ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ហេតុអ្វីចាំបាច់រួមបញ្ចូលប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃ?
12, Feb 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ថាតើរបបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់ល្អយ៉ាងណាខ្លះចំពោះសុខភាព?  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងឡើយ។ ទោះជាយ៉ាងណាកុំបារម្ភ! ក៏ព្រោះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរដឹងពីរបបអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន

 
១. ជួយរក្សាសុខភាពរឹងមាំ
 
ប្រូតេអ៊ីនជាសារធាតុចិញ្ចឹមដ៏ចាំបាច់បំផុតមួយដែលរាងកាយត្រូវការដើម្បីរក្សាបាននូវសុខភាពរឹងមាំប្រសើរ។ អាហារដែលជាប្រភពល្អបំផុតនៃប្រូតេអ៊ីនរួមមានសាច់ ទឹកដោះគោ ត្រី សណ្ដែកសៀង ស៊ុត សណ្ដែក និងពពួកសណ្ដែក legumes ជាដើម។
 
២. ប្រតេអ៊ីនទទួលខុសត្រូវសម្រាប់ការបង្កើតនិងជួសជុលជាលិកាដែលខូចខាត។
 
៣. ប្រូតេអ៊ីនក៏ចាំបាចសម្រាប់ការបង្កើតអ័រម៉ុននិងសារធាតុគីមីផ្សេងៗក្នុងរាងកាយផងដែរ។ អង់ស៊ីមដែលត្រូវបានគេចាត់ទុកថាជាកាតាលីករនៃប្រតិកម្មសារធាតុគីមីជីវសាស្ត្រក្នុងរាងកាយភាគច្រើន គឺជាប្រូតេអ៊ីន។
 
៤. ល្អសម្រាប់សុខភាពសាច់ដុំ សក់ និងស្បែក
 
ប្រូតេអ៊ីន គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពសាច់ដុំ ពង្រឹងសុខភាពស្បែក និងទប់ស្កាត់បញ្ហាសក់ជ្រុះ។ ដូច្នេះប្រសិនបើអ្នកចង់ទទួលបាននូវសាច់ដុំរឹងមាំ សក់មានសុខភាពល្អ និងស្បែកស្រស់ស្អាត នោះរបបអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន គឺសំខាន់សម្រាប់អ្នក។
 
៥. ជួយសម្រកខ្លាញ់ក្បាលពោះ
 
យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថានៅពេលអ្នកទទួលទានប្រូតេអ៊ីនគុណភាពខ្ពស់យ៉ាងហោចណាស់ ១០ ក្រាមនៃអាស៊ីតអាមីណូចាំបាច់រាល់ពេលអាហារនោះវាមានទំនាក់ទំនងផ្សារភ្ជាប់នឹងការស្រកខ្លាញ់ក្បាលពោះ។
 
៦. ប្រូតេអ៊ីនធ្វើឱ្យឆ្អែតបានយូរ
 
ក្រោយពេលទទួលទានអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនអ្នកនឹងមិនឆាប់ឃ្លានឡើយ! នេះមានន័យថាបរិមាណនៃកាឡូរីនឹងថយចុះទាបខណៈដែលអ្នកមិនទទួលទានច្រើន ហើយអ្នកប្រាកដជាអាចស្រកទម្ងន់កាន់តែឆាប់រហ័ស។
 
៧. ជួយឱ្យឆាប់គេងលក់
 
ប្រូតេអ៊ីនធ្វើឱ្យមានតុល្យភាពនៃការបញ្ជូនសារធាតុគីមីដែលផ្ដល់ថាមពលកំឡុងពេលថ្ងៃនិងសម្រាកបានស្រួលនៅពេលយប់។ នេះបើប្រៀបធៀបនឹងរបបអាហារមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់។
 
៨. បង្កើនថាមពលរាងកាយ
 
រាងកាយត្រូវការប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីដំណើរការមុខងារល្អប្រសើរ។ ប្រូតេអ៊ីនសំខាន់សម្រាប់ការចងចាំ ការគិត និងរាល់សកម្មភាពរាងកាយ។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកមិនទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ទេនោះសាច់ដុំរបស់អ្នកនឹងចាប់ផ្ដើមរួមតូចបន្តិចម្ដងៗ។ ជាលទ្ធផលអ្នកនឹងជួបប្រទះបញ្ហាខ្សោយកម្លាំង ឬខ្សោយសាច់ដុំ។
 
៩.​ ពង្រឹងសុខភាពខួរក្បាល
 
ប្រូតេអ៊ីនត្រូវបានចាត់ទុកជាអាហារចាំបាច់បំផុតមួយសម្រាប់សុខភាពខួរក្បាល។ វាជួយធ្វើឱ្យមុខងារខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។
 
១០. ពង្រឹងសុខភាពបេះដូង
 
ត្រីជាអាហារទូទៅបំផុតមួយដែលអ្នកនឹងទទួលទាននៅពេលជ្រើសរើសរបបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់។ ហើយភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាត្រីក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពសសៃឈាមបេះដូងទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។
 
១១. ពន្លឿនរយៈពេលជាសះស្បើយនៃរបួស
 
ប្រូតេអ៊ីនចាំបាច់ក្នុងការជួយឱ្យរបួសឆាប់ជា។ ប្រសិនបើរាងកាយព្យាបាលខ្លួនឯង វានឹងផលិត ឬជួសជុលជាលិកាឡើងវិញ។ ហើយប្រូតេអ៊ីន គឺត្រូវបានប្រើប្រាស់ដោយជាលិកាទាំងនេះក្នុងដំណើរការជួសជុល។ ដូច្នេះកង្វះប្រូតេអ៊ីនអាចបណ្ដាលឱ្យរបួសយូរជាជាងធម្មតា៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com