ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​យក​សណ្ឋាគា​រ​The Great Duke សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩
07, Mar 2021 , 4:23 pm        
រូបភាព
សណ្ឋាគារ The Great Duke
សណ្ឋាគារ The Great Duke
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​រាតត្បាត​កាន់តែខ្លាំង រដ្ឋាភិបាល​បាន​សម្រេចយក​សណ្ឋាគារ The Great Duke​ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ក្នុង​កម្រិត​ស្រាល​។ នេះ​បើតាម​សេចក្តីប្រកាស ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។

 
​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ការដាក់​ដំណើរការ​សណ្ឋាគារ The Great Duke ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រសួងសុខាភិបាល ក្នុងការ​ប្រមូលផ្តុំ​ធនធានមនុស្ស សម្ភារ​បរិក្ខារ និង​បច្ចេកទេស​ចាំបាច់​ក្នុងការ​ជួយសង្គ្រោះ​ដល់​អាយុជីវិត​អ្នកជំងឺ​ឲ្យ​ទាន់ពេលវេលា និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​កុំ​ឲ្យ​រាតត្បាត​ខ្លាំង​។ 
 
​ក្រសួងសុខាភិបាល​បាន​ផ្តាំ​ដល់​ពលរដ្ឋ​ដែល​រស់នៅក្នុង​ក្បែរ​សណ្ឋាគារ​នេះ កុំ​មានការ​ភ័យខ្លាច និង​សូម​ឲ្យ​ពលរដ្ឋ​បន្ត​គោរព​តាម​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​។ បើតាម​ក្រសួង ទីតាំង​ព្យាបាល​ខាងលើនេះ​មានការ​គ្រប់គ្រង​ដោយ​សន្តិសុខ​រក្សា​សណ្តាប់ធ្នាប់ និង​អនុវត្តតាម​វិធានការ​សុវត្ថិភាព​យ៉ាង​ហ្មត់ចត់​។ 
 
​គួរ​បញ្ជាក់ថា នៅ​កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​ចំនួន​៩៨៧​នាក់​ហើយ ក្នុងនោះ​ករណី​សះស្បើយ មាន​៥១០​នាក់ រីឯ​អ្នកជំងឺ​ក្នុង​សហគមន៍​២០​កុម្ភៈ ឡើងដល់​៤៧៧​នាក់​ហើយ​៕
 
 
 
 

Tag:
 កូ​វីដ​-១៩
 ​សណ្ឋាគារ
© រក្សាសិទ្ធិដោយ thmeythmey.com