តួលេខអ្នកកើតកូវីដ-១៩លើពិភពលោក ឡើងដល់ជាង១០៩លាននាក់ហើយ ដោយគិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈនេះ។ ក្នុងចំណោមនោះ អ្នកស្លាប់មានជាង២,៤១លាននាក់ និងសះស្បើយជាង៨១,៤៦លាននាក់។ សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេ។
សហរដ្ឋអាមេរិក មានករណីវិជ្ជមានកូវីដ-១៩ ឡើងដល់ជាង២៨,២៦លាននាក់ ខណៈឥណ្ឌាឡើងជិត១១លាននាក់ និងប្រេស៊ីលជាង៩,៨៣លាននាក់។ រុស្ស៊ី និងចក្រភពអង់គ្លេស មានជាង៤លានករណីរៀងៗខ្លួន រីឯបារាំងមានជាង៣,៤៦លាននាក់ និងអេស្ប៉ាញជាង៣លាននាក់។
ប្រទេសដែលមានករណីឆ្លងជាង២លាន រួមមាន អ៊ីតាលី តួកគី អាល្លឺម៉ង់ កូឡុំប៊ី និងអាហ្សង់ទីន។ ម៉ិកស៊ិកមានជិត២លាន ចំណែកឯ ប៉ូឡូញ អ៊ីរ៉ង់ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន ប៉េរូ ឥណ្ឌូណេស៊ី ឆេក និងហូឡង់ មានជាង១លានករណីរៀងៗខ្លួន។
កាណាដា មានជាង៨០ម៉ឺនករណី រីឯព័រទុយហ្គាល់ ស៊ីលី រូម៉ានី បែលហ្ស៊ិក និងអ៊ីស្រាអែល មានជាង៧០ម៉ឺនករណី។ អ៊ីរ៉ាក់ ស៊ុយអែត ប៉ាគីស្ថាន ហ្វីលីពីន ស្វីស និងបង់ក្លាដែស ស្ថិតក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងលើសកន្លះលាននាក់។
ក្នុងចំណោមអ្នកស្លាប់ជាង២,៤១លាននាក់ សហរដ្ឋអាមេរិក មានជិត៥០ម៉ឺន ប្រេស៊ីលជិត២៤ម៉ឺន ម៉ិកស៊ិកជិត១៧,៥ម៉ឺន ឥណ្ឌាជាង១៥,៥ម៉ឺន ចក្រភពអង់គ្លេសជាង១១,៧១ម៉ឺន អ៊ីតាលីជាង៩ម៉ឺន បារាំង និងរុស្ស៊ី ជាង៨ម៉ឺននាក់។
ករណីស្លាប់ពីជាង៣ម៉ឺននាក់ដល់ជាង៦ម៉ឺននាក់ មានអាល្លឺម៉ង់ អេស្ប៉ាញ អ៊ីរ៉ង់ កូឡុំប៊ី អាហ្សង់ទីន អាហ្វ្រិកខាងត្បូង ប៉េរូ ប៉ូឡូញ និងឥណ្ឌូណេស៊ី។
រីឯបណ្តាប្រទេសដែលមានករណីអ្នកស្លាប់ក្នុងរង្វង់ជាង១ម៉ឺន និង២ម៉ឺននាក់ រួមមាន តួកគី អ៊ុយក្រែន បែលហ្ស៊ិក កាណាដា ស៊ីលី រូម៉ានី ឆេក ព័រទុយហ្គាល់ អេក្វាឌ័រ ហូឡង់ ហុងគ្រី អ៊ីរ៉ាក់ ស៊ុយអែត ប៉ាគីស្ថាន ហ្វីលីពីន និងបូលីវី៕