កីឡាអន្តរជាតិ
អន្តរជាតិ
កំពូល​កីឡាការិនី​វាយ​កូន​បាល់​ជប៉ុន Osaka ក្លាយជា​អ្នក​បំផុសគំនិត​ស្ត្រី​ក្នុង​វិស័យ​កីឡា​
08, Mar 2021 , 8:29 am        
រូបភាព
Naomi Osaka កំពូល​អ្នក​វាយ​កូន​បាល់​លំដាប់​លេខ​១​ពិភពលោក គឺជា​កីឡាការិនី​គំរូ​ម្នាក់ ដែល​បាន​បំផុសគំនិត​ស្ត្រី​ក្នុង​វិស័យ​កីឡា​នៅ​ជុំវិញ​ពិភពលោក បន្ទាប់ពី​នាង​ក្លាយជា​ម្ចាស់​ជើងឯក Australian Open លើក​ទី​២ នៅ​ឆ្នាំ​២០២១​។ មិនតែប៉ុណ្ណោះ​នាង ក៏​ក្លាយជា​និមិត្តរូប​របស់​អ្នកគាំទ្រ និង​ជា​អ្នក​ប្រឆាំងនឹង​ការរើសអើង Black Lives Matter​។ Osaka តែងតែ​ចេញមុខ​តវ៉ា​នឹង​ការរំលោភ​សិទ្ធិ និង​ភាពអយុត្តិធម៌ ជាពិសេស​ក្នុង​វិស័យ​កីឡា​។​


​កីឡាករ​ការិនី​វាយ​កូន​បាល់​សញ្ជាតិ​ជប៉ុន​រូបនេះ កាន់តែ​លេចធ្លោ​ខ្លាំង​តាមរយៈ​ការ​ឈ្នះ Grand Slam ជា​លើក​ទី​៤​ជាប់​គ្នា​ក្នុង​អាជីព ខណៈ​ទើប​មាន​អាយុ​២៣​ឆ្នាំ​។ Osaka ជា​គំរូ​សម្រាប់​ស្ត្រី​វ័យក្មេង​នៅ​ទូទាំង​ពិភពលោក ហើយ​នាង​ថែមទាំង​សម្រេចចិត្ត​បង្កើត​កម្មវិធី​មួយ ដែល​ជួយ​ដល់​ក្មេងស្រី​ក្នុង​វិស័យ​កីឡា​ទៀតផង​។​
 
​ម្ចាស់​ជើងឯក Australian Open ពីរ​សម័យកាល​បាន​ប្រាប់​កាសែត EssentiallySports ថា​៖ «​ខ្ញុំ​មិនអាច​ស្រមៃ​ថា​តើ​ជីវិត​របស់ខ្ញុំ​នឹង​ទៅជា​យ៉ាងណា​នោះទេ បើ​គ្មាន​កីឡា​វាយ​កូន​បាល់ ដូច្នេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ចាប់ផ្តើម​គម្រោង​មួយ​ហៅថា Play Academy With Naomi Osaka​។ គម្រោង​នេះ​នឹង​ផ្តល់នូវ​ការ​បំផុសគំនិត​ដល់​ក្មេងស្រីៗ​ឱ្យ​ចូលរួម​ក្នុង​កីឡា តាមរយៈ​ការផ្តល់​ឧបករណ៍ ធនធាន និង​ការលើកទឹកចិត្ត​»​។​
 
Osaka បន្ថែមថា សព្វថ្ងៃ​គម្រោង​ដែល​ផ្តោតលើ​ការលើកទឹកចិត្ត​ក្មេងស្រី​ឱ្យ​បន្ត​លេង​កីឡា​កំពុងដំណើរការ​ដំបូង​នៅក្នុង​ប្រទេស​ជប៉ុន ហើយ​នឹងមាន​មហិច្ឆតា​ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ពាសពេញ​ពិភពលោក​។​
 
​ការបង្កើត​គម្រោង​នេះ​ឡើង ក៏មាន​ពាក់ព័ន្ធ​នឹង​ការលើកឡើង​បែប​រើស​ស្ត្រី​របស់​អតីត​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ លោក Yoshiro Mori ផងដែរ​។ លោក Mori បាន​រិះគន់​ស្ត្រី​នា​កិច្ចប្រជុំ​មួយ​ថា​«​ស្រី​និយាយ​ច្រើន​» ហើយ​ការនិយាយ​បែបនេះ​បានធ្វើឱ្យ​លោក​ត្រូវ​ចុះ​ចេញពី​តំណែង​។​
 
Osaka ដែលមាន​ឪពុក​ជា​ជនជាតិ​ហៃ​ទី និង​ម្តាយ​ជប៉ុន បាន​ប្រតិកម្ម​នឹង​ការរិះគន់​ស្ត្រី​របស់លោក Mori ដោយនិយាយ​ថា​នេះ​ជាការ​លើកឡើង​របស់​ម​នុស្ស​ល្ងង់ខ្លៅ​។ នាង​ពិតជា​ទទួល​មិនបាន​នឹង​ការរិះគន់​របស់​មនុស្ស​ប្រុស​ទៅលើ​នារី​ភេទ​បែបនេះ​ឡើយ​។​
 
​មិន​ត្រឹមតែ​បញ្ហា​ស្ត្រី​ឡើយ កីឡាការិនី​វាយ​កូន​បាល់​លំដាប់ថ្នាក់​ទី​១​ពិភពលោក​រូបនេះ តែងតែ​ឈឺឆ្អាល​នឹង​ភាពអយុត្តិធម៌ ការរើសអើង​ជាតិ​សាសន៍ និង​ព៍ណ៌​សម្បុរស្បែក​នៅក្នុង​សង្គម និង​ក្នុង​វិស័យ​កីឡា​ផងដែរ​។ ក្នុងករណី​ប៉ូលិស​ស្បែ​កស បាញ់​បុរស​ស្បែក​ខ្មៅ Jacob Blake ចំនួន​៧​គ្រាប់ កន្លងទៅ Osaka សុខចិត្ត​ដកខ្លួន​ចេញពី​ការប្រកួត​មួយ​នៅ​ទឹកដី​អាមេរិក ដើម្បី​ជាការ​តវ៉ា​៕

Tag:
 Naomi Osaka
  International Women’s Day
© រក្សាសិទ្ធិដោយ thmeythmey.com