ជាតិ
សង្គមជាតិ
រកឃើញ​កូ​វីដ ១​ករណី​ទៀត ខណៈ​អ្នកជំងឺ​៤​នាក់​ជាសះស្បើយ​
12, Feb 2021 , 9:31 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​បន្ត​រកឃើញ​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19)  លើ​ស្ត្រី​ម្នា​ក់វ័យ​៥២​ឆ្នាំ​ម្នាក់ទៀត ដែល​ទើប​មកពី​ប្រទេស​ថៃ ខណៈ​អ្នកជំងឺ​៤​នាក់ បានជា​សះស្បើយ ។ នេះ​បើតាម​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ​។​

 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ស្ត្រី​ដែល​បាន​ឆ្លង​COVID-19​ខាងលើ​នោះ គឺមាន​អាសយដ្ឋាន​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយបាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៩ កុម្ភៈ​។ បច្ចុប្បន្ន​ស្ត្រី​រូបនេះ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។ 
 
​ដោយឡែក មនុស្ស​ចំនួន​៤​នាក់​ដែលជា​សះស្បើយ​ពី​COVID-19​វិញ មាន​កុមារា​ជនជាតិ​ឥ​ណ្ឌ​នេ​ស៊ី អាយុ​១​ឆ្នាំ មាន​អា​ស្រ​យ​ដ្ឋា​ន​នៅ​ខេត្តសៀមរាប​។ កុមារា​នេះ គឺជា​កូន​របស់​បុរស​វ័យ​៣៤​ឆ្នាំ និង​ស្ត្រី​វ័យ​៣៣​ឆ្នាំ ដែលមាន​ជាសះស្បើយ​ជំងឺ​នេះ កាលពី​ថ្ងៃទី​២៨​មករា​។ ក្រុមគ្រួសារ​របស់​កុមារា​នេះ បាន​មកដល់​កម្ពុជា នា​ថ្ងៃទី​១២​មករា ឆ្នាំ​២០២១​។ 
 
​ចំពោះ​អ្នក​ដែល​បានជា​សះស្បើយ​ពី​COVID-19​ម្នាក់ទៀត គឺជា​ស្ត្រី​ជា​ជនជាតិខ្មែរ អាយុ​៦០​ឆ្នាំ​ម្នាក់ ស្នាក់​នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ស្ត្រី​រូបនេះ បានធ្វើ​ដំណើរ​មកពី​អាមេរិក បន្ត​ជើង​ហោះ​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២២​មករា ខណៈ​ស្ត្រី​ខ្មែរ​ម្នាក់ទៀត មកពី​ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​២០​មករា ក៏បាន​ជា​ពី COVID-19 ផងដែរ​។ 
 
​រីឯ បុរស​ជនជាតិខ្មែរ វ័យ​៥០​ឆ្នាំ ដែលមាន​អាសយដ្ឋាន​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ក៏បាន​ជាសះស្បើយ​ពី​ជំងឺ​ដែរ​។ បុរស​រូបនេះ បានធ្វើ​ដំណើរ​មកពី​អាមេរិក ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​២២​កុម្ភៈ​។  បើតាម​ក្រសួង​សុខ​ភិ​បាល បច្ចុប្បន្ន អ្នក​ទាំងនេះ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​លទ្ធផល​តេស្ត​បង្ហាញ​អវិជ្ជមាន​២​ដង​នៃ​វីរុស​កូ​វីដ​-១៩​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១២​កុម្ភៈ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ៤៧៩​ករណី​។ ក្នុងនោះ មាន​ករណី​ជាសះស្បើយ​៤៦៣ ខណៈ​១៦​ករណី​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា​៕ 

Tag:
 COVID-19
  ប៉ៃលិន​
© រក្សាសិទ្ធិដោយ thmeythmey.com