កីឡាអន្តរជាតិ
អន្តរជាតិ
លោក Bach ជាប់ឆ្នោតធ្វើប្រធាន IOC សម្រាប់អាណត្តិទី២
11, Mar 2021 , 7:59 pm        
រូបភាព
លោក Thomas Bach ឈ្នះឆ្នោតបន្តធ្វើជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អាណត្តិទី២ ដែលធ្វើឱ្យលោកនៅកាន់តំណែងនេះរហូតដល់ឆ្នាំ ២០២៥។



នាការបោះឆ្នោតតាមរយៈប្រព័ន្ធអ៊ីនធឺណិតនៅថ្ងៃទី១០ ខែមីនា លោក Bach បានទទួលសំឡេងគាំទ្រ៩៣ ក្នុងចំណោម ៩៤សន្លឹកឆ្នោតដែលបានការ។
 
ក្រោយជាប់ឆ្នោតសារជាថ្មីសម្រាប់អាណត្តិទី២ ប្រធាន IOC សញ្ជាតិអាល្លឺម៉ង់រូបនេះ បង្ហាញក្តីរីករាយ និងថ្លែងអរគុណដល់អ្នកផ្តល់សំឡេងគាំទ្រដល់លោក។ «អរគុណយ៉ាងជ្រាលជ្រៅពីបេះដូងខ្ញុំចំពោះការផ្តល់សំឡេងឆ្នោត និងការទុកចិត្តដ៏លើសលប់មកលើខ្ញុំ។ ខ្ញុំចង់បន្តគោលដៅ និងមហិច្ឆតាជាមួយអ្នកទាំងអស់គ្នានៅជុំវិញពិភពលោក ក្រោយជំងឺកូវីដ១-៩ រលាយទៅ»។
 
បុរសវ័យ៦៧ឆ្នាំ បានឡើងកាន់តំណែងជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ទី៩ ជំនួសលោក Jacques Rogge នៅឆ្នាំ ២០១៣ ខណៈស្ថាប័ននេះកកើតឡើងក្នុងឆ្នាំ ១៨៩៤ ។ តំណែងប្រធាន IOC អាចកាន់បានពីរអាណត្តិ (ប្រសិនជាប់ឆ្នោតលើកទី២) ដោយមួយអាណត្តិដំបូងមានរយៈពេល៨ឆ្នាំ និងអាណត្តិទីពីរត្រឹម៤ឆ្នាំ។
 
លោក Bach ដែលជាម្ចាស់មេដាយមាសកីឡាចាក់សាបក្នុងព្រឹត្តិការណ៍អូឡាំពិកម៉ុងត្រេអាល់ ប្រទេសកាណដា ឆ្នាំ ១៩៧៦ បានក្លាយជាសមាជិក IOC ចាប់តាំងពីឆ្នាំ ១៩៩១ ម្លេះ។
 
ក្រោយចូលកាន់តំណែងប្រធាន IOC ក្នុងឆ្នាំ ២០១៣ លោក Bach ដឹកនាំធ្វើការងារបានយ៉ាងល្អក្នុងរយៈពេលមួយឆ្នាំដំបូង ដោយរៀបចំកាត់បន្ថយការចំណាយ និងទំហំនៃការដំណើរការព្រឹត្តិការណ៍កីឡាអូឡាំពិក និងអំពើពុករលួយជាដើម។ លោកបានផ្តល់ទំនុកចិត្តដល់បណ្តាប្រទេសដែលចង់ចូលរួមដេញថ្លៃរៀបអូឡាំពិក ដោយស្មើភាពគ្នា៕
 

Tag:
 Thomas Bach
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com