COVID-19
អន្តរជាតិ
Pfizer ថា វ៉ាក់សាំង​ខ្លួន​ថយ​ប្រសិទ្ធភាព​មួយ​ភាគ​ទល់នឹង​កូ​វីដ​-១៩ ទម្រង់​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង​
18, Feb 2021 , 5:21 pm        
រូបភាព
ក្រុមហ៊ុនផលិតឱសថ Pfizer។ រូបភាព៖AFP
ក្រុមហ៊ុនផលិតឱសថ Pfizer។ រូបភាព៖AFP
ដោយ:
​លទ្ធផល​នៃ​មន្ទីរពិសោធន៍​បង្ហាញថា មេរោគ​កូ​វីដ​-១៩ ទម្រង់​ថ្មី​ដែលមាន​ប្រភពពី​អាហ្វ្រិក​ខាងត្បូង អាច​នឹង​កាត់បន្ថយ​សមត្ថភាព​ក្នុងការ​បង្កើត​ភាពស៊ាំ​របស់​វ៉ាក់សាំង Pfizer/BioNTech រហូតដល់​ទៅ​២​ភាគ​៣​។ នេះ​បើតាម​ការប្រកាស​សរប​ស់​ក្រុមហ៊ុន Pfizer នៅ​ថ្ងៃទី​១៨ ខែមករា​។ ក្រុមហ៊ុន​Pfizer ក៏​អះអាងថា ខ្លួន​ពុំទាន់​អាច​បញ្ជាក់​ឱ្យ​ប្រាកដ​ឡើយ​ថា វ៉ាក់សាំង​ដែល​ខ្លួន​អភិវឌ្ឍ អាច​នឹងមាន​ប្រសិទ្ធភាព​ប្រឆាំង​ទៅនឹង​ការ​បំប្លែង​ខ្លួន​ថ្មីៗ​ទៀត​នៅពេល​អនាគត​ឬ​យ៉ាងណា​ឡើយ​។​

 
​ក្នុងការ​ស្រាវជ្រាវ​រវាង​សាខា​សាកលវិទ្យាល័យ​វេ​ជ្ជា​សាស្ត្រ​តិច​សាស់ (UTMB) និង​ក្រុមហ៊ុន Pfizer អ្នកវិទ្យាសាស្ត្រ​យក​វីរុស​ដែលមាន​ទម្រង់​ថ្មី ទៅធ្វើ​តេស្ត​លើ​ឈាម​របស់​អ្នក​ដែល​ទទួលបាន​វ៉ាក់សាំង​Pfizer ។ ការស្រាវជ្រាវ​នេះ បង្ហាញថា ការណ៍​ដែល​ធ្វើ​មេរោគ​លែង​រីកលូតលាស់​ធ្លាក់ចុះ​ដល់​ទៅ​ជាង​២​ភាគ​៣ ធៀប​ទៅនឹង​ការធ្វើ​តេស្ត​ផ្សេងទៀត​។​
 
​លើសពីនោះ អ្នកវិទ្យាសាស្ត្រ​មិនទាន់​ច្បាស់​ទេ​ថា ការថយចុះ​ជាង​២​ភាគ​៣​នេះ នឹង​ធ្វើឱ្យ​វ៉ាក់សាំង​លែង​អាច​ប្រើ​ការកើត​ក្នុងការ​ទប់ស្កាត់​ទម្រង់​ថ្មី​របស់​មេរោគ​នៅឡើយ​នោះទេ​។ ប៉ុន្តែ​លោក Pei-Yong Shi សាស្ត្រាចារ្យ និង​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ UTMB ជឿថា​វ៉ាក់សាំង Pfizer នៅ​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ទម្រង់​ថ្មី​នេះ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។​
 
«​យើង​មិនទាន់​ដឹង​តួលេខ​អ​ប្បរមា​ក្នុងការ​បញ្ឈប់​ការឆ្លង​មេរោគ​ឡើយ​។ យើង​មិនមាន​តួលេខ​ច្បាស់លាស់​ឡើយ​»​។ យ៉ាងណាក្តី លោក​សង្ស័យថា ការឆ្លើយតប​របស់​ប្រព័ន្ធ​ភាពស៊ាំ ទំនងជា​អាចមាន​កម្រិត​ខ្ពស់​លើសពី​ការចាំបាច់​ក្នុងការ​បង្កើត​ការការពារ​ពី​ជំងឺ​។​
 
​បើទោះបីជា​វ៉ាក់សាំង​ថមថយ​ប្រសិទ្ធភាព​ក៏ពិតមែន វ៉ាក់សាំង​នេះ​នៅ​អាច​ផ្តល់​ការការពារ​ខ្លះ​ប្រឆាំងនឹង​ការឈឺ​ធ្ងន់ និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ សម្រាប់​អ្នកជំនាញ​សុខភាព​អ្វីដែល​សំខាន់បំផុត គឺ​ការផ្តល់​ការពារ​ក្នុង​កម្រិត​មួយ​ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​មាន​អ្នកជំងឺ​ច្រើនជាង​សមត្ថភាព​ដែល​មន្ទីរពេទ្យ​អាច​ទទួលយកបាន​។ ក្រុមហ៊ុន Pfizer និង​BioNTech ក៏​កំពុង​ធ្វើតេស្ត​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ខ្លួន​លើ​ទម្រង់​ថ្មី​ដែលមាន​ប្រភពពី​ប្រ​ស៊ី​ល​ផងដែរ​។​
 
​លោក Shi និយាយថា មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី​យល់​ពី​ការការពារ​របស់​វ៉ាក់សាំង​ទល់នឹង​ទម្រង់​មេរោគ​ថ្មី​។ ជាក់ស្តែង​ការពិសោធ​ត្រូវធ្វើឡើង​ដើម្បី​កំណត់​កម្រិត​អង់ទីគ័រ​ក្នុងការ​ការពារ​រាងកាយ​។ ក្រុមហ៊ុន Pfizer និយាយថា​ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​និយ័ត​ករ​សុខាភិបាល​អាមេរិក​ចំពោះ​ការអភិវឌ្ឍ​វ៉ាក់សាំង​ប្រភេទ​ថ្មី​មួយ​ផ្សេងទៀត ឬ​ចាក់​មួយ​ដូ​ស​ថែមទៀត​បើ​ចាំបាច់​ក្នុងការ​ធ្វើឱ្យ​មេរោគ​លែង​រីក​រាលដាល​ក្នុង​រាងកាយ​។ 
 
​ចំណែក​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន Moderna វិញ ក៏​បង្ហាញ​ផងដែរ​ថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ខ្លួន​ធ្លាក់ចុះ​ដល់​ទៅ​៦​ដង ទល់​ទៅនឹង​មេរោគ​កូ​វីដ​-១៩​ទម្រង់​ថ្មី​ដែលមាន​ប្រភពពី​អាហ្វ្រិក​ខាងត្បូង​។ ក្រៅតែពី​Pfizer និង Moderna វ៉ាក់សាំង​របស់​ក្រុមហ៊ុន​AstraZeneca ក៏​ថមថយ​ប្រសិទ្ធភាព​ក្នុងការ​ការពារ​ផងដែរ​៕ 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com