ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
គេចពីចត្តាឡីស័ក ហើយចម្លងកូវីដទៅអ្នកដទៃ ត្រូវជាប់ពន្ធនាគារ «ពី៦ខែ ដល់ ៣ឆ្នាំ»
12, Mar 2021 , 7:29 pm        
រូបភាព
សាលារៀនមួយកន្លែងនៅខេត្តបាត់ដំបង ត្រូវបានយកធ្វើជាមណ្ឌលចត្តាឡីស័ក។ រូបពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង
សាលារៀនមួយកន្លែងនៅខេត្តបាត់ដំបង ត្រូវបានយកធ្វើជាមណ្ឌលចត្តាឡីស័ក។ រូបពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង
បុគ្គល២ប្រភេទ គឺ១ អ្នក ដែលត្រូវតម្រូវឲ្យចូលធ្វើចត្តាឡីស័ក តែគេចវេះមិនព្រមចូលធ្វើចត្តាឡីស័ក តាមការតម្រូវរបស់អាជ្ញាធរ និង១ទៀត អ្នក ដែលបានចូលធ្វើចត្តាឡីស័កហើយ តែទាន់មិនគ្រប់ពេលកំណត់ [១៤ថ្ងៃ] បែរជាលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវរងពិន័យស្មើគ្នា គឺត្រូវពិន័យប្រាក់ពី១លានរៀល ដល់៥លានរៀល តាមអនុក្រឹត្យលេខ២៧ អនក្រ.កប។ 



បុគ្គលទាំង២ប្រភេទនេះ អាចនឹងត្រូវពិន័យប្រាក់ពី១លានរៀល ដល់៥លានរៀលប៉ុណ្ណោះ ដោយទំនងជាមិនត្រូវជាប់ពន្ធនាគារទេ បើពួកគេ ធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ឬវិជ្ជមានជំងឺកូវីដ-១៩ តែពុំបានចម្លងទៅដល់អ្នកដទៃ។ ប៉ុន្តែ នៅពេលពួកគេ មិនចូលធ្វើចត្តាឡីស័ក ឬលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយត្រូវអាជ្ញាធរ រកឃើញថា ពួកគេ ផ្ទុកជំងឺកូវីដ-១៩ និងបានចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ពួកគេ នឹងត្រូវជាប់ពន្ធនាគារថែមទៀត ក្រៅតែពីការបង់ប្រាក់។ 
 
យោងតាមច្បាប់ថ្មី គឺច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលទើបនឹងត្រូវប្រកាសដាក់ឲ្យប្រើប្រាស់ អ្នក គេចវេះមិនចូលធ្វើចត្តាឡីស័ក និងលួចរត់ចេញពីកន្លែងចត្តាឡីស័ក ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ នឹងប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែដល់៣ឆ្នាំ។

អនុក្រឹត្យលេខ២៧ អនក្រ.កប ពុំបានចែងជាក់លាក់ពីការដាក់ទោសពន្ធនាគារ ចំពោះបុគ្គលទាំង២ប្រភេទខាងលើ ដូចច្បាប់ថ្មីនេះឡើយ។ ផ្អែកលើអនុក្រឹត្យលេខ២៧ អនក្រ.កប អ្នក ដែលបញ្ចុះបញ្ចូលឬនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័ក ត្រូវពិន័យពី១០លានរៀល ដល់៥០លានរៀល។ 
 
ចំពោះ អ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩ ឬលួចរត់ចេញពីកន្លែងព្យាបាល នឹងត្រូវជាប់ពន្ធនាគារ ពី១ឆ្នាំ ដល់ ៥ឆ្នាំ និងត្រូវពិន័យប្រាក់ពី ៥លានរៀល ដល់ ២០លានរៀល ហើយក្នុងអំឡុងពេលនៃការរត់ចេញពីការព្យាបាលនោះ បើពួកគេ បានចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺពួកគេ នឹងត្រូវមានទោសកាន់តែធ្ងន់ ដោយត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ដូចមានចែងក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ 
 
