COVID-19
ជាតិ
ច្បាប់ទប់ស្កាត់ជំងឺកូវីដ ធ្លាក់ដល់ដៃរដ្ឋាភិបាលវិញ និងត្រៀមដាក់ជូនប្រមុខរដ្ឋស្តីទី ប្រកាសឲ្យប្រើប្រាស់
11, Mar 2021 , 3:05 pm        
រូបភាព
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានអនុម័តយល់ស្របទាំងស្រុង លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានព្រឹទ្ធសភា បញ្ជូនទៅរដ្ឋសភាវិញហើយ ដោយមិនតម្រូវឲ្យឆ្លងកាត់ការពិនិត្យពីក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។



លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗថា ក្រោយទទួលបានសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត រដ្ឋសភា ក៏បញ្ជូនទៅស្ថាប័នជាម្ចាស់ដើមវិញ គឺរដ្ឋាភិបាល ដើម្បីរដ្ឋាភិបាល បញ្ជូនទៅស្ថាប័នព្រះមហាក្សត្រ សុំព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ពុំទាន់ទទួលបានព័ត៌មាននោះទេថា សេចក្តីព្រាងច្បាប់នេះ ទៅដល់ស្ថាប័នរដ្ឋាភិបាលវិញហើយឬនៅ ហើយលោក ក៏ពុំទាន់អាចប្រាប់បានដែរថា រដ្ឋាភិបាល នឹងដាក់សេចក្តីព្រាងច្បាប់នេះទៅស្ថាប័នព្រះមហាក្សត្រនៅពេលណា។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋាភិបាល គ្រាន់តែពន្យល់ពីនីតិវិធីថា នៅពេលទទួលបានសេចក្តីព្រាងច្បាប់នេះវិញ រដ្ឋាភិបាល នឹងរៀបចំបញ្ជូនទៅស្ថាប័នព្រះមហាក្សត្រ ហើយដោយសារព្រះមហាក្សត្រ ទ្រង់អវត្តមាន ស្ថាប័នព្រះមហាក្សត្រ នឹងដាក់សេចក្តីព្រាងច្បាប់នេះ ទៅសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលទទួលរាជានុសសិទ្ធិជាប្រមុខរដ្ឋស្តី ដើម្បីចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជំនួសព្រះមហាក្សត។ 
 
បន្ទាប់ពីព្រឹទ្ធសភាអនុម័តយល់ព្រមរួចហើយ សេចក្តីព្រាងច្បាប់នេះ ត្រូវបញ្ជូតៗត្រឡប់ទៅវិញ ដោយចេញពីព្រឹទ្ធសភា ទៅរដ្ឋសភា ចេញពីរដ្ឋសភា ទៅរដ្ឋាភិបាល ហើយចុងក្រោយរដ្ឋាភិបាល រៀបចំបញ្ជូនទៅស្ថាប័នព្រះមហាក្សត្រ ដោយមិនឆ្លងកាត់ការពិនិត្យពីក្រុមប្រឹក្សាធម្មនុញ្ញឡើយ។
 
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា សេចក្តីព្រាងច្បាប់នេះ ស្រពនឹងរដ្ឋធម្មនុញ្ញាត ដោយមិនប្រទាំងប្រទើសនឹងរដ្ឋធម្មនុញ្ញឡើយ ដូច្នេះ មិនចាំបាច់បញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនោះទេ។ លោក ថ្លែងថា«អត់មានចាំបាច់សួរយោបល់ពីក្រុមប្រឹក្សាធម្មនុញ្ញ [ពីធម្មនុញ្ញភាព] ទេ»។ 
 
ការពិភាក្សានិងការអនុម័តយ៉ាងឆាប់រហ័ស ដើម្បីឆាប់បានសេចក្តីព្រាងច្បាប់នេះ យកប្រើប្រាស់ គឺក្រោយពីមានការស្នើសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នៅពេលសេចក្តីព្រាងច្បាប់នេះ ទៅដល់ព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យព្រឹទ្ធសភា ប្រញាប់ពិភាក្សានិងអនុម័យច្បាប់នេះ ដើម្បីចូលជាធរមានឲ្យបានលឿន ដ្បិតកម្ពុជា ត្រូវការច្បាប់នេះ យកមកអនុវត្តជាបន្ទាន់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាល។  
 
សេចក្តីព្រាងច្បាប់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាន៥ជំពូក និង១៨មាត្រា។  
 
សេចក្តីព្រាងច្បាប់នេះ អនុញ្ញាតឲ្យរដ្ឋាភិបាល អាចដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រួមមាន ហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋ ហាមឃាត់ការជួបជុំ ហាមឃាត់ការធ្វើពាណិជ្ជកម្ម និង ហាមឃាត់សកម្មភាពការងារនៅកន្លែងណាមួយ ជាដើម។ សេចក្តីព្រាងច្បាប់នេះ ក៏បានផ្តល់អំណាចឲ្យរដ្ឋាភិបាល អាចបិទតំបន់ណាមួយ ដែលមានជំងឺកូវីដ-១៩ ឆ្លងរាលដាលដែរ។ 
 
សេចក្តីព្រាងច្បាប់នេះ ក៏មានចែងពីទោសទណ្ឌលើអ្នកបង្កបញ្ហាបណ្តាលឲ្យជំងឺកូវីដ-១៩រាតត្បាតដែរ។ 
 
អ្នក គេចវេះពីការធ្វើចត្តាឡីស័ក និងអ្នកលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារពី៦ខែ ដល់៣ឆ្នាំ។ 
 
អ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩ ឬលួចរត់ចេញពីកន្លែងព្យាបាល ត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ ហើយបើឆ្លងដល់អ្នកដទៃ អ្នកនោះ នឹងត្រូវមានទោសកាន់តែធ្ងន់ គឺត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ។ 
 
អ្នក ដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើចេតនាក្នុងការចម្លងដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើងដោយមានការរៀបចំជាក្រុមឬមានអង្គការចាត់តាំង អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារកាន់តែយូរ គឺពី១០ឆ្នាំ ទៅ២០ឆ្នាំ៕ 
 

Tag:
 ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com