COVID-19
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ចូលជាធរមានហើយ
11, Mar 2021 , 8:00 pm        
រូបភាព
ពីឆ្វេងមកស្តាំ៖ សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្ថិតក្នុងព្រលានយន្តហោះភ្នំពេញ ពេលអញ្ជើញទៅជូនព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងទៅចិន កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យព្រះរាជសុខភាព។ រូបពី AFP

សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រមជួសព្រះមហាក្សត្រ ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ព្រះរាជក្រមនេះ ត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

ច្បាប់ស្តពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាន៥ជំពូក និង១៨មាត្រា។

ច្បាប់ថ្មីនេះ អនុញ្ញាតឲ្យរដ្ឋាភិបាល អាចដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រួមមាន ហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋ ហាមឃាត់ការជួបជុំ ហាមឃាត់ការធ្វើពាណិជ្ជកម្ម និង ហាមឃាត់សកម្មភាពការងារនៅកន្លែងណាមួយ ជាដើម។

ច្បាប់ខាងលើ ក៏បានផ្តល់អំណាចឲ្យរដ្ឋាភិបាល អាចបិទតំបន់ណាមួយ ដែលមានជំងឺកូវីដ-១៩ ឆ្លងរាលដាលដែរ។ ច្បាប់នេះ ក៏មានចែងពីទោសទណ្ឌលើអ្នកបង្កបញ្ហាបណ្តាលឲ្យជំងឺកូវីដ-១៩រាតត្បាតដែរ។

អ្នក គេចវេះពីការធ្វើចត្តាឡីស័ក និងអ្នកលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារពី៦ខែ ដល់៣ឆ្នាំ។

អ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩ ឬលួចរត់ចេញពីកន្លែងព្យាបាល ត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ ហើយបើឆ្លងដល់អ្នកដទៃ អ្នកនោះ នឹងត្រូវមានទោសកាន់តែធ្ងន់ គឺត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ។

អ្នក ដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើចេតនាក្នុងការចម្លងដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើងដោយមានការរៀបចំជាក្រុមឬមានអង្គការចាត់តាំង អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារកាន់តែយូរ គឺពី១០ឆ្នាំ ទៅ២០ឆ្នាំ៕

Tag:
 COVID-19
  ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com