ដោយឡែក អ្នក ដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវច្បាប់ថ្មីនេះ កំណត់ឲ្យដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើចេតនាក្នុងការចម្លងដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើងដោយមានការរៀបចំជាក្រុមឬមានអង្គការចាត់តាំង ជននោះ នឹងត្រូវជាប់ពន្ធនាគារកាន់តែយូរ គឺពី ១០ឆ្នាំ ទៅ ២០ឆ្នាំ។  
 
រីឯជនបរទេសវិញ នឹងត្រូវបណ្តេញចេញពីកម្ពុជា ហើយអាចនឹងលែងឲ្យចូលកម្ពុជាជារៀងរហូត បើពួកគេ មិនអនុវត្តតាមវិធានការសុខាភិបាល ដូចជា មិនធ្វើចត្តាឡីស័ក គេចវេះមិនព្រមចូលព្យាបាលជំងឺកូវីដ-១៩ និង មិនសហការផ្តល់ព័ត៌មានអំពីការស្រាវជ្រាវ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម។ នេះតាមគោលការណ៍ថ្មីដាច់ដោយឡែកមួយទៀត ដែលរដ្ឋាភិបាលកម្ពុជា ទើបនឹងដាក់ចេញ។
 
ក្រៅពីចែងពីការដាក់ពិន័យប្រាក់ និងការដាក់ទោសពន្ធនាគារ ចំពោះអ្នកបង្កបញ្ហាបណ្តាលឲ្យរាលដាលជំងឺកូវីដ-១៩ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក៏បានផ្តល់សិទ្ធិអំណាចមួយចំនួនដល់រដ្ឋាភិបាលផងដែរ ដើម្បីដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឬជំងឺរាតត្បាតនានាឲ្យទាន់ពេលវេលា។ 
 
បើមើលច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩នេះ វិធានការ ដែលរដ្ឋាភិបាល អាចដាក់ចេញ មានដូចជា ហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហាមឃាត់ការជួបជុំ ហាមឃាត់ការធ្វើពាណិជ្ជកម្ម និង ហាមឃាត់សកម្មភាពការងារនៅកន្លែងណាមួយ ជាដើម ហើយរដ្ឋាភិបាល ថែមទាំងអាចបិទតំបន់ណាមួយ ដែលជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាល។ 
 
បន្ថែមពីនេះ ច្បាប់ថ្មីខាងលើ បានផ្តល់សិទ្ធិអំណាចឲ្យរដ្ឋាភិបាលឬអាជ្ញាធរ ព្យួរ ដកហូតអាជ្ញាបណ្ណ ឬឈានទៅដល់ការបិទទីតាំងអាជីវកម្មណាមួយ បើទីតាំងអាជីវកម្មនោះ មិនអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
ស្ថាប័នរដ្ឋកំពូលៗ រួមមាន រដ្ឋាភិបាល រដ្ឋសភា និង ព្រឹទ្ធសភា ប្រើពេលយ៉ាងលឿនបំផុត ក្នុងការអនុម័តច្បាប់ស្តីពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឲ្យចប់សព្វគ្រប់ ហើយត្រូវបានប្រកាសឲ្យប្រាស់ប្រាស់ភ្លាមៗ ដោយសម្តេចប្រមុខរដ្ឋស្តីទី សាយ ឈុំ។ 
 
គិតចាប់តាំងពីពេលចេញពីរដ្ឋាភិបាល ទៅដល់រដ្ឋសភា ព្រឹទ្ធសភា និងឈានដល់ការប្រកាសឲ្យប្រើប្រាស់ច្បាប់នេះ គឺមានរយៈពេលតែជាង១០ថ្ងៃប៉ុណ្ណោះ។ ការបង្កើតច្បាប់យ៉ាងឆាប់រហ័សបែបនេះ ដ្បិតរដ្ឋាភិបាល ត្រូវការច្បាប់នេះយកមកអនុវត្តជាបន្ទាន់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងនៅកម្ពុជា៕  
 

Tag:
 ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com