ជាតិ
សុខភាព
ពលករខ្មែរមកពីថៃ២នាក់ទៀត បានជាសះស្បើយពីCOVID-19
11, Feb 2021 , 9:40 am        
រូបភាព
រូបថត៖ មន្ទីរសុខាភិបាល ខេត្តបាត់ដំបង
រូបថត៖ មន្ទីរសុខាភិបាល ខេត្តបាត់ដំបង
ភ្នំពេញ៖  នាព្រឹកថ្ងៃទី១១កុម្ភៈ ក្រសួងសុខភិបាលប្រកាសដំណឹងល្អចំពោះស្ត្រីខ្មែរជាពលករមកពីប្រទេសថៃចំនួន២នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩(COVID-19)។ ការជាសះស្បើយកូវីដ-១៩លើស្រ្តីទាំង២នេះ បានធ្វើឱ្យកម្ពុជាកើននូវអ្នកជាសះស្បើយចំនួន៤៥៩នាក់ ខណៈ១៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា។

 
ពលករដែលជាសះស្បើយពីកូវីដ-១៩នោះ មានម្នាក់វ័យ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបរវេល ខេត្តបាត់ដំបង។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីប្រទេសថៃកាលពីថ្ងៃទី១២មករា ឆ្នាំ២០២១។ រីឯស្ត្រីដែលជាពីកូវីដ-១៩មា្នក់ទៀត គឺមានវ័យ២៧ឆ្នាំ ជាអ្នករស់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ដែលបានមកដល់កម្ពុជាកាលពីថ្ងៃទី១៤កុម្ភៈ។  
 
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នស្រ្តីទាំងពីរនេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលធ្វើតេស្តអវិជ្ជមាន២ដង។ 
 
គិតត្រឹមថ្ងៃទី១១កុម្ភៈ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៧៨នាក់។ ក្នុងនោះមាន៤៥៩នាក់ និង១៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នានា៕ 
 

Tag:
 COVID-19
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com