កីឡាអន្តរជាតិ
អន្តរជាតិ
Klopp បដិសេធតំណែងគ្រូអាល្លឺម៉ង់ ក្រោយ Low ប្រកាសចុះចេញក្រោយ Euro 2020
10, Mar 2021 , 6:29 pm        
រូបភាព
លោក Jurgen Klopp សម្រេចចិត្តហើយថា នឹងមិនទទួលយកតំណែងគ្រូជម្រើសជាតិអាល្លឺម៉ង់ពីលោក Joachim Low ឡើយ។ Klopp ប្តេជ្ញាចិត្តបន្តជាមួយ Liverpool រហូតដល់ឆ្នាំ ២០២៤។



Joachim Low បានប្រកាសនៅថ្ងៃទី៩ ខែមីនាថាលោក នឹងលាឈប់ពីតួនាទីគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅក្រោយការប្រកួតពានរង្វាន់ Euro ឆ្នាំ២០២០។ គ្រូសញ្ជាតិអាល្លឺម៉ង់ វ័យ៦១ឆ្នាំរូបនេះ បានទទួលបន្ទុកដឹកនាំក្រុមឥន្ទ្រីដែករយៈពេល១៥ឆ្នាំមកហើយ ចាប់តាំងពីឡើងទៅជំនួសលោក Jurgen Klinsmann កាលពីឆ្នាំ ២០០៦។
 
Low ដែលជួយអាល្លឺម៉ង់ឈ្នះជើងឯក FIFA World Cup ឆ្នាំ២០១៤ នៅសល់កិច្ចសន្យារហូតដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ឯណោះ ប៉ុន្តែលោកបានស្នើសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB) ឱ្យបញ្ចប់មុនកុងត្រា។
 
ការប្រកាសនេះ បាននាំឱ្យមានការរំពឹងទុកថា Klopp អ្នកចាត់ការទូទៅ Liverpool សព្វថ្ងៃនឹងក្លាយជាបេក្ខជនល្អឥតខ្ចោះដែលត្រូវទទួលតំណែងនេះ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ អ្នកចាត់ការវ័យ៥៣ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងនៅបន្តជាមួយហង្សក្រហម ហើយថែមទាំងប្រាប់ឱ្យ DFB រកមើលអ្នកជំនួសផ្សេងទៀតចុះ។
 
«ប្រសិនបើអ្នកចង់សួរថា តើខ្ញុំអាចទទួលការងារជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់នារដូវក្តៅនេះ គឺទេ។ នេះជាការអះអាងរបស់ Klopp ក្នុងសន្នសីទនៅជំនួប Liverpool ទល់ RB Leipzig ជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Champions League។
 
Klopp បន្ថែមថា៖ «ខ្ញុំគ្រាន់តែនិយាយអ្វីដែលខ្ញុំចង់និយាយទៅកាន់មនុស្សនៅពេលពួកគេនិយាយឈ្មោះខ្ញុំក្នុងតំណែងនេះ។ ខ្ញុំសូមនិយាយថាទេ ខ្ញុំនឹងមិនអាចក្លាយជាគ្រូបង្វឹកដែលមានសក្តានុពលដូច Low សម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់បានទេ»។
 
Liverpool ដែលកំពុងដុនដាបខ្លាំងក្នុងការប្រកួតលីគកំពូលអង់គ្លេសរដូវកាលនេះ ត្រូវទទួលភ្ញៀវ RB Leipzig នៅរាត្រីថ្ងៃទី១០ ខែមីនាសម្រាប់ជំនួបជើងទី២។ ជើងទី១ ហង្សក្រហមបាននាំមុខ ២-០ រួចហើយ៕
 

Tag:
 Jurgen Klopp
  Joachim Low
© រក្សាសិទ្ធិដោយ thmeythmey.com