ជាតិ
សង្គមជាតិ
ករណីស្លាប់ដំបូងដោយកូវីដ-១៩ ជាសារដាស់តឿនប្រជាជនខ្មែរ ឲ្យកាន់តែប្រយ័ត្នមួយកម្រិតទៀត
11, Mar 2021 , 11:29 pm        
រូបភាព
អាជ្ញាធរ ដើរបាញ់ថ្នាំសម្លាប់មេរោគ តាមទីតាំងមួយចំនួន ក្នុងខេត្តកណ្តាល កាលអំឡុងខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ (រូបពី AFP)
អាជ្ញាធរ ដើរបាញ់ថ្នាំសម្លាប់មេរោគ តាមទីតាំងមួយចំនួន ក្នុងខេត្តកណ្តាល កាលអំឡុងខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ (រូបពី AFP)
ជាព័ត៌មានភ្ញាក់ផ្អើលមួយ នៅពេលក្រសួងសុខាភិបាល ផ្សាយថា ជំងឺកូវីដ-១៩ បានសម្លាប់បុរសជនជាតិខ្មែរម្នាក់។ ត្រឹមតែមួយរំពេចប៉ុណ្ណោះ ស្ថាប័នសារព័ត៌មាននៅកម្ពុជា បានផ្សាយដំណឹងនេះព្រមៗគ្នា ហើយអ្នកប្រើប្រាស់បណ្តាញ បាននាំគ្នាចែករំលែកយ៉ាងព្រោងព្រាត។


ភ្ជាប់ជាមួយការចែករំលែកព័ត៌មានអកុសលនេះ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បានបង្ហាញអារម្មណ៍ភ័យខ្លាចនិងការបារម្ភកាន់តែខ្លាំង ចំពោះជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ពួកគេ ក៏បានបង្ហោះសារស្រដៀងៗគ្នាដែរ ក្នុងន័យប្រាប់ឲ្យប្រយ័ត្នកាន់តែខ្ពស់ ចំពោះជំងឺរាតត្បាតមួយនេះ។ 
 
ករណីស្លាប់លើកដំបូងនៅកម្ពុជា ដោយសារជំងឺកូវីដ-១៩ ជាសារដ៏ជាក់លាក់មួយ ដែលពញ្ញាក់ស្មារតីប្រជាពលរដ្ឋ កុំឲ្យភ្លេចពីការវាយលុកនៃជំងឺនេះ និងមិនត្រូវមើលស្រាលលើវាឡើយ។ ការជួបជុំ ការទៅកន្លែងមានមនុស្សច្រើន គប្បីបន្តផ្អាក។ ការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតពីគ្នា ក៏ត្រូវតែបន្តអនុវត្តដែរ។ រឿងសំខាន់មួយទៀត គឺការមិនចេញក្រៅផ្ទះ បើគ្មានការចាំបាច់។
 
រដ្ឋាភិបាល បានប្រកាសប្រាប់ប្រជាពលរដ្ឋថា ករណីជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍លើកនេះ ឬហៅថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានភាពស្មុគស្មាញនិងមានការរាលដាលខ្លាំង ជាងលើកមុនៗ។ ការផ្តល់សាររបស់រដ្ឋាភិបាល ពីសន្ទុះនៃការរាលដាលជំងឺកូវីដ-១៩ដ៏ខ្លាំង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺដើម្បីឲ្យប្រជាពលរដ្ឋ រឹតតែប្រយ័ត្នជាងលើកមុនៗ។  
 
នៅមុនព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ តិចតួចប៉ុណ្ណោះជាប្រចាំថ្ងៃ ដោយថ្ងៃខ្លះ រកមិនឃើញក៏មាន។ តែនៅពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ផ្ទុះឡើង កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ដល់៤០-៥០នាក់ ក្នុងថ្ងៃខ្លះ ហើយក៏ធ្លាប់រកឃើញដល់ទៅជាង៦០នាក់ដែរ ក្នុង១ថ្ងៃ។
 
ត្រឹមរយៈពេលប្រមាណ២០ថ្ងៃប៉ុណ្ណោះ នៃការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ដល់ទៅជាង៥៦០នាក់។ បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ជាង៥៦០នាក់នោះ ដែលកំពុងសម្រាកព្យាបាល គឺភាគច្រើនបំផុត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។  
 
ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ជាង៥៦០នាក់ ដែលកំពុងសម្រាកព្យាបាល មានអ្នកជំងឺមួយចំនួនទៀត ក៏ស្ថិតក្នុងស្ថានភាពមិនសូវជាល្អប៉ុន្មានដែរ។ នេះជាការអះអាងរបស់អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍បាយន្ត។ 
 
«ការពារខ្លួន មិនឲ្យឆ្លងជំងឺកូវីដ-១៩ អាចចាត់ទុកថា បានរួមចំណែកជួយប្រទេសជាតិ ក្នុងស្ថានភាពដ៏លំបាកនេះ»៕ 
 
 

Tag:
 COVID-19
  ករណីស្លាប់ដំបូង
© រក្សាសិទ្ធិដោយ thmeythmey.com