ជាតិ
សេដ្ឋកិច្ច
អ្នកស្រី ដួង សុ​ផា​វី បង្កើត​អាជីវកម្ម​សង់ផ្ទះ​ចល័ត ព្រោះ​ចង់​បង្ហាញថា​ស្ត្រី​ក៏​អាច​ជោគជ័យ​ក្នុង​វិស័យ​សំណង់​ដែរ​
07, Mar 2021 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី ដួង សុ​ផា​វី ជា​ម្ចាស់​អាជីវកម្ម​ផ្ទះ​ចល័ត ដែល​ភាគច្រើន​និយម​ប្រើប្រាស់​សម្រាប់​តំបន់​ទេសចរណ៍​។ មាន​ទីតាំង​អាជីវកម្ម​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ  រាជធានី​ភ្នំពេញ​។ អ្នកស្រី សុ​ផា​វី ពន្យល់​ប្រាប់ ThmeyThmey25 ថា មូល​ហេតុដែល​អ្នកស្រី​បង្កើត​អាជីវកម្ម​នេះ​ព្រោះ​ខ្លួន​មើលឃើញថា វា​ជា​ប្រភេទ​អាជីវកម្ម​ថ្មី​មួយ​នៅ​កម្ពុជា​។ ម្យ៉ាង​អ្នកស្រី​ចង់​លើកស្ទួយ​ទេសចរណ៍​ក្នុងស្រុក បង្កើត​ការងារ និង​ចង់បង្ហាញ​ឲ្យ​មនុស្ស​ជុំវិញខ្លួន​ឃើញថា មនុស្ស​ស្រី​ក៏​អាចធ្វើ​ការងារ​ដូច​បុរស​ដែរ​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​លោកអ្នក​នាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា ខន ណា​រី អ្នកសារព័ត៌មាន​ThmeyThmey25 និង​អ្នកស្រី ដួង សុ​ផា​វី ជា​ម្ចាស់​អាជីវកម្ម​វី​ភី​ផ្ទះ​ចល័ត​ដូចតទៅ​៖
 
 
​ក្នុង​គំនិត​អាជីវកម្ម ក៏ដូចជា​ការងារ​សាងសង់​ជាដើម ត្រូវបាន​គេ​ចាត់ទុកថា​ជា​កាតព្វកិច្ច​របស់​មនុស្ស​ប្រុស​។ ផ្នត់គំនិត​នេះ ធ្វើ​ឲ្យ​ការបង្កើត​អាជីវកម្ម​ផ្ទះ​ចល័ត​របស់​អ្នកស្រី ដួង សុ​ផា​វី មិន​ទទួលបាន​ការគាំទ្រ ពី​មនុស្ស​ជុំវិញខ្លួន​នោះទេ​។ ម្យ៉ាងទៀត​សម្រាប់​កម្ពុជា អាជីវកម្ម​ផ្ទះ​ចល័ត មិនទាន់មាន​អ្នកធ្វើ​ច្រើន​នោះទេ ព្រោះ​ជា​គំនិត​ថ្មី និង​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​។ «​ការចាប់​ផ្ដើមដំបូង​ឧបសគ្គ​ដ៏​ធំ​បំផុត គឺ​ធ្វើ​ហើយ​គ្មាន​អ្នកទិញ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ដួង សុ​ផា​វី ម្ចាស់​អាជីវកម្ម​ផ្ទះ​ចល័ត​។​


អ្នកស្រី ដួង សុផាវី ម្ចាស់អាជីវកម្មវីភីផ្ទះចល័ត(រូបថត៖ លោក ឈន សុផាត) 



​ដ្បិត​មិនមាន​ការគាំទ្រ​តែ​អ្នកស្រី សុ​ផា​វី មិន​បោះបង់​ឡើយ និង​បានបង្ហាញ​ឲ្យ​គេ​ឃើញថា ទោះជា​ស្ត្រី​ក៏​អាចធ្វើ​ការងារ​ដូច​បុរស​។ ម្ចាស់​អាជីវកម្ម​រូបនេះ បាន​ប្រាប់​យ៉ាង​ដូច្នេះ​៖«​ដំបូង​អ្នកផ្ទះ​មិន​គាំទ្រ​ទេ គាត់​ថា​ការងារ​នេះ សម្រាប់តែ​មនុស្ស​ប្រុស​។ យើង​ជា​ស្រី មិនគួរ​ធ្វើ​ការងារ​សាងសង់​ឡើយ​។ យើង​ព្យាយាម​ពន្យល់​ពួកគាត់ ទម្រាំ​ពួកគាត់​យល់​ពីអ្វី​ដែល​យើង​ធ្វើ​»​។​
 
