ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឆ្លង​មេរោគ​នៅ​នឹង​មុខរបួស​ពី​ការវះកាត់​ពោះវៀនធំ​បង្កើន​ហានិភ័យ​នៃ​ការ​កកឈាម​
18, Feb 2021 , 6:59 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​និយាយថា អ្នកជំងឺ​វះកាត់​ពោះវៀនធំ​-​រន្ធ​គូថ​ដែល​វិ​វត្ត​ទៅជា​មានការ​ឆ្លង​មេរោគ​ត្រង់​កន្លែង​វះ គឺមាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​កកឈាម​។​អ្នកស្រាវជ្រាវ​បាន​ពិនិត្យមើល​អ្នក​មនុស្សពេញវ័យ​៦១៥​នាក់​ដែល​បានធ្វើ​ការវះកាត់​ពោះវៀនធំ​-​រន្ធ​គូថ ហើយ​បាន​រកឃើញថា ២៥​នាក់​នៃ​ពួកគេ (៤%) បាន​វិ​វត្ត​ទៅជា​ការ​កកឈាម​ដែល​ត្រូវបាន​គេ​ស្គាល់​ថា កំណក​ឈាម​នៅក្នុង​សរសៃឈាម​វ៉ែន ក្នុង​រយៈពេល​១​ខែក្រោយ​ការវះកាត់​។​

 
១៤​នាក់​នៃ​អ្នកជំងឺ (៥៦%) ក៏មាន​ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះ បើ​ធៀប​ទៅនឹង​អ្នកជំងឺ​១៦៨​នាក់ (២៨,៥%) មិនមាន​កំណក​ឈាម​នៅក្នុង​សរសៃឈាម​វ៉ែន​នោះទេ​។ ៩​នាក់​ក្នុងចំនោម​១៤​នាក់​នៃ​អ្នក​ដែលមាន​កំណក​ឈាម​, ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះ​បាន​កើតមានឡើង​មុន ឬ​ក្នុង​ថ្ងៃ​តែមួយ​។​
 
​អ្នកជំងឺ​ដែលមាន​ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះ​គឺ​ហាក់ដូចជា​ងាយ​នឹង​វិ​វត្ត​៤​ដង​ទៅជា​កំណក​ឈាម​នៅ​នឹង​ជើង ឬ​ការស្ទះ​សួត បើ​ធៀប​ទៅនឹង​អ្នកជំងឺ​ដែល​មិនមាន​ការឆ្លង​មេរោគ​នោះ​។​ការស្ទះ​សួត​កើតមានឡើង​នៅពេលដែល​កំណក​ឈាម​នៅក្នុង​ផ្នែក​ណាមួយ​នៃ​ខ្លួន​បាន​បែក ហើយ​បានធ្វើ​ដំណើរ​ទៅក្នុង​សួត​។​
 
​ក្នុងចំនោម​អ្នកជំងឺ​ដែល​បាន​វិ​វត្ត​ទៅជា​កំណក​ឈាម​, ៩២%​បានទទួល​ថ្នាំ​អោយ​ឈាមរាវ និង​បានទទួល​ការព្យាបាល​ការពារ​ពី​ការ​កកឈាម​ដទៃទៀត​។ នេះ​ដោយ​យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of the American College of Surgeons​។​
 
​អ្នកស្រាវជ្រាវ​បាន​និយាយថា ការស្រាវជ្រាវ​នេះ​បង្ហាញថា វិធីសាស្ត្រ​នៃ​ការការពារ​កំណក​ឈាម​មិន​តែងតែមាន​ប្រសិទ្ធភាព​នោះទេ​។​វេជ្ជបណ្ឌិត សូ​សាន ហ្គៀ​ហាត (Susan Gearhart) ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​ជំងឺ​វះកាត់​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Johns Hopkins បាន​និយាយថា យើង​ត្រូវការ​ការអះអាង​ច្បាស់​អំពី​ឥទ្ធិពល​នៃ​ដុំ​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​ចំពោះ​អ្នកជំងឺ​ដែលមាន​ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះកាត់​។​
 
​ហ្គៀ​ហាត​បាន​បង្ហាញថា យើង​ត្រូវតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​វះកាត់​ពោះវៀនធំ​-​រន្ធ​គូថ​ដែល​បាន​វិ​វត្ត​ទៅជា​ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះកាត់ ហើយ​តាមដាន​ជា​ញឹកញាប់​ចំពោះ​កំណក​ឈាម​ដែល​អាច​ត្រូវបាន​តាមដាន​ដោយ​ការធ្វើ​អេកូ​។ អ្នកជំងឺ​ទាំងនេះ​គួរតែ​ត្រូវ​បានអោយ​ថ្នាំ​កុំអោយ​ឈាមកក​ក្នុង​រយៈពេល​៣០​ថ្ងៃក្រោយ​ការវះកាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com