កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Solskjaer សរសើរ Diallo ទោះខកចិត្ត Man Utd បានត្រឹមស្មើ AC Milan ក្នុងដី
12, Mar 2021 , 10:09 am        
រូបភាព
លោក Ole Gunnar Solskjaer សរសើរ Amad Diallo ទោះ Manchester United រកបានត្រឹមស្មើជាមួយ AC Milan ក្នុងលទ្ធផល ១-១ ក្នុងដីខ្លួនឯងសម្រាប់ជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Europa League។ Arsenal ទទួលបានជ័យជម្នះក្រៅដីដល់ទៅ ៣-១ លើក្រុម Olympiacos ខណៈ Tottenham Hotspur ឈ្នះភ្ញៀវ Dinamo Zagreb ២-០។


នាជំនួបជើងទី១នៅ Old Trafford នៅរាត្រីថ្ងៃទី១១ ខែមីនា កីឡាករចំណូលថ្មីវ័យក្មេង Amad Diallo តែតបញ្ចូលទី១គ្រាប់ តាមរយៈការបញ្ជូនបាល់របស់ Brono Fernandes ដើម្បីជួយ Manchester United នាំមុខ AC Milan មុននៅនាទី៥០។ ជិតបញ្ចប់ការប្រកួតទៅហើយ Simon Kjaer តែតបញ្ចូលទី១គ្រាប់ដើម្បីជួយក្រុមភ្ញៀវតាមស្មើវិញនៅនាទី៩០+២។
 
តាមរយៈលទ្ធផល ១-១ ក្នុងផ្ទះខ្លួនឯង បានធ្វើឱ្យលោក Ole Gunnar Solskjaer មិនសប្បាយចិត្តឡើយ ដ្បិតរបូតគ្រាប់ចំណេញក្រៅដីទៅក្រុម AC Milan ១គ្រាប់។ ១គ្រាប់នេះនឹងធ្វើឱ្យក្រុមអ៊ីតាលីមានប្រៀបពេលប៉ះគ្នានៅជំនួបជើងទី២នៅ San Siro នារាត្រីថ្ងៃទី១៨ ខែមីនា។
 
យ៉ាងណាក៏ដោយលោក Solskjaer បានបង្ហាញក្តីរីករាយនៅពេល Diallo វ័យ១៨ឆ្នាំ ដែលលោកទើបទិញពី Atalanta លេងបានយ៉ាងល្អសម្រាប់ជំនួបនេះ។ អ្នកចាត់ការសញ្ជាតិន័រវែសបានប្រាប់ទូរទស្សន៍ BT Sport ថា៖ « Diallo ជាកីឡាករវ័យក្មេងដែលមានអនាគតល្អនៅអនាគត។ គាត់ចាប់ផ្តើមកែលម្អខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ គាត់នឹងក្លាយជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ Man Utd»។
 
ស្របពេលបិសាចក្រហមបានត្រឹមស្មើជើងទី១ ក្រុមអង់គ្លេសពីរទៀតរួមមាន Arsenal និង Spurs សុទ្ធតែរកបានជ័យជម្នះរៀងខ្លួន។ 
 
កាំភ្លើងធំបានយកឈ្នះសត្រុូវចាស់ Olympiacos ដល់ក្នុងផ្ទះ ដោយលទ្ធផល ៣-១ ដែលធ្វើបានដោយ Martin Oedegaard, Gabriel និង Mohamed Elneny  ខណៈ១គ្រាប់របស់ម្ចាស់ផ្ទះធ្វើបានដោយ Youssef El Arabi។ Arsenal ដែលមានគ្រាប់ចំណេញក្រៅដី៣គ្រាប់ នឹងមានប្រៀបក្នុងការទទួលបានកៅអីទៅវគ្គ៨ក្រុមចុងក្រោយ ដ្បិតជើងទី២ត្រូវធ្វើនៅ Emirate។
 
Harry Kane រកបានដល់ទៅ២គ្រាប់ម្នាក់ឯង ដើម្បីជួយមាន់ខ្នាយមាសយកឈ្នះ Dinamo Zagreb ២-០ ក្នុងជំនួបជើងទី១វគ្គ១៦ក្រុមដែលធ្វើឡើងនៅកីឡដ្ឋាន Tottenham Hotspur។ ក្រុមរបស់លោក Jose Mourinho ដែលមាន២គ្រាប់ក្នុងដៃក៏មានប្រៀបដែរទោះត្រូវត្រឡប់ទៅទឹកដី Zagreb វិញសម្រាប់ជំនួបជើងទី២។
 
លទ្ធផលការប្រកួតវគ្គ១៦ក្រុម ជើងទី១ Europa League ដទៃទៀត៖
Ajax ៣–១ Young Boys
Dynamo Kyiv ០– ២ Villarreal
Slavia Prague ១ -១ Rangers
Granada ២– ០ Molde
Roma ៣–០ Shakhtar Donetsk
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com