ជាតិ
វ៉ាក់សាំងប្រឆាំងកូវីដ១៩៖ ការពិត មិនមែននយោបាយ
11, Feb 2021 , 9:29 pm        
រូបភាព
រូបភាពដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
រូបភាពដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
ដោយ បណ្ឌិត អ៊ុន ឃាង
 ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១
 
ក្នុងរយៈពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ជំងឺកូវីដ១៩ បានបង្កអសិ្ថរភាពពិភពលោក ដោយបានធ្វើឱ្យមនុស្សជាង ២,៣ លាននាក់បាត់បង់ជីវិត និងមានមនុស្សជាង ១០៧លាននាក់បានឆ្លងជំងឺ។ ជំងឺរាតត្បាតនេះ ក៏បានបង្កបញ្ហាសេដ្ឋកិច្ច និងសង្គមដ៏រ៉ាំរ៉ៃនៅទូទាំងសាកលលោកទាំងមូល។ បើគិតឱ្យវិជ្ជមានទៅ អ្នកវិទ្យាសាស្ត្រ បានបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងល្បឿនមួយលឿនដែលមិនធ្លាប់មានពីមុនមក។ ការពិត នេះជាហេតុផលមួយសម្រាប់ការសាទរ។
 
ទោះបីជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ឈានមុខគេ ដែលផលិតដោយក្រុមហ៊ុន ដូចជា AstraZeneca, Pfizer, Moderna និង SinoPharm កំពុងស្ថិតក្រោមដំណើរការផលិតក៏ដោយ ក៏ពួកគេនៅពុំមានចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនទូទាំងពិភពលោកដែរ។ ការបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ៦០ម៉ឺនដូស ពីចិនមកកម្ពុជា គឺជាជំហានដំបូងដ៏មានសារសំខាន់ និងគួរឱ្យសាទរក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតសាកលនេះ សម្រាប់កម្ពុជា។ វាជាការពិតដែលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលផលិតដោយ SinoPharm កំពុងរង់ចាំការអនុម័តឱ្យប្រើប្រាស់ពីអង្គការសុខភាពពិភពលោក ដូចគ្នានឹងវ៉ាក់សាំងផ្សេងទៀត ដែលផលិតដោយក្រុមហ៊ុន Moderna និង AstraZeneca។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំទាំងនេះ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈនៅតាមបណ្តាប្រទេសលោកខាងលិចរួចមកហើយ។ វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ផលិតដោយ SinoPharm ត្រូវបានបង្ហាញថាមានសុវត្ថិភាព និងប្រសិទ្ធភាព ហើយប្រទេសជាច្រើននៅលើពិភពលោកបានអនុម័តទទួលស្គាល់ឱ្យមានការប្រើប្រាស់វា។
 
ក្នុងនាមជាមហាអំណាច ប្រទេសចិន ប្រើការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនដើម្បីបង្កើនអំណាចទន់ (Soft Power) របស់ខ្លួនដូចដែលធ្លាប់បានធ្វើជាមួយនយោបាយការទូតម៉ាសរបស់ខ្លួនដែលនេះជាសេចក្តីយោងមួយអំពីជំនួយវេជ្ជសាស្រ្តរបស់ចិនទៅដល់ប្រទេសនានាលើពិភពលោក ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ១៩ កន្លងមក។ ការស្រាវជ្រាវរបស់ខ្ញុំបានបង្ហាញថា ជំនួយរបស់ចិនដល់កម្ពុជាបានរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃការប្រយុទ្ធរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេស។ ក្នុងនាមជាប្រទេសមួយដែលមានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលទទួលបានជំនួយវ៉ាក់សាំងដំបូងគេពីប្រទេសចិន។ ក្នុងគ្រាលំបាកនេះ លទ្ធភាពទទួលបានវ៉ាក់សាំងមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសកម្ពុជា។ ប្រទេសអ្នកមានជាច្រើនបានធ្វើការបញ្ជាទិញជាមុននូវវ៉ាក់សាំងដែលផលិតដោយ AstraZeneca, Pfizer និង Moderna។ ដូចនេះវាត្រូវការពេលវេលាយូរណាស់ ដើម្បីឱ្យវ៉ាក់សាំងទាំងនេះ អាចទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា។ ហើយនៅពេលនោះទៀតសោត តម្លៃវ៉ាក់សាំង នឹងមានតម្លៃខ្ពស់ បើប្រៀបធៀបនឹងវ៉ាក់សាំងដែលផលិតនៅប្រទេសចិន។
 
ចំណុចសំខាន់បំផុតដែលខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះ គឺការធ្វើនយោបាយនីយកម្មដែលមិនមានភាពទទួលខុសត្រូវរបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិទៅលើកម្មវិធីចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យុអាស៊ីសេរី បានដកស្រង់សម្តីមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលបានអះអាងថា “រដ្ឋាភិបាលកម្ពុជា មានចេតនានយោបាយយកពលរដ្ឋខ្លួន ធ្វើជាឧបករណ៍សាកល្បងវ៉ាក់សាំង ដើម្បីផ្គាប់ចិត្តចិន”។ ការអះអាងបែបនេះ គឺគ្មានមូលដ្ឋាន និងមិនសមហេតុផលទាល់តែសោះ។ ក្នុងនាមជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យអាមេរិក ខ្ញុំឱ្យតម្លៃទៅលើសេរីភាពនៃការបញ្ចេញមតិ។ ប៉ុន្តែសេរីភាពនៃការបញ្ចេញមតិ ត្រូវការការទទួលខុសត្រូវ និងផ្អែកលើការពិត។ លើកលែងតែអ្នកដែលព្យាយាមស្វែងរកផលប្រយោជន៍នយោបាយគ្រប់ពេលវេលា ពុំមាននរណាម្នាក់ រួមទាំងប្រជាជនរបស់ពួកគេផងដែរ ជឿថា រដ្ឋាភិបាលជាច្រើននៅលើពិភពលោក តាំងពីកម្ពុជាដល់តួកគី ពីអេហ្ស៊ីបដល់ឥណ្ឌូនេស៊ី និងពីហុងគ្រីដល់អេមីរ៉ាតអារ៉ាប់រួម នឹងយល់ព្រមប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលផលិតដោយ SinoPharm ដើម្បីធ្វើបាបប្រជាជនរបស់ខ្លួន ក្នុងចេតនាផ្គាប់ចិត្តប្រទេសចិននោះឡើយ។
 
