ​វត្ថុ​បុរាណ​នោះ​ផង​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រី​ទទួលបន្ទុក​ការងារ​ចុះបញ្ជី​វត្ថុ​សិល្បៈ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ដ្បិត​នៅលើ​វត្ថុ​បុរាណ​ខ្លះ​មាន​សិលា​ច​រឹក និង​ឆ្នាំ​នៅលើ​នោះ​ក្តី ប៉ុន្ដែ​មន្ត្រី​ជំនាញ​មិនទាន់​អាច​កំណត់ និង​សន្និដ្ឋាន​អាយុកាល​របស់​វត្ថុ​បុរាណ​ទាំងនោះ​បានទេ​។ ដោយ​ពួកយើង​ត្រូវការ​ចូលរួម​ពី​អ្នកជំនាញ​សិលា​ចារិក ជាពិសេស​អ្នកចេះ​ភាសាសំស្ក្រឹត ដូច្នេះ​ត្រូវការ​ប្រើពេល​យូរ​បន្តិច » ។​
 
​លោក​ឈូក សុ​ម៉ា​ឡា ក៏​ស្នើឱ្យ​ពលរដ្ឋ​គ្រប់រូប ដែល​រើស​បាន​វត្ថុ​បុរាណ យកមក​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​រក្សាទុក នៅ​ទីតាំង​ដែលមាន​សុវត្ថិភាព ចៀសវាង​ការផ្លាស់ប្តូរ​ទីតាំង ដែលនាំឱ្យ​បាត់បង់ និង​ខូចខាត ៕
 

Tag:
 វត្ថុ​បុរាណ​
  ពលរដ្ឋ​
  មន្ត្រី​ជំនាញ​
  ថ្មភក់​
© រក្សាសិទ្ធិដោយ thmeythmey.com