ជាតិ
សង្គមជាតិ
ការរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗ នៅទូទាំងខេត្តកំពង់ស្ពឺ ត្រូវស្នើឲ្យផ្អាក
10, Mar 2021 , 10:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសឲ្យផ្អាកពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីជួបជុំ និងពិធីជួបជុំបែបសាសនាជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ការប្រកាសផ្អាកនេះគឺធ្វើឡើងក្រោយពីមានអ្នកឆ្លងជំងឺកូវីដ-១៩រាលដាលដល់ខេត្តមួយនេះ។

 
កាលពីថ្ងៃទី៦ ខែមីនា រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសថា មានស្ត្រីជាអ្នកលក់សំលៀកបំពាក់ម្នាក់ ក្នុងផ្សារបាត់ដឹង ស្រុកឧដុង្គ បានផ្ទុកជំងឺកូវីដ-១៩។ តូបលក់ដូរជាង១០ ក្នុងផ្សារនោះ ត្រូវបានបិទបណ្តោះអាសន្ន ហើយអ្នកលក់ដូរមួយចំនួន ត្រូវបានយកទៅធ្វើតេស្ត។ 
 
តាមរយៈលិខិតចុះនៅថ្ងៃទី១០ ខែមីនា លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរថា៖«សូមលោកអភិបាលក្រុងនិងស្រុក ផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំ សង្កាត់ ឲ្យផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និង ពិធីជួបជុំផ្សេង ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។ 
 
ចំណែក នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏អាជ្ញាធរ ស្នើឲ្យផ្អាកពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងទៀតដែរ ប៉ុន្តែ មិនផ្អាកនៅទូទាំងខេត្តឡើយ។ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានដាក់លិខិត នៅថ្ងៃទី៩ ខែមីនា ទៅកាន់គ្រប់មេឃុំក្នុងស្រុកមណ្ឌលសីមា ដើម្បីឲ្យប្រាប់ទៅប្រជាពលរដ្ឋ ឲ្យផ្អាកពិធីទាំងនេះជាបណ្តោះអាសន្នសិន៕ 
 

Tag:
 កម្មវិធី
© រក្សាសិទ្ធិដោយ thmeythmey.com