ពិភពលោកបានមើលឃើញសោកនាដកម្មដ៏ធ្ងន់ធ្ងររបស់អ្នកនយោបាយ ដែលបានធ្វើនយោបាយកម្មទៅលើបញ្ហាវិបត្តិកូវីដ១៩។ នៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ បាននាំយកសហរដ្ឋអាមេរិក ចូលទៅក្នុងសម័យកាលដ៏ខ្មៅងងឹតបំផុត ដោយសារតែការធ្វើនយោបាយកម្មរបស់លោកលើវិធានការបង្ការជំងឺកូវីដ១៩។ លោកបាននិយាយថា ការពាក់ម៉ាស់ និងអនុវត្តគម្លាតសុវត្ថិភាព គឺជាផែនការរបស់គូប្រជែងនយោបាយរបស់លោក ដើម្បីដកហូតសេរីភាពពីប្រជាជនអាមេរិកប៉ុណ្ណោះ។ ការក្លែងបន្លំភស្តុតាងវិទ្យាសាស្ត្រសម្រាប់ការកេងចំណេញនយោបាយ បានធ្វើឱ្យសហរដ្ឋអាមេរិក បាត់បង់អាយុជីវិតប្រជាជនខ្លួនជាងកន្លះលាននាក់ និងខាតបង់ថវិកាប្រមាណរាប់រយពាន់លានដុល្លារអាមេរិក។
 
ការធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ក្លាយជារឿងនយោបាយ របស់គណបក្សសង្គ្រោះជាតិ ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តស្អប់ខ្ពើម និងរើសអើងជនបរទេស។ អតីតគណបក្សនេះ បានព្យាយាមទាញយកប្រយោជន៍ពីការមិនពេញចិត្តរបស់ប្រជាជនកម្ពុជាមួយចំនួន ចំពោះការវិនិយោគរបស់ចិន ជាពិសេសនៅខេត្តព្រះសីហនុ ដែលបានបង្កជាបញ្ហាមួយចំនួន ដូចជាបញ្ហាឧក្រិដ្ឋកម្ម និងបញ្ហាសុវត្ថិភាពសាធារណៈ។ រដ្ឋាភិបាលកម្ពុជា បានដោះស្រាយបញ្ហាទាំងនេះ ជាមួយនឹងភាពជោគជ័យគួរឱ្យកត់សម្គាល់។ លើសពីនេះ ទោះបីមានបញ្ហាទាំងនេះក្តី ជំនួយរបស់ចិន និងការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បានបង្កើតជាមូលដ្ឋានគ្រឹះមួយសម្រាប់ឱ្យសេដ្ឋកិច្ចកម្ពុជា អាចពឹងផ្អែកលើខ្លួនឯងបាន និងមានកំណើនបែបចីរភាព។ យុទ្ធសាស្រ្តស្អប់ខ្ពើមបរទេសរបស់អតីតគណបក្សសង្គ្រោះជាតិជុំវិញវ៉ាក់សាំងប្រឆំាងនឹងជំងឺកូវីដ១៩ អាចមានផលវិបាកធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា។ ការចោទប្រកាន់មិនពិតប្រាកដ និងមិនមានភាពទទួលខុសត្រូវ អំពីគ្រោះថ្នាក់ដែលអាចកើតមាននៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន SinoPharm អាចធ្វើឱ្យប៉ះពាល់ដល់កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ វាអាចធ្វើឱ្យប្រជាជនមានភាពស្ទាក់ស្ទើរ ក្នុងការទទួលយកការចាក់វ៉ាក់សាំង។ ប្រសិនបើមានប្រជាជនច្រើនគួរសមបដិសេធមិនទទួលការចាក់វ៉ាក់សាំងនេះ នោះគោលដៅនៃការបង្កើតប្រព័ន្ធភាពស៊ាំក្នុងសហគមន៍នឹងបរាជ័យ។ ហើយប្រសិនបើរឿងនោះកើតឡើង ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលតាមពិតទៅ អាចបានចៀសវាងបានតាមរយៈកម្មវិធីចាក់វ៉ាក់សាំង បែរជាត្រូវរាតត្បាតកាន់តែខ្លាំងឡើង ហើយការខាតបង់លើសង្គមកម្ពុជាក៏អាចនឹងកាន់តែធ្ងន់ធ្ងរ។
 
*បណ្ឌិត អ៊ុន ឃាង គឺជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
**អត្ថបទទស្សនៈអ្នកនិពន្ធនេះត្រូវបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ ខ្លឹមសារនៃអត្ថបទនេះគឺជាគំនិតរបស់អ្នកនិពន្ធផ្ទាល់ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com