កីឡាអន្តរជាតិ
អន្តរជាតិ
Gerrard ជួយ Rangers ឈ្នះ​លី​គ​កំពូល​ស្កុ​តឡែ​ន​លើកដំបូង​ក្នុងពេល​១០​ឆ្នាំ​
08, Mar 2021 , 3:42 pm        
រូបភាព
Steven Gerrard ដឹកនាំ​ក្រុម Rangers ឈ្នះ​ពាន​លី​គ​កំពូល​ស្កុ​តឡែ​ន Premiership ជា​លើកដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​មាន​ពិន្ទុ​នាំមុខ​ដាច់​នៅ​រដូវ​កាល ២០២០-២១​នេះ​។​


​លទ្ធផល​ជោគជ័យ​នេះ កើតឡើង​ក្រោយ​ម្ចាស់​ការពារ​ជើងឯក Celtic ប្រកួត​ស្មើ ០-០ ជាមួយ Dundee United នា​ជំនួប​សប្តាហ៍​ទី​៣២ នៅ​យប់​ថ្ងៃទី​៧ ខែមីនា​។ Rangers រកបាន​៨៨​ពិន្ទុ នាំមុខ​ក្រុម​លេខ​២ Celtic ចំនួន​២០​ពិន្ទុ ខណៈ​ការប្រកួត​សល់​៦​លើក​ទៀត​ប៉ុណ្ណោះ​។​
 
​នេះ​ជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់ Steven Gerrard ចាប់តាំងពី​អតីត​ប្រធាន​ក្រុម Liverpool និង​ជម្រើសជាតិ​អង់គ្លេស ចូលកាន់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ Rangers នៅ​ឆ្នាំ​២០១៨​។ 
 
​ការលើក​ពាន​លី​គ​កំពូល​ស្កុ​តឡែ​ន​នេះដែរ បាន​នាំ Rangers ពង្រីក​កំណត់ត្រា​ពិភពលោក​របស់ខ្លួន​ក្នុងការ​ឈ្នះ​ជើងឯក​ច្រើនជាងគេ​ចំនួន ៥៥ លើក ដោយ​លើស​គូប្រជែង Celtic ៤​លើក​។ យ៉ាងណា Celtic ជា​ក្លិប​ដំបូង​គេ​នៅ​ស្កុ​តឡែ​ន​ដែល​ឈ្នះ​លី​គ​កំពូល ១០​រដូវ​កាល​ជាប់ៗ​គ្នា​។​
 
​ក្រោម​ការដឹកនាំ​របស់ Gerrard ក្រុម Rangers មិនទាន់​ស្គាល់​ចាញ់​ទាល់តែសោះ​ក្នុងការ​ប្រកួត​លី​គ​ចំនួន​៣២​លើក​រដូវ​កាល​នេះ និង​ឈ្នះ​ក្នុង​ដី​គ្រប់ការ​ប្រកួត​ទាំង​ម្តង​។ 
​តាមរយៈ​ជោគជ័យ​នេះ អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស វ័យ​៤០​ឆ្នាំ បានបង្ហាញ​ក្តី​រីករាយ និង​មោទកភាព​ចំពោះ​ខ្លួនឯង​លើ​ដំណើរ​អាជីព​ដឹកនាំ​ក្រុមបាល់ទាត់​នេះ​។ លើ​វេ​ប​សាយ​ផ្លូវការ​របស់​ក្លិប Gerrard រៀបរាប់ថា​៖ « ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ ហើយ​នេះ​ជា​ដំណើរ​លើផ្លូវ​ដ៏​អស្ចារ្យ​។ ខ្ញុំ​ពិតជា​មាន​មោទកភាព​ណាស់​»​។​
 
​ខណៈ​នៅសល់​៦​ប្រកួត​ទៀត នឹង​បញ្ចប់​ការប្រកួត​លី​គជា​ផ្លូវការ Gerrard សំណូមពរ​កូនក្រុម​ខ្លួន​ប្រឹងប្រែង​បន្ថែមទៀត ក្នុង​ការជួយ​ក្រុម Rangers ដើម្បី​រក្សា​ភាពមិន​ចាញ់​ពេញ​មួយ​រដូវ​កាល ២០២០-២១ នេះ​តែម្តង​៕

Tag:
 Steven Gerrard
  Rangers
  Premiership
© រក្សាសិទ្ធិដោយ thmeythmey.com