អន្តរជាតិ
លោក Lou Ottens អ្នកបង្កើត «កាសែតម៉ាញេ» ជនជាតិហូឡង់ស្លាប់ក្នុងអាយុ៩៤ឆ្នាំ
13, Mar 2021 , 11:29 am        
រូបភាព
ដោយ: ធីតា
លោក Lou Ottens អ្នកច្នៃប្រឌិតបង្កើត «កាសែតម៉ាញេ»  (Cassette Tape) បានទទួលមរណភាពក្នុងអាយុ៩៤ឆ្នាំកាលពីថ្ងៃទី៦ ខែមីនា នៅផ្ទះរបស់ខ្លួនក្នុងក្រុង Duizel ប្រទេសហូឡង់។ នេះបើតាមការផ្សាយរបស់ CNN ដោយយោងតាមប្រភពពីក្រុមគ្រួសារលោក Ottens តែមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដឡើយ។

 
លោក Lou Ottens ជាវិស្វករជំនាញម្នាក់របស់ហូឡង់ ដែលធ្វើជាប្រធានផ្នែកអភិវឌ្ឍផលិតកម្មនៅក្រុមហ៊ុន Philips Hasselt ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩។ នៅឆ្នាំ១៩៦៣ លោកបានដឹកនាំក្រុមការងារផលិតឧបករណ៍ដែលអាចចម្លងសំឡេង ពោលគឺកាសែត។ ឈានដល់ឆ្នាំ១៩៨៨ ពោលគឺ២៥ឆ្នាំក្រោយ កាសែតម៉ាញេ (Cassette Tape) បានបង្ហាញវត្តមាននៅលើទីផ្សារពិភពលោក។
 
មុនក្លាយជាថ្នាក់ដឹកនាំ លោក Ottens បានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន Philips តាំងពីឆ្នាំ១៩៥២មក ហើយ កាសែតម៉ាញេ ដែលផ្តួចផ្តើមបង្កើតដោយលោកផ្ទាល់ ត្រូវបានប៉ាន់ស្មានថា លក់ដាច់នៅលើទីផ្សារជាង១០០ពាន់លានកាសែត។
 
ក្រោយមក លោក Ottens ក៏បានត្រួសត្រាយក្រុមការងារលើដំណើរការផលិតកាសែត CD (Compact Disc) ផងដែរ។ លោក Olga Coolen នាយកសារមន្ទី Philips Museum នៅក្រុង Eindhoven បានពិព័ណ៌នាលើរូបលោក Ottens ថា ជាបុរសដ៏អស្ចារ្យម្នាក់ដែលស្រឡាញ់បច្ចេកវិទ្យា។ 
 
លោក Ottens បានចូលនិវត្តន៍ពីការងារនៅឆ្នាំ១៩៨៦ ហើយកាលពីឆ្នាំ២០១៣ នាខួប៥០ឆ្នាំនៃការបង្កើតកាសែតម៉ាញេ សារមន្ទីរ Philips Museum បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌ដ៏ធំមួយដើម្បីរំលឹកគុណលោក Ottens៕
 

Tag:
 CD
  កាសែតម៉ាញ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com