ជាតិ
សង្គមជាតិ
ស្រ្តីម្នាក់បង្ហាញភាពស៊ីចស៊ីជ្រុល ត្រូវបានសមត្ថកិច្ច កោះហៅទៅធ្វើកិច្ចសន្យា
10, Feb 2021 , 11:42 am        
រូបភាព
រូបពី​ទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបពី​ទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
 
ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះ ម៉ឹង ស្រីនួន ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ J No Cosmetic ដែលបានឡាយបង្ហាញភាពស៊ីចស៊ីជ្រុល ដោយប្រើប្រាស់កាយវិការ និងសំដីអសីលធម៌មិនសមរម្យ ត្រូវបានសមត្ថកិច្ចកោះហៅទៅបំភ្លឺ ដោយឱ្យសុំទោសជាសាធារណ: និងធ្វើកិច្ចសន្យាបញ្ឈប់រាល់ទង្វើទាំងនោះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។



សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ J No Cosmetic និងមានម្ចាស់ឈ្មោះ ម៉ឹង ស្រីនួន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់អនឡាញ ដែលបានឡាយលក់ផលិតផលដោយបង្ហាញភាពស៊ិចស៊ីជ្រុលហួសហេតុ ឱ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃអង្គារ៍ទី០៩ ខែកុម្ភ: ឆ្នាំ២០២១ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា ក្រោយពីទទួលបានការអប់រំណែនាំស្រ្តីឈ្មោះ ម៉ឹង ស្រីនួន បានទទួលស្គាល់កំហុសរបស់ខ្លួន ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ ស្រ្តីរូបនោះ បានសុំអភ័យទោសជាសាធារណៈ ជាពិសេសស្ត្រីខ្មែរ និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាស កាយវិកា និងពាក្យសម្តីមិនសមរម្យតទៅទៀត។

ទោះជាយ៉ាងណា ស្ត្រីឈ្មោះ ម៉ឹង ស្រីនួន បានសំណូមពរ និងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋខ្មែរគ្រប់រូប រាល់កំហុសឆ្គងរបស់ខ្លួន ដែលជាទង្វើអាក្រក់ ធ្វើឱ្យសង្គមស្អប់ខ្ពើមផងដែរ។ នេះជាការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

កន្លងមកអ្នកវិភាគផ្នែកសង្គម បានវាយតម្លៃថា ស្ត្រីមួយចំនួនដែលបានធ្វើសកម្មភាពបង្ហាញភាពស៊ិចស៊ីជ្រុល ប្រើភាសាមិនសមរម្យ និងកាយវិការមិនគួរគប្បី បង្ហាញទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយធ្វើឱ្យធ្លាក់តម្លៃខ្លួនឯង និងធ្វើឱ្យប៉ះពាល់តម្លៃស្រ្តីទូទៅផងនោះ គឺទំនងមកពីពួកគេ មិនបានទទួលការអប់រំល្អ ចេញពីក្នុងបរិបទសង្គមគ្រួសារ ។ ជាពិសេសអាចមកពីម្ដាយឪពុកមិនបានណែនាំ តម្រង់ផ្លូវពួកគេឱ្យល្អតាំងតែពីក្មេងមក ។ ម្យ៉ាងទៀតអាចនិយាយបានថា ពួកគេគិតពីប្រយោជន៍ផ្ទាល់ខ្លួន និងប្រាក់ចំណូលជាធំ រហូតមិនខ្វល់ពីផលប៉ះពាល់ផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាត់វិធានការណ៍ជាប្រចាំ  ចំពោះបុគ្គលទាំងឡាយណា ដែលឡាយលក់ផលិតផល ដោយបានបង្ហាញភាពស៊ិចស៊ីជ្រុល ប្រើប្រាស់កាយវិការ និងសំដីអសីលធម៌ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ៕




Tag:
 ស្ត្រី
  ស៊ីចស៊ី
  ស្នងការដ្ឋាននគរបាល
  កិច្ចសន្យា
© រក្សាសិទ្ធិដោយ thmeythmey.com