ជាតិ
សង្គមជាតិ
សិស្សស្រី​៥០​នាក់​ដួលសន្លប់ ក្រោយពី​រៀបចំ​សែនព្រេន នៅក្នុង​វិទ្យាល័យ​សំរោង នៃ​ខេត្តសៀមរាប​
06, Mar 2021 , 3:29 pm        
រូបភាព
រូបពីមន្ទីរព័ត៌មានខេត្តសៀមរាប
រូបពីមន្ទីរព័ត៌មានខេត្តសៀមរាប
ដោយ:
​​ភ្នំពេញ​៖ សិស្សស្រី​ចំនួន​៥០​នាក់​នៅ​វិទ្យាល័យ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ដួលសន្លប់​តៗ​គ្នា ក្រោយពី​សាលារៀន​បានរៀបចំ​កម្មវិធី​សែនព្រេន​។ នេះ​បើតាម លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។

 
​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បាន​បញ្ជាក់ថា សិស្សស្រី​ចំនួន​៥០​នាក់​នោះបាន​ដួលសន្លប់​តៗ​គ្នា ដោយសារ​មាន​អារម្មណ៍​ភ័យ​ស្លន់ស្លោ​។ លោក ម៉ក់ ប្រុស បាន​ពន្យល់ថា ហេតុការណ៍​ដួលសន្លប់​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​៥ ខែមីនា ដោយ​មានតែ​សិស្ស​២ ទៅ​៣​នាក់​ទេ ដែលមាន​អាការ​នេះ​។​
 
​ដោយសារ​មាន​សិស្ស​ដួលសន្លប់​នេះ ទើប​ពលរដ្ឋ​ក្នុងភូមិ​ក៏បាន​រៀបចំ​ការ​សែនព្រេន​នៅក្នុង​សាលា នា​ព្រឹក​ថ្ងៃទី​៦ ខែមីនា​នេះ ស្រាប់​តែមាន​សិស្សស្រី​៥០​នាក់ បាន​ដួលសន្លប់​តៗ​គ្នា​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​ពី​អភិបាលស្រុក​សូទ្រនិគម​។ 
 
«​ដំបូង​មាន​សិស្សស្រី​តែ​ប៉ុន្មាន​នាក់​ទេ ដែលមាន​អាការ​ដួលសន្លប់​។ រួចហើយ​មិត្តភក្តិ​គាត់​ប៉ុន្មាន​នាក់​ទៀត​ក៏មាន​អាការ​ភ័យ​ស្លន់ស្លោ អ្នកខ្លះ​ក៏​ងងឹតមុខ អ្នកខ្លះ​ស្រែកយំ អ្នកខ្លះ​ដួលសន្លប់​តៗ​គ្នា​។ តាម​ការបកស្រាយ​ពី​ក្រុមគ្រូពេទ្យ ពួកគាត់​គ្មាន​អាការ​ធ្ងន់ធ្ងរ​ទេ សូម្បី​បរិមាណ​ស្ករ សម្ពាធ​ឈាម អុកស៊ីសែន របស់គាត់​ធម្មតា​ទេ​។ តាម​គ្រូពេទ្យ​គាត់​ថា សិស្ស​ទាំងអស់នោះ​មាន​អារម្មណ៍​ភ័យ​តៗ​គ្នា​។ ប៉ុន្តែ​បើតាម​ជំនឿ អ្នកភូមិ​ជឿថា ខ្មោច​ចូល​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ក់ ប្រុស​។ 
 
​បើតាម​អភិបាលស្រុក​សូទ្រនិគម ក្រោយពី​មាន​ហេតុការណ៍​នេះ សិស្សស្រី​ទាំង​៥០​នាក់​នោះ​ត្រូវ​ដឹក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សំរោង​។ បច្ចុប្បន្ន​ពួកគេ​ទាំងអស់នោះ​ក៏បាន​ធូរស្បើយ និង​បាន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ផងដែរ​៕ 
 
 
 

Tag:
 សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com