អន្តរជាតិ
UN ស្នើឱ្យកម្លាំងបរទេសទាំងអស់ចេញពីទឹកដីលីប៊ី
13, Mar 2021 , 8:29 pm        
រូបភាព
កម្លាំងសន្តិសុខលីប៊ីយាមកាមតាមផ្លូវ។ រូបថត AFP
កម្លាំងសន្តិសុខលីប៊ីយាមកាមតាមផ្លូវ។ រូបថត AFP
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១២ ខែមីនា បានស្នើឱ្យកម្លាំងបរទេស និងទាហានស៊ីឈ្នួលទាំងអស់ចាកចេញពីទឹកដីលីប៊ី។ ក្រុមប្រឹក្សាសន្តិសុខ ក៏ស្នើឱ្យប្រទេសទាំងអស់គោរពបម្រាមជួញដូរអាវុធដែលដាក់លើប្រទេសនេះជាង១០ឆ្នាំមកហើយ ក៏ដូចជាអនុវត្តបទឈប់បាញ់ខែតុលា ឆ្នាំ២០២០ ។

 
លីប៊ី ធ្លាក់ចូលជម្លោះរ៉ាំរ៉ៃដូចសព្វថ្ងៃក្រោយការទម្លាក់មេដឹកនាំកាន់អំណាចយូរឆ្នាំ មូអាម៉ា ហ្កាដាហ្វី នៅឆ្នាំ២០១១ ។ ប្រទេសអាហ្វ្រិកខាងជើងសម្បូរប្រេងមួយនេះ ក៏ត្រូវហែកជាចម្រៀកដែលម្ខាងគ្រប់គ្រងដោយរដ្ឋាភិបាលរួបរួមជាតិមានអង្គការសហប្រជាជាតិទទួលស្គាល់ និងម្ខាងទៀតមានក្រុមអ្នកប្រយុទ្ធដែលស្មោះត្រង់មេទ័ព ខាលីហ្វា ហាហ្វតា មានមូលដ្ឋាននៅភាគខាងកើត។ 
 
ក្រុមអ្នកប្រយុទ្ធរបស់សេនាប្រមុខ ហាហ្វតា ដែលគាំទ្រដោយអេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួម ក៏បើកយុទ្ធនាការប្រឆាំងរដ្ឋាភិបាលក្រុងទ្រីប៉ូលីនៅឆ្នាំ២០១៩ តែបរាជ័យក្រោយតួកគីបង្កើនការគាំទ្ររបស់ខ្លួនលើក្រុមយោធារបស់រដ្ឋាភិបាល ដោយមានជំនួយពីទាហានស៊ីឈ្នួលទៅពីស៊ីរីជាច្រើនផង។ បទឈប់បាញ់មួយ ត្រូវបានប្រកាសនៅខែតុលា ឆ្នាំ២០២០ ដែលតម្រូវឱ្យយោធាបរទេសទាំងអស់ និងទាហានស៊ីឈ្នួលផង ចាកចេញពីលីប៊ី។
 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងសេចក្ដីថ្លែងការណ៍ប្រធានកិច្ចប្រជុំ បានស្នើឱ្យភាគីទាំងអស់គោរពបទឈប់បាញ់ខាងលើដោយគ្មានការពន្យារពេលអ្វីឡើយ។ សេចក្ដីថ្លែងការណ៍ចេញក្រោយកិច្ចប្រជុំថ្ងៃទី១២ ខែមីនា ក៏អំពាវនាវឱ្យរដ្ឋសមាជិកទាំងអស់គោរព និងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងនេះផងដែរ។
 
បើតាមតួលេខរបស់ស្ថាប័នពិភពលោកមួយនេះ កងទ័ពបរទេស និងទាហានស៊ីឈ្នួលប្រមាណពីរម៉ឺននាក់ បន្តស្ថិតនៅលីប៊ីតាំងពីចុងឆ្នាំ២០២០ មក ហើយគ្មានការដកថយណាត្រូវបានកត់សម្គាល់ឡើយ។ កាលពីខែមករា អាមេរិក ក៏បានស្នើឱ្យតួកគី អេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ីបញ្ឈប់ប្រតិបត្តិការយោធានៅលីប៊ី។ រុស្ស៊ីអះអាងថា យោធាខ្លួនមិនមានវត្តមាននៅលីប៊ីឡើយ ប៉ុន្តែមិនបញ្ជាក់ឱ្យច្បាស់រឿងទាហានស៊ីឈ្នួលឡើយ។
 
ក្រៅពីរឿងដកទ័ព និងអ្នកប្រយុទ្ធស៊ីឈ្នួល ក្រុមប្រឹក្សាសន្តិសុខ ក៏ស្នើឱ្យគ្រប់ភាគីទាំងអស់អនុវត្តឱ្យពេញលេញដំណោះស្រាយលើការហាមឃាត់ការជួញដូរអាវុធនៅលីប៊ី ដែលត្រូវបានមើលឃើញថា នៅតែមានការបំពានដដែល៕  

© រក្សាសិទ្ធិដោយ thmeythmey.com