កីឡាអន្តរជាតិ
អន្តរជាតិ
Laporta ក្លាយជាប្រធានក្លិប Barcelona ជាលើកទី២ ខណៈ Messi បោះឆ្នោតគាំទ្រ
08, Mar 2021 , 5:06 pm        
រូបភាព
លោក Joan Laporta ក្លាយជាប្រធានក្លិប Barcelona ជាលើកទី ២ បន្ទាប់ពីលោកឈ្នះការបោះឆ្នោតនៅ Camp Nou។ Lionel Messi ស្ថិតក្នុងចំណោមអ្នកបោះឆ្នោតគាំទ្រលោក Laporta ដែរ។


Laporta ដែលជាអ្នកនយោបាយសញ្ជាតិអេស្ប៉ាញផង ត្រូវជំនួសតំណែងលោក Josep Maria Bartomeu ដែលលាលែងកាលពីខែតុលា។ លោកទទួលបានការគាំទ្រពីសំណាក់សមាជិកក្លិប កីឡាករ និងអ្នកគាំទ្រក្រុមអ្នកមានបុណ្យ ក្នុងសំឡេងឆ្នោតចំនួន ៥៤ភាគរយ។ លោក Victor Font ទទួលបានចំណាត់ថ្នាក់ទី២ ដោយទទួលបានសំឡេងគាំទ្រ ៣០ភាគរយ ខណៈលោក Toni Freixa ទទួលបានចំណាត់ថ្នាក់លេខ ៣។
 
បុរសវ័យ ៥៨ ឆ្នាំដែលសន្យារក្សាតារាឆ្នើម Lionel Messi ឱ្យបាន ធ្លាប់ជាប្រធានក្លិបយក្សអេស្ប៉ាញនេះចន្លោះឆ្នាំ ២០០៣ ដល់២០១០ ពោលគឺក្នុងសម័យលោក Pep Guardiola ដឹកនាំក្រុម មុនពេលលោក Bartomeu ឡើងទៅជំនួសកៅអីលោក។
 
តាមពិតទៅ ការបោះឆ្នោតរកប្រធានក្លិបធំត្រូវធ្វើតាំងពីខែមករាម្លេះ ប៉ុន្តែត្រូវពន្យារមកធ្វើនៅខែមីនានេះវិញ ដោយសារការឆ្លងជំងឺ COVID-19 កាន់តែខ្លាំងឡើងនៅតំបន់ស្វយ័តកាតាឡូនា។
 
Laporta ជាអ្នកនាំយក Ronaldinho និង Samuel Eto'o មកកាន់ទឹកដី Camp Nou កាលលោកស្ថិតនៅជាប្រធានក្លិបនេះនៅអាណត្តិមុន។ លោកបានជួយ Barcelona ឈ្នះជើងឯកអឺរ៉ុប Champions League ២លើក La Liga ៤សម័យ និង Copa del Rey មួយលើក។
 
Messi ក៏បានលេចមុខមាតជាតារាលំដាប់ពិភពលោកអំឡុងការគ្រប់គ្រងរបស់លោកដែរ ហើយខ្សែបម្រើឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ជាអ្នកបោះឆ្នោតគាំទ្រលោក Laporta ផងដែរ។
«ឃើញ Messi ទៅបោះឆ្នោត… កីឡាករឆ្នើមបំផុតលើលោករួមជាមួយកូនប្រុសរបស់គាត់បានបោះឆ្នោតឱ្យខ្ញុំ។ នេះបង្ហាញថា Messi ពេញចិត្តខ្ញុំ និងស្រឡាញ់ Barca ហើយខ្ញុំសង្ឃឹមថាគាត់នឹងបន្តនៅទីនេះ ដូចអ្វីដែលយើងទាំងអស់គ្នាចង់បាន»។ Laporta អះអាងដូច្នេះក្រោយជាប់ជាប្រធានក្លិប Barcelona ជាលើកទី២៕
 

Tag:
 Joan Laporta
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com