ជាតិ
សេដ្ឋកិច្ច
​តម្លៃ​ពង​ទា​ចុះថោក ប៉ុន្តែ​ចំណី​ទា​បន្ត​ឡើងថ្លៃ​
04, Mar 2021 , 11:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
ដោយ:
​ភ្នំពេញ​៖ អ្នក​ចិញ្ចឹម​ទា​មានការ​ត្អូញត្អែរ​ពី​តម្លៃ​ពង​ទា​ខ្មែរ ចុះថោក ខណៈ​ចំណី​ទា​មានការ​ឡើងថ្លៃ​។ បច្ចុប្បន្ន​ពង​ទា​មានតម្លៃ ៣ ៦០០​រៀល​(​ពង​ទា​១០​គ្រាប់​) ខណៈ​ចំណី​ទា​មានតម្លៃ ៥២ ០០០​រៀល​ក្នុង​មួយ​បាវ (​បរិមាណ ៣០​គីឡូក្រាម​)​។​

 
«​ពង​ទា​ធ្លាក់​ថ្លៃ​ប៉ុន្មាន​ខែ​ហើយ ក្នុង​មួយ​គ្រាប់​លក់បាន​ត្រឹម ៣៦០​រៀល​ប៉ុណ្ណោះ តែ​ចំណី​វិញ​ចេះតែ​ឡើងថ្លៃ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ចាន់ ចក អ្នក​ចិញ្ចឹម​ទា​ស្ថិតនៅ​ភូមិ​ជីក្រែង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​បន្ថែមថា ពង​ទា​របស់លោក នៅតែមាន​ឈ្មួញ​ចុះទៅ​ទិញ​ផ្ទាល់ បើ​ទោះ​តម្លៃ​ទីផ្សារ​ធ្លាក់​បន្តិច​ក្ដី​។ 
 
​កសិករ​រូបនេះ បញ្ជាក់ថា ឈ្មួញ បន្ត​ទទួល​ទិញ​ពង​ទា​ទាំងអស់​ក្នុងតម្លៃ​សមស្រប ខណៈ​បច្ចុប្បន្ន ទា​របស់លោក ចាន់ ចក ចំនួន ១ ៥០០​ក្បាល អាច​ប្រមូល​ពង​ប្រមាណ ១ ២០០​គ្រាប់​ទៅ ១ ៣០០​គ្រាប់​ក្នុង​មួយថ្ងៃ​។​
 
​ដ្បិតថា តម្លៃ​ពង​ទា​ខ្មែរ​នៅមានកម្រិត តែ​កសិករ​វ័យ​២៧​ឆ្នាំ​រូបនេះ បន្ត​រំពឹងថា ទីផ្សារ​ពង​ទា​នឹង​ប្រសើរ​នៅពេល​ខាងមុខ​។ លោក ចាន់ ចក និយាយថា​៖ «​បើ​គិតគូ​ទៅ តម្លៃ​ពង​ទា​សព្វថ្ងៃ អាច​ត្រឹម​រួចខ្លួន ព្រោះ​ចំណី​ថ្លៃ​ពេក​។ បើ​ពង​ទា​ឡើងថ្លៃ​បន្តិច ប្រហែល​អាច​ចំណេញ តែ​ខ្ញុំ​សង្ឃឹមថា​ទីផ្សារ អាច​ប្រសើរ​ឡើងវិញ​ក្នុង​រដូវចូលឆ្នាំ​ខ្មែរ​ខាងមុខ​»​។​
 
​មិន​ខុសគ្នា​ប៉ុន្មាន លោក ឆេង ឡៃ អ្នក​ចិញ្ចឹម​ទា​ស្ថិតក្នុង​ឃុំ​ភូមិ​ជីក្រែង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ក៏មាន​ការ​រអ៊ូ​ពី​តម្លៃ​ចំណី​ទា​ឡើងថ្លៃ និង​ការចុះ​ថោករ​បស់ពង​ទា​។ លោក ឆេង ឡៃ បញ្ជាក់ថា​តម្លៃ​ពង​ទា​ពេលនេះ​អាច​ចំណេញ​តិចតួច ដោយសារ​ថ្លៃ​ចំណី​ថ្លៃ​ពេក ដោយ​កាលពីមុន​តម្លៃ​ពង​ទា​អាច​លក់បាន ៤៣០​រៀល​ទៅ ៤៤០​រៀល​ក្នុង​មួយ​គ្រាប់ តែ​ពេលនេះ​លក់​បានតែ ៣៦០​រៀល​។ 
 
​ជាមួយគ្នានេះ លោក ស្រ៊ី សារិទ្ធ អ្នកលក់​ប្រមូល​ទិញ​ពង​ទា និង​ជា​អ្នកលក់​ចំណី​សត្វ ក្នុង​ខេត្តតាកែវ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​អ្នក​ចិញ្ចឹម​ទា​កំពុង​មានការ​ត្អូញត្អែរ​ពី​ការធ្លាក់​ថ្លៃរ​បស់ពង​ទា ខណៈ​ថ្លៃ​ចំណី​មានតម្លៃ ៥១ ០០០​រៀល​ក្នុង​មួយ​បាវ​(៣០​គីឡូក្រាម​)​។​
 
 លោក ស្រ៊ី សារិទ្ធ អះអាងថា​៖ «​ពង​ទា​ក្នុង​ខេត្តតាកែវ​លក់បាន​ត្រឹម ៣២០​រៀល​ប៉ុណ្ណោះ​។ អ្នក​ចិញ្ចឹម​ទា​មក​ទិញ​ចំណី​ម្ដងៗ ពួកគាត់​តែង​និយាយ​ថាបើ​តម្លៃ​ពង​ទា​នៅតែ​បន្ត​ធ្លាក់ ដូច្នេះ​គាត់​អាច​ឈប់​ចិញ្ចឹម​»​។​
 
​ពាក់ព័ន្ធ​បញ្ហា​ធ្លាក់​តម្លៃ​ពង​ទា​នេះ ប្រជាពលរដ្ឋ​មួយចំនួន​លើកឡើងថា ដោយសារ មានការ​នាំចូល​ពង​ទា​ពី​ប្រទេស​វៀតណាម​។ ផ្ទុយទៅវិញ ក្រសួងកសិកម្ម ធ្លាប់​នាម​ច្រានចោល​ទាំងស្រុង ថា​មិនបាន​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​នោះទេ នេះ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ប៉ុណ្ណោះ​៕

Tag:
 ពង​ទា​
© រក្សាសិទ្ធិដោយ thmeythmey.com