កីឡាអន្តរជាតិ
អន្តរជាតិ
Everton ទម្លាក់ Spurs ពី FA Cup ឯ Barca ចាញ់ Sivilla ២-០ នៅ Copa ជើងទី១
11, Feb 2021 , 11:58 am        
រូបភាព
Everton បានទម្លាក់ Tottenham Hotspurs ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FA Cup។ Everton ឈ្នះ Spurs ក្នុងជំនួបជុំទី៥នារាត្រីថ្ងៃទី១០ ខែកុម្ភៈ ដោយលទ្ធផល ៥-៤ នៅ Goodison Park។ ក្នុងការប្រកួត Copa Del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ Seviila បានយកឈ្នះ Barcelona ក្នុងលទ្ធផល ២-០។


ជំនួបរវាង Everton និង Spurs បានឈានដល់ម៉ោងបន្ថែម១៥នាទីពីរដង ក្រោយបញ្ចប់ការប្រកួត៩០នាទីក្នុងលទ្ធផល ៤-៤។ នៅម៉ោងបន្ថែមលើកទី១នាទី៩៧ ខ្សែប្រយុទ្ធ Bernard បានសម្រេចទីគ្រាប់ជ័យជម្នះឱ្យក្រុមលោក Carlo Ancelotti ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយ FA Cup រដូវកាល ២០២០-២១នេះ។
 
៥គ្រាប់របស់ក្រុមរហស្សនាមស្កគ្រាប់ធ្វើបានដោយ Dominic Calvert-Lewin, Richarlison ២គ្រាប់, Gylfi Sigurdsson និង Bernard។ ឯ ៤គ្រាប់របស់ក្រុមលោក Jose Mourinho សម្រេចដោយខ្សែការពារ Davinson Sanchez ២គ្រាប់ម្នាក់ឯង រួមជាមួយ Erik Lamela និង Harry Kane។
 
ឯក្រុមផ្សេងទៀតដែលបានកៅអីទៅវគ្គ៨ក្រុមចុងក្រោយ FA Cup រួមមាន Manchester City តាមរយៈការឈ្នះ Swansea City ៣-១, Leicester City ដែលឈ្នះ Brighton ១-០ និង Sheffield United ដែលឈ្នះ Bristol City ១-០។
 
ដោយឡែកការប្រកួតពានរង្វាន់ Copa Del Rey នៅអេស្ប៉ាញឯណោះវិញ Seviila ក្នុងនាមជាម្ចាស់ជើងទី១ បានយកឈ្នះក្រុមខ្លាំង Barcelona ដោយលទ្ធផល ២-០។ ២គ្រាប់របស់ Seviila ធ្វើបានដោយ Jules Kounde និង Ivan Rakitic ដែលជាអតីតកីឡាកររបស់ Barca។ ជើងទី២ ដែលធ្វើនៅ Camp Nou នៅរាត្រីថ្ងៃទី៣ ខែមីនា។ មួយគេទៀត Athletic Bilbao ត្រូវស្វាគមន៍ Levante នៅជើងទី១ នារាត្រីថ្ងៃទី១១ ខែកុម្ភៈនេះ ហើយជើងទី២ នៅរាត្រីថ្ងៃទី៤ ខែមីនា៕ 
 

Tag:
 FA Cup
  Copa Del Rey
© រក្សាសិទ្ធិដោយ thmeythmey.com