ជាតិ
សង្គមជាតិ
រដ្ឋបាល​ខេត្តសៀមរាប​ពិចារណា​ផាកពិន័យ​ដល់​ពលរដ្ឋ​ដែល​លួ​ចត​បណ្ដាញ​លូ​ដោយ​មិនបាន​សុំច្បាប់​
07, Mar 2021 , 2:43 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ ការងារ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​កំពុង​មមាញឹក ហើយ​រហូតមក​ដល់ពេលនេះ បណ្ដាញ​លូ​ជាច្រើន​បានរៀបចំ ដាក់​តាម​បណ្ដោយ​ផ្លូវ​ទាំងនោះ ដែលជា​បណ្ដាញ​លូទឹកកខ្វក់ និង​ទឹកភ្លៀង​ដែលមាន​គុណភាព​ខ្ពស់​។ រដ្ឋបាល​ខេត្តសៀមរាប បាន​សង្កេតឃើញថា មានការ​លួ​ចត​បណ្ដាញ​លូទឹកកខ្វក់​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដោយ​មិនបាន​សុំច្បាប់ ដែល​បណ្ដាលឱ្យ​បណ្ដាញ​លូ​ទាំងនោះ ខូចគុណភាព​។​

 
«​បច្ចុប្បន្ន​ក្រុម​ស្ថាបនា កំពុង​រៀបចំ​បណ្ដាញ​លូបង្ហូរទឹក​ភ្លៀង ទឹក​កខ្វក់ តែ​ជាមួយគ្នានេះ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច បានចាប់ផ្តើម​ភ្ជាប់​បណ្ដាញ​បង្ហូរទឹក​ចេញពី​លំនៅដ្ឋាន ឬ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន ដោយ​មិនបាន​ដាក់ពាក្យ​ស្នើសុំ​ភ្ជាប់​បណ្ដាញ​បង្ហូរទឹក​កខ្វក់ និង​ធ្វើការ​ភ្ជាប់​ដោយ​ខ្លួនឯង​ខុស​លក្ខណៈ​បច្ចេកទេស រហូតដល់​ខូច​បណ្ដាញ​លូ​ថែម​ទៀតផង​»​។ នេះ​បើ​ខ្លឹមសារ​ដែល​ផ្សាយ​ក្នុង​ផេ​ក​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​សៀមរាប នៅ​ថ្ងៃទី​៦ មីនា​។​
 
​យោងតាម​ការផ្សព្វផ្សាយ​ខាងលើ ដើម្បី​បញ្ជៀ​ស​បញ្ហា​នេះ​បន្តទៀត ពិសេស​ជៀសវាង​ការខូចខាត​ថវិកា​ដែល​រៀបចំ​ខុស​បច្ចេកទេស និង​ការខូចខាត​ដល់​បណ្ដាញ​លូ រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រង់ចាំ​ក្រុមបច្ចេកទេស អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ទីរជំនាញ ដើម្បី​ប្រាប់​ពី​នីតិវិធី​សម្រាប់​ការតភ្ជាប់​នោះ​។ ការធ្វើ​ដូច្នេះ ដើម្បី​ជៀសវាង​ការរង​ពិន័យ​ជា​សំណង​ការខូចខាត​ផងដែរ​។​


 រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

​យ៉ាងណា លោក សុខ ថុល នាយក​រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណៈកម្មការ​អន្ដរក្រសួង​នឹង​រៀបចំ​ប្រជុំ​នៅ​ថ្ងៃ​៨ មីនា ដើម្បី​ពិនិត្យមើល​នីតិវិធី​ផាកពិន័យ​ដល់​ប្រជាពលរដ្ឋ​ខាងលើ ឬ​ពលរដ្ឋ​ឯទៀត​ដែល​ធ្វើ​ខុសពី​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​ខាង​។ រីឯ​ការ​លួ​ចត​បណ្ដាញ​លូ​ខុស​បច្ចេកទេស​ខាងលើ ដ្បិត​មាន​ប្រមាណ​២​គ្រួសារ តែ​អាជ្ញាធរ​បារម្ភ​ថា អាចមាន​ប្រជាពលរដ្ឋ​បន្ថែមទៀត​នឹង​លួ​ចត​បណ្ដាញ​លូ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​បណ្ដាញ​លូ​ទាំងនោះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ថុល​៕
 
 
 
 
 
 

Tag:
 បណ្ដាញ​លូ​
  ផ្លូវ​៣៨​ខ្សែ​
© រក្សាសិទ្ធិដោយ thmeythmey.com