អន្តរជាតិ
តុលាការ​មី​យ៉ាន់​ម៉ា ពន្យារពេល​ឃុំខ្លួន​លោកស្រី ស៊ូ​ជី ពីរ​ថ្ងៃ​ទៀត
15, Feb 2021 , 4:02 pm        
រូបភាព
រូបថត AFP
រូបថត AFP
​មេដឹកនាំ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី នឹងត្រូវ​ជាប់ឃុំ​ឃាំង​ពីរ​ថ្ងៃ​ទៀត​។ នេះ​ការបញ្ជាក់​របស់​មេធាវី​លោកស្រី​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​។ តុលា​ការមិន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​។

 
 
 
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវ​យោធា​មី​យ៉ាន់​ម៉ា ចាប់ឃុំខ្លួន​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ពេលដែល​យោធា​ប្រកាស​រដ្ឋប្រហារ​។ ក្រោយមក លោកស្រី និង​ប្រ​ធា​ធិបតី Win Myint ក៏​រង​ការចោទប្រកាន់​ពីរ​ដោយឡែក​ពីគ្នា ហើយ​ត្រូវ​ឃុំខ្លួន​១៤​ថ្ងៃ គិតពី​ថ្ងៃទី​១ ខែ​ដដែល​។ មកដល់​ថ្ងៃទី​១៥ ខែកុម្ភៈ លោកស្រី នៅ​មិនទាន់​ត្រូវបាន​ដោះលែង​ឡើយ​។​
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រុង​ណៃ​ពិដោ លោក​មេធាវី Khin Maung Zaw បាន​ស្រង់​សម្តី​របស់​ចៅក្រម​ថា លោកស្រី​ស៊ូ​ជី នឹង​បន្ត​ជាប់ឃុំ​រហូតដល់​ថ្ងៃទី​១៧ ខែកុម្ភៈ​។ «​ផ្អែក​ទៅតាម​ចៅក្រម​, ការឃុំខ្លួន ត្រូវធ្វើ​ដល់​ថ្ងៃទី​១៧ មិនមែន​ថ្ងៃនេះ​ទេ​»​។ លោក​មេធាវី​លោកស្រី ស៊ូ​ជី បានបញ្ជាក់​បែបនេះ ដោយ​បន្ថែមថា លោក​នឹង​ព្យាយាម​ជួប​ជាមួយ​លោកស្រី ស៊ូ​ជី ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy​។  
 
​ចៅក្រម​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការពន្យារពេល​ឃុំខ្លួន​ទេ​។ មិនតែប៉ុណ្ណោះ ចៅក្រម​ក៏​មិនបាន​បញ្ជាក់​ពី​ការពន្យារ​ពេលនេះ នឹង​អនុវត្ត​លើ​លោក Win Myint ដែរ​ទេ​យ៉ាង​ឡើយ​។ 
 
​នៅពេល​ត្រូវ​សួរថា តើ​ដំណើរការ​រឿងក្តី​នេះ នឹង​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ឬ​យ៉ាងណា លោក Khin Maung Zaw បញ្ជាក់ថា គឺ​អាស្រ័យ​លើ​ប្រជាជន​ជា​អ្នក​យល់ឃើញ​។ បើតាម​លោក​មេធាវី ការបង្ហាញ​ខ្លួន​លើកដំបូង​របស់លោក​ស្រី ស៊ូ​ជី នៅក្នុង​សវនាការ​អាចធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ​។ ក្នុង​សវនាការ​តាម​វីដេអូ​នេះ តុលាការ​នឹង​សួរ​លោកស្រី ស៊ូ​ជី ថា​តើ​ត្រូវការ​មេធាវី​ការពារ​ខ្លួន​ឬទេ​? មកទល់ពេលនេះ លោក Khin Maung Zaw មិនដែល​បាន​ជួប​លោកស្រី​ស៊ូ​ជី​នៅឡើយ​ទេ​។ 
 
​គួររំលឹកថា បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់​រដ្ឋាភិបាល​ស៊ីវិល មន្ត្រីប៉ូលិស នៅ​ថ្ងៃទី​៣ ខែកុម្ភៈ បាន​ចូលទៅ​ឆែកឆេរ​ផ្ទះ​លោកស្រី​ស៊ូ​ជី ដោយបាន​រកឃើញ​វិទ្យុ និង​ឧបករណ៍ ដែល​នាំចូល​ខុសច្បាប់​។ បញ្ហា​នេះ ត្រូវបាន​តុលារ​ការចេញ​បញ្ជា​ឱ្យ​ឃុំខ្លួន​លោកស្រី ១៤​ថ្ងៃ​។ ក្នុង​ថ្ងៃ​ដដែល​នោះ ប៉ូលិស ក៏បាន​ចោទ លោក Win Myint ផងដែរ​។ 
 
​មកដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ប្រជាជន​មី​យ៉ាន់​ម៉ា​ជាច្រើន​ពាន់​នាក់ នៅតែ​បន្ត​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី ស៊ូ​ជី ដដែល ទោះ​រដ្ឋាភិបាលយោធា បាន​ចល័ត​រថពាសដែក និង​រថយន្តយោធា​មួយចំនួន នៅក្នុង​ទីក្រុង​ធំ​មុន​មួយថ្ងៃ​ក៏ដោយ​។ ចំណែក​អ៊ីនធឺណិត ដែល​បាន​កាត់ផ្តាច់​តាំងពី​ពាក់កណ្តាល់​យប់នោះ ក៏ត្រូវ​បាន​ត​ភ្ជាប់​ឡើងវិញ​ដែរ នៅ​ម៉ោង​៩​ព្រឹក ខណៈពេល​បណ្តាញ​សង្គម នៅតែ​បន្ត​រឹតត្បិត​៕ 

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com