អន្តរជាតិ
បាតុករ​មី​យ៉ាន់​ម៉ា​វ័យក្មេង​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​បាញ់​ចំក្បាល បាន​ស្លាប់​ហើយ​
19, Feb 2021 , 4:17 pm        
រូបភាព
បាតុករមីយ៉ាន់ម៉ាលើកបដាឧទ្ទិសដល់យុវតីដែលបានស្លាប់។ រូបថត AFP
បាតុករមីយ៉ាន់ម៉ាលើកបដាឧទ្ទិសដល់យុវតីដែលបានស្លាប់។ រូបថត AFP
ដោយ:
​ស្ត្រី​បាតុករ​វ័យក្មេង​មួយរូប​ដែល​សន្លប់​ស្ដូកស្ដឹង​ក្រោយពេល​ប៉ូលិស​បាញ់​គ្រាប់កាំភ្លើង​ពិត​ចំក្បាល​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ បាន​ស្លាប់​ហើយ​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​។ មរណភាព​របស់​ស្ត្រី​បាតុករ​នេះ ជា​ករណី​ទីមួយ​ចាប់តាំងពី​បាតុកម្ម​ផ្ទុះ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​ប្រឆាំង​ទៅនឹង​រដ្ឋប្រហារ​យោធា​។

 
​កញ្ញា Mya Thwate Thwate Khaing ដែល​ទើប​តែមាន​អាយុ​ត្រឹមតែ​២០​ឆ្នាំ ត្រូវបាន​បាញ់​ចំក្បាល​អំឡុងពេល​តវ៉ា​មួយ​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​។ នាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​គ្រាប់កាំភ្លើង​បាញ់​ចូលក្នុង​លលា​ដ៏​ក្បាល ហើយ​បៀម​ជាប់​ក្នុងនោះ​។ គ្រូពេទ្យ​និយាយថា នាង​ត្រូវការ​ម៉ាស៊ីន​ដើម្បី​ជំនួយ​ដង្ហើម និង​មានសង្ឃឹម​តិចតួច​ណាស់​ក្នុងការ​រស់រានមានជីវិត ដោយ​ស្ថានភាព​របស់​របស់​នាង​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​។​
 
 
«​ខ្ញុំ​កើតទុក្ខ និង​មិនដឹង​ត្រូវ​និយាយ​អ្វី​»​។ នេះ​ជាការ​រៀបរាប់​របស់លោក Ye Htut Aung​ដែលជា​បងប្រុស ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ចំណែក​មន្ទីរពេទ្យ​នៅ​ទីក្រុង​ណៃ​ពិដោ បញ្ជាក់​ពី​មរណភាព​នេះ​នៅ​ម៉ោង​១១ ថ្ងៃទី​១៩ ខែកុម្ភៈ​។ 
 
​លោក Zaw Min Tun អ្នកនាំពាក្យ​ក្រុម​យោធា​បញ្ជាក់ថា កញ្ញា Mya Thwate Thwate Khaing ពិតជា​រង​គ្រាប់កាំភ្លើង ហើយ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​លើ​ករណីនេះ​។ ក្នុងការ​ទប់ទល់​ការតវ៉ា​កន្លងមក ប៉ូលិស​មី​យ៉ាន់​ម៉ា បាញ់​គ្រាប់កាំភ្លើង​ជ័រ និង​ពេលខ្លះ​គ្រាប់កាំភ្លើង​ពិតជា​ច្រើនដង​ដើម្បី​បំបែកហ្វូង​បាតុករ​។ យោធា​មី​យ៉ាន់​ម៉ា និយាយថា ប៉ូលិស​មួយរូប​ក៏បាន​ស្លាប់​ដោយសារតែ​រងរបួស​ធ្ងន់​ធ្ង​រ​។ ចំណែក​នៅ​ទីក្រុង​ខ្លះទៀត ប៉ូលិស​ប្រើ​ដំបង និង​ខែល​ដែរ​។​
 
​មរណភាព​របស់​បាតុករ​វ័យ​២០​ឆ្នាំ​រូបនេះ ទំនងជា​ប​ញ្ឆឹះ​កំហឹង​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​បន្ថែមទៀត​។ ថ្ងៃទី​១៩ ខែកុម្ភៈ ជា​សប្តាហ៍​ទី​ពីរ​ហើយ​ដែលមាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំតា​មដង​វិថី​។ បាតុករ​វ័យ​២៤​ឆ្នាំ Nay Lin Htet និយាយថា ខ្លួន​មាន​មោទកភាព​នឹង​កញ្ញា Mya Thwate Thwate Khaing និង​សន្យា​ធ្វើបាតុកម្ម​រហូតដល់​ស​ម្រេច​គោលបំណង ដោយ​មិន​ខ្វាយខ្វល់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឡើយ​។​
 
​មន្ត្រីរាជការ​មួយចំនួន និង​បុគ្គលិក​វិស័យ​ឯកជន​ពហិការ​មិន​ធ្វើ​ការ ដែលនាំឱ្យ​ដំណើរការ​ពាណិជ្ជកម្ម និង​ការងារ​នៅ​ស្ថាប័នរដ្ឋ​ជាច្រើន​នៅ​នឹងថ្កល់​។ ចំណែកឯ​ទណ្ឌកម្ម​ពី​ប្រទេស​ឯទៀត​ក៏​ធ្លាក់​មកជា​បន្តបន្ទាប់ ដោយ​កាណាដា និង​អង់គ្លេស​ស​ម្រ​ច​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​។ ក្រោយ​ការប្រកាស​ដាក់ទណ្ឌកម្ម​នេះ បាតុករ​មួយក្រុម​តូច​បាន​ជួបជុំ​ក្រៅ​ស្ថានទូត​អង់គ្លេស​ដោយ​អរគុណ​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​ក្រុម​យោធា​។ 
 
​ក្រុម​យោធា​មី​យ៉ាន​ម៉ា ពុំ​បរិយាយ​យ៉ាងណា​លើ​ការ​ទណ្ឌកម្ម​ឡើយ​។ ប៉ុន្តែ​អះអាង​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ​ថា ខ្លួន​រំពឹងថា​រឿងនេះ​នឹង​កើតឡើង​។ សហភាព​អឺរ៉ុប នឹង​ប្រកាស​ពី​ទណ្ឌកម្ម​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​។​
 
​ចាប់​តាំងតែ​ពីថ្ងៃ​ទី​១ ខែកុម្ភៈ​មនុស្ស​ចំនួន​៥២១​នាក់​ត្រូវបាន​ឃាត់ខ្លួន ដែល​ក្នុងនោះ​មាន​៤៤​នាក់​ត្រូវបាន​ចាប់ខ្លួន​។ នេះ​បើតាម​របាយការណ៍​អង្គការ​ផ្តល់ជំនួយ​ដល់​អ្នកទោសនយោបាយ​៕
 
 

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com