ជាតិ
សិក្សា​បច្ចេកទេស​ដាំពោត ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​
20, Feb 2021 , 9:59 pm        
រូបភាព
ដោយ:
​ពោត ត្រូវបាន​គេ​ចាត់ទុកជា​គ្រាប់​ធញ្ញជាតិ​សំខាន់បំផុត បន្ទាប់ពី​ដំណាំ​ស្រូវ​។ ពោត មាន​អត្ថប្រយោជន៍​ច្រើន ទាំង​សម្រាប់​មនុស្ស និង​សត្វ សម្បូរ​ដោយ​ជាតិ​ទឹក ១០.៨​ភាគរយ ប្រេង​៤.៣​ភាគរយ ប្រូតេអ៊ីន​១០​ភាគរយ កាបូ​អ៊ី​ត្រាត​៧៣.៤​ភាគរយ និង​ជាតិ​រ៉ែ​១.៤​ភាគរយ​។

 
​ដ្បិត​ពោត​ជា​អាហារ​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ តែ​ការដាំដុះ​ដំណាំ​ពោត​ក្នុងប្រទេស ហាក់​មិនទាន់​ទូលាយ ព្រោះ​ការយល់ដឹង​ពី​បច្ចេកទេស​ដាំ​ដុះ របស់​កសិករ​ក៏​នៅមានកម្រិត​។ ថ្ងៃនេះ​សារព័ត៌មាន​ThmeyThmey25 សូម​ដកស្រង់​បច្ចេកទេស​ដាំ​ដំណាំ​ពោត ចេញពី​សៀវ​បច្ចេកទេស​កសិកម្ម របស់​ក្រសួងកសិកម្ម ដល់​កសិករ​ដែលមាន​បំណង​ដាំ​ដុះ​ដំណាំ​ពោត​។​
 
​ការជ្រើសរើស​ពូជ​៖ សម្រាប់​ការជ្រើសរើស​ពូជ ត្រូវ​រើស​គ្រាប់ពូជ​ល្អ អាច​ផ្ដល់​ទិន្នផល​ខ្ពស់ និង​មាន​ភាព​សុទ្ធ​លើសពី ៩៥​ភាគរយ​។ កសិករ​ត្រូវ​ជ្រើស​ពូជ​ដែល​ថ្មី ដែល​មិន​ទុក​ច្រើន​ខែ ឬ​យូរ​ឆ្នាំ​ពេក​នោះទេ និង​ត្រូវ​ជ្រើសរើស​ពូជ​ដែល​ធន់​នឹង​អាកាសធាតុ ជំងឺ និង​ការបំផ្លាញ​ពី​សត្វល្អិត​។​
 
​ការរៀបចំ​ដី​៖ ត្រូវ​ភ្ជួរ​ដី​ឲ្យ​ម៉ត់ រួច​ហាល​ចោល​ក្នុង​រយៈពេល ៥-១៥​ថ្ងៃ មុននឹង​ដាំ និង​ភ្ជួរ​១-២​ដង​ព្រោះ​ជួយ​សម្លាប់​ស្មៅ​ចង្រៃ សត្វល្អិត និង​បង្កើន​ខ្យល់​ក្នុង​ដី​។ ប៉ុន្តែ​នៅ​រដូវវស្សា មិនគួរ​ធ្វើ​ដី​ឲ្យ​ម៉ត់​ពេក​ទេ ព្រោះ​ពេល​ភ្ញៀ​ង​អាចធ្វើ​ឲ្យ​ដី​ហាប់​។ ដោយឡែក​ចំពោះ​ការដាក់​ជី អាចដាក់​ជី​ទ្រាប់​បាត និង​ពូន​គល់ នៅពេល​ពោត​ចេញ​ស្លឹក​។​


 
​ការដាំ​៖ សម្រាប់​ដី​មួយ​ហិកតា គេ​ប្រើ​គ្រាប់ពូជ​ពី ២៥-៣០ គីឡូក្រាម​។ មុនពេល​ដាំ គេ​ត្រូវយក​គ្រាប់ពោត​ទៅ​ហាល រយៈពេល ១-២​ថ្ងៃ ឲ្យ​ស្ងួត​ល្អ បន្ទាប់មក​យក​គ្រាប់​នោះ ទៅ​ត្រាំ​ទឹក ៤-៥​ម៉ោង ទើប​អាច​យកទៅ​ដាំ​បាន​។ ការដាំ​ពោត​មាន ២​របៀប គេ​អាច​ដាំ​ដោយ​គុម្ព និង​បុក​ដាំ ហើយ​ត្រូវ​រៀបចំ​គម្លាត​ជួរ និង​គុម្ព​ឲ្យ​បាន​ត្រឹមត្រូវ​។ សម្រាប់​ចន្លោះ​គុម្ព​ល្អ​ពី ៣០-៤០​សង់ទីម៉ែត្រ ហើយ​ចន្លោះ​ជួរ ៧៥​សង់ទីម៉ែត្រ​។​
 
​ការថែទាំ​៖ ក្រោយពេល​ដាំ​រយៈពេល ២-៣​ថ្ងៃ ពោត​ចាប់​ផ្ដើមចេញ​ពន្លក បើ​ឃើញ​គ្រាប់​មិន​ដុះ​តិចតួច មិនចាំបាច់​ជួស​គ្រាប់​នោះទេ តែបើ​ពោត​មិន​ដុះ​ច្រើន ត្រូវ​ជួស​ឲ្យ​បាន​ឆាប់ ដើម្បី​ធានា​ចំនួន​ដើម និង​បរិមាណ​។ ក្រោយ​កូន​ពោត​ដុះ​បាន ១៥​ថ្ងៃ ឬ​មាន​ស្លឹក ៣-៤ និង​មាន​កម្ពស់ ១០-១៥​សង់ទីម៉ែត្រ គួរ​បំបែក​កូន​ពោត ដោយ​ទុក​ត្រឹម ១-២​ដើម​បាន​ហើយ ក្នុង​មួយ​គុម្ព​។ ក្រោយ​បំបែក​កូន​ពោត ត្រូវ​ចាប់​ផ្ដើមធ្វើ​ស្មៅ ពូន​គល់ ឲ្យ​បាន​ញឹកញាប់ ដើម្បី​ឲ្យ​ដី​ធូរ ពោត​ដុះ​បានល្អ និង​ដី​មាន​ខ្យល់​ចេញចូល​ស្រួល​។ ដំណាំ​ពោត អាច​ប្រមូល​ផល​បាន ក្រោយ​ដាំ​ដុះ​បាន​ពី ៨៥-១១០​ថ្ងៃ​។ 
 
​ជាទូទៅ​ដំណាំ​ពោត មិនសូវ​រើស​រដូវ​កាល​ដាំ​ដុះ​នោះទេ​។ សម្រាប់​ប្រទេស​កម្ពុជា តំបន់​ដែល​ដាំពោត​បានល្អ គឺ​បណ្ដា​ខេត្ត​តាម​ដង​ទន្លេ ដូចជា​កណ្ដាល ព្រៃវែង កំពង់ចាម ក្រចេះ កំពង់ឆ្នាំង និង​តំបន់​ដីក្រហម ៕

Tag:
 ​ពោត​
 thmeythmey25
© រក្សាសិទ្ធិដោយ thmeythmey.com