អន្តរជាតិ
រញ្ជួយដីកម្រិត៧,៣ រិចទ័រ វាយប្រហារលើជប៉ុន បង្កឲ្យមានអ្នករបួសលើសពី ១០០នាក់
14, Feb 2021 , 3:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅតំបន់ភាគឦសាន នៃប្រទេសជប៉ុន នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ដោយបង្កឱ្យមនុស្សច្រើនជាង ១០០នាក់របួស និងដាច់ភ្លើងជាច្រើនកន្លែង។ តំបន់រញ្ជួយដីនេះ ធ្លាប់រងគ្រោះ ដោយសារគ្រោះរញ្ជួយដី និងរលកស៊ូណាមិ កាលពី១០ឆ្នាំមុន។

 
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន កំពុងសស្រាក់សស្រាំប្រមូលព័ត៌មាន ជុំវិញការខូតខាត, ចំនួនជនរងគ្រោះ និងព័ត៌មានផ្សេងទៀត។ តាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី មនុស្សច្រើនជាង ១០០នាក់ បានរងរបួស និងមិនអ្នកស្លាប់ទេ។ កន្លែងរញ្ជួយដីនេះ កើតឡើងនៅក្នុងខេត្ត Fukushima និងតំបន់ជិតខាងផ្សេងទៀត។ 
 
ខេត្តFukushima នេះ ធ្លាប់រងគ្រោះដោយសាររញ្ជួយដី និងរលកស៊ូណាមិម្តងហើយ នៅក្នុងឆ្នាំ២០១១ ដែលកាលនោះបង្កឱ្យមានការខូតខាត និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនលានដុល្លារ។ សូម្បីតែរោងចក្រថាមពលនុយក្លេអ៊ែរ ក៏ត្រូវបានបំផ្លាញ ដោយគ្រោះមហន្តរាយនោះដែរ។ 
 
គ្រោះរញ្ជួយដី ដែលមានកម្រិតបឋម ៧,៣ រិចទ័រនេះ បានកើតឡើងនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ និងបានធ្វើឱ្យដាច់ភ្លើងប្រមាណជាង ៩០ម៉ឺនគ្រួសារ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo មកទល់ពេលនេះ មិនទាន់មានការរាយការណ៍លើទំហំខូតខាតធ្ងន់ធ្ងរនៅឡើយទេ។ 
 
ដ្បិតមានគ្រោះរញ្ជួយដីក្នុងកម្រិតខ្លាំងបែបនេះមែន ប៉ុន្តែទីភ្នាក់ងារឧតុនិយមបានអះអាងថា វាមិនបានបង្កឱ្យមានរលកស៊ូណាមិកើតឡើងឡើយ។ គ្រោះរញ្ជួយដីមានជម្រៅចំនួន ៦០គីឡូម៉ែត្រ និងបង្កឱ្យមានកម្រិតរញ្ជួយដល់ទីក្រុងតូក្យូ។ 
 
គួររំលឹកថា នៅក្នុងឆ្នាំ២០១៨ កន្លងទៅ រញ្ជួយដីមួយបានវាយប្រហារលើកោះ Hokkaido ក្នុងកម្រិត ៦,៦ រិចទ័រ ដែលបង្កឱ្យមានបាក់ដី បំផ្លាញផ្ទះសម្បែង និងសម្លាប់មនុស្សច្រើនជាង ៤០នាក់៕ 
 

Tag:
 ជប៉ុន
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com