COVID-19
ជាតិ
ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ធ្វើសន្និសីទកាសែត ស្តីពី«ច្បាប់ទប់ស្កាត់ការរាលដាលកូវីដ-១៩» នៅដើមសប្ដាហ៍ក្រោយ
13, Mar 2021 , 2:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅម៉ោង៩ព្រឹក ថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយ នៅទីស្តីការក្រសួងសុខាភិបាល។

 
តាមការបញ្ជាក់របស់អ្នកស្រី ឱ វណ្ណឌីន លើទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល នៅថ្ងៃទី១៣ មីនា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ។
 
យោងតាមច្បាប់ថ្មី ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលទើបនឹងត្រូវប្រកាសដាក់ឲ្យប្រើប្រាស់ អ្នក គេចវេះមិនចូលធ្វើចត្តាឡីស័ក និងលួចរត់ចេញពីកន្លែងចត្តាឡីស័ក ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ នឹងប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែដល់ ៣ឆ្នាំ។
 
ចំពោះ អ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩ ឬលួចរត់ចេញពីកន្លែងព្យាបាល នឹងត្រូវជាប់ពន្ធនាគារ ពី១ឆ្នាំ ដល់ ៥ឆ្នាំ និងត្រូវពិន័យប្រាក់ពី ៥លានរៀល ដល់ ២០លានរៀល ហើយក្នុងអំឡុងពេលនៃការរត់ចេញពីការព្យាបាលនោះ បើពួកគេ បានចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺពួកគេ នឹងត្រូវមានទោសកាន់តែធ្ងន់ ដោយត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ដូចមានចែងក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ 
 
ដោយឡែក អ្នក ដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវច្បាប់ថ្មីនេះ កំណត់ឲ្យដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើចេតនាក្នុងការចម្លងដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើងដោយមានការរៀបចំជាក្រុម ឬមានអង្គការចាត់តាំង ជននោះ នឹងត្រូវជាប់ពន្ធនាគារកាន់តែយូរ គឺពី ១០ឆ្នាំ ទៅ ២០ឆ្នាំ។  
 
រីឯជនបរទេសវិញ នឹងត្រូវបណ្តេញចេញពីកម្ពុជា ហើយអាចនឹងលែងឲ្យចូលកម្ពុជារហូត បើពួកគេ មិនអនុវត្តតាមវិធានការសុខាភិបាល ដូចជាមិនធ្វើចត្តាឡីស័ក គេចវេះមិនព្រមចូលព្យាបាលជំងឺកូវីដ-១៩ និង មិនសហការផ្តល់ព័ត៌មានអំពីការស្រាវជ្រាវ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម។ នេះតាមគោលការណ៍ថ្មីដាច់ដោយឡែកមួយទៀត ដែលរដ្ឋាភិបាលកម្ពុជា ទើបនឹងដាក់ចេញ៕
 

Tag:
 ច្បាប់
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com