ជាតិ
សង្គមជាតិ
សាលារៀនរដ្ឋ និងឯកជន នៅស្រុកគិរីសាគរ ត្រូវផ្អាកបណ្តោះអាសន្ន
12, Mar 2021 , 9:29 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុកវិទ្យាល័យកោះស្តេច
រូបពីទំព័រហ្វេសប៊ុកវិទ្យាល័យកោះស្តេច
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានសម្រេចបិទសាលារៀនរដ្ឋ និងឯកជនទាំងអស់នៅស្រុកគិរីសាគរ ខេត្តកោះកុង ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។  បច្ចុប្បន្នស្រុកគិរីសាគរ កំពុងតែមានការរាតត្បាតនៃជំងឺកូវីដ-១៩។

 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់លោកថា សិស្សានុសិស្សដែលសិក្សានៅតាមសាលារៀន ដែលបានបិទនេះ នឹងនៅតែបន្តការរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ 
 
គិតត្រឹមពេលនេះ មានរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រៃវែង ដែលផ្អាកសាលារៀនរដ្ឋ និងឯកជន រួមទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសទាំងអស់។ ចំណែកនៅព្រះសីហនុ និងសៀមរាប គឺគ្រាន់តែផ្អាកសាលារៀនមួយចំនួនដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំពោះខេត្តកំពង់ចាម និងខេត្តកោះកុងដែលជាខេត្ត គ្រាន់តែផ្អាកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស ប៉ុន្តែមិនទាន់មានការផ្អាកសាលារៀនចំណេះដឹងទូទៅនៅឡើយទេ។
 
បច្ចុប្បន្នជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានឆ្លងរាលដាលដល់ខេត្តមួយចំនួនហើយ ដោយផ្តើមចេញពីរាជធានីភ្នំពេញ បន្តទៅខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង  កោះកុង ស្វាយរៀង កំពង់ធំ កំពង់ចាម សៀមរាប និង បាត់ដំបង។ 
 
បច្ចុប្បន្ន កម្ពុជា នៅសល់អ្នកជំងឺកូវីដ-១៩ ជាង៦០០នាក់ ដែលកំពុងបន្តសម្រាកព្យាបាល ដោយក្នុងនោះភាគច្រើនបំផុត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ កម្ពុជា មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ម្នាក់៕ 
 
មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១២២៥នាក់ ក្នុងនោះមាន៧១២នាក់ជាករណីសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយមានចំនួន៦១៩នាក់។ អ្នកជំងឺ៦០៤នាក់ទៀតកំពុងសម្រាកព្យាបាល និងមានម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩៕ 
 

Tag:
 សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com