​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​-១៩ បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ក៏ពិតមែន តែ​ពលរដ្ឋ​ភាគច្រើន បាន​ប្ដូរ​ការកម្សាន្ត ទៅកាន់​កន្លែង​មិនសូវមាន​មនុស្ស​ច្រើន ដូចជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​វិញ ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ផ្ទះ​ចល័ត មានការ​ពេញនិយម​។ ក្នុងន័យនេះ​អ្នកស្រី សុ​ផា​វី បាន​ពន្យល់​ដូច្នេះ​៖«​វា​ជា​ឱកាស​មួយ​ដែរ សម្រាប់​អាជីវកម្ម​ថ្មី​នេះ ព្រោះ​ទើប​ផ្ទុះ​ការគាំទ្រ​ខ្លាំង នៅ​ដើមឆ្នាំ​២០២០​។ បងប្អូន​កាន់តែច្រើន ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន និង​រី​សត​នានា អ៊ីចឹង​ការបញ្ជាទិញ​ក៏​កើនឡើង​»​។​
 



​ជា​គំនិត​មួយ​ដែល​ថ្មី និង​ប្លែក ធ្វើ​ឲ្យ​អាជីវ​កម្មនេះ ទទួលបាន​ភាពល្បីល្បាញ ដោយ​ប្រើពេល​ត្រឹម ២​ឆ្នាំ​ប៉ុណ្ណោះ​។ សម្រាប់​សេវាកម្ម​ដែល​ពេញនិយម របស់​អាជីវកម្ម​ផ្ទះ​ចល័ត មានដូចជា ផ្ទះ​សម្រាប់​លំហែកាយ នៅតាម​ចម្ការ និង​តាម​រី​សត​ជាដើម​។ សម្រាប់​តម្លៃ​រី​សត ចាប់ ៩ ៥០០​ដុល្លារ រហូត តម្លៃ ២០ ០០០​ដុល្លារ ហើយ​សម្រាប់​ផ្ទះ​លំហែ​តម្លៃ​ចាប់ ១៧ ០០០​ដុល្លារ​ឡើងទៅ​។​
 
​ទោះបី​អាជីវ​កម្មនេះ កំពុង​ទទួល​ការគាំទ្រ​ច្រើន តែ​ដំណើរការ​អាជីវកម្ម​ផ្ទះ​ចល័ត ក៏មាន​ផលវិបាក​ដែរ ព្រោះ​ត្រូវ​ដឹក​ផ្ទះ​ដែល​សង់​រួច ទៅតាម​បណ្ដា​ខេត្ត​នានា​។ តែ​យ៉ាងណា ការដឹកជញ្ជូន​មិនមែនជា​ឧបសគ្គ សម្រាប់​អាជីវកម្ម​ផ្ទះ​ចល័ត​ឡើយ​។​
 
​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម និង​ជា​អ្នកចេញ​ម៉ូត​ផ្ទះ​ផ្ទាល់​ផង​នោះ អ្នកស្រី ដួង សុ​ផា​វី បាន​ចែករំលែក​ពី​គន្លឹះ​មួយចំនួន ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​នេះ​ទទួលបាន​ជោគជ័យ គឺ​ត្រូវ​បែក​ចែក​ឲ្យ​បាន​ច្បាស់​នូវ​ជំនាញ​នីមួយៗ របស់​បុគ្គលិក​។ «​សម្រាប់​ស្ត្រី​ដែលមាន​បំណង​ប្រកប​អាជីវកម្ម ត្រូវ​រក្សា​គោលជំហរ និង​គោលដៅ​ខ្លួនឯង​ច្បាស់លាស់ កុំ​ស្ដាប់​សំដី​អ្នកដទៃ​ដែលមាន​បំណង​បំបាក់ទឹកចិត្ត​យើង ព្យាយាម​ដោះស្រាយ​បញ្ហា​ចំពោះមុខ ត្រូវ​ស្វែងរក​អ្វីដែល​ថ្មី និង​ឈានមុខ​គេ​ជានិច្ច​»​។ នេះ​ជាការ​លើកឡើង របស់​អ្នកស្រី ដួង សុ​ផា​វី ម្ចាស់​អាជីវកម្ម​វី​ភី​ផ្ទះ​ចល័ត​៕
 


 ផ្ទះចល័តរបស់អ្នកស្រី សុផាវី ដឹកជូនអតិថិជន

Tag:
 ផ្ទះ​ចល័ត​
  ដួង សុ​ផា​វី​
© រក្សាសិទ្ធិដោយ thmeythmey.com