អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បាតុករ​មី​យ៉ាន់​ម៉ា​១២​នាក់​ទៀត​ស្លាប់​ក្នុងពេល​តវ៉ា ខណៈ​មេដឹកនាំ​ស៊ីវិល​ភៀសខ្លួន​ប្រកាស​តស៊ូ​
14, Mar 2021 , 10:28 am        
រូបភាព
យ៉ាងហោចណាស់​មនុស្ស​១២​នាក់​ទៀត បាន​បាត់​បង់ជីវិត​ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១៣ ខែមីនា​។ ខណៈ​បាតុកម្ម​នៅតែ​ធ្វើឡើង​ទោះ​មានការ​បង្ក្រាប​ចាស់ដៃ​ពី​សំណាក់​កម្លាំង​សន្តិសុខ មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ស្រមោល​ដែល​កំពុង​ភៀសខ្លួន ក៏​ប្រកាស​ការតស៊ូ​មួយ​ដើម្បី​បញ្ចប់​របប​យោធា និង​ទៅ​បង្កើត​រដ្ឋាភិបាល​ស្របច្បាប់​ថ្មី​មួយ​។​

 
​បាតុកម្ម​ប្រឆាំង​របប​សឹក​មី​យ៉ាន់​ម៉ា នៅតែ​សន្ទុះ​ខ្លាំង​នៅ​ទូទាំងប្រទេស បើទោះជា​កម្លាំង​សន្តិសុខ​ប្រើ​វិធីសាស្ត្រ​កាន់តែ​ហិង្សា​ក្នុងការ​បោសសម្អាត​ក្ដី​។ បាតុករ​យ៉ាងតិចណាស់​១២​នាក់ ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​ប៉ូលិស​នៅ​ទីក្រុង​នានា​របស់​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១៣ ខែមីនា​។ សាក្សី​ជាច្រើន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មនុស្ស​៥​នាក់​ស្លាប់ និង​ជាច្រើន​នាក់​រងរបួស​ក្រោយ​ប៉ូលិស​បាញ់រះ​លើ​ការតវ៉ា​នៅ​ទីក្រុង Mandalay ។​
 
​បើតាម​សារព័ត៌មាន​ក្នុងស្រុក​នានា មនុស្សម្នា​ក់បាន​ស្លាប់​ក្នុង​ទីក្រុង​ភាគ​កណ្ដាល Pyay ។ នៅ​ទីក្រុង​នេះ​ដដែល មនុស្ស​ម្នាក់ទៀត​ក៏​ស្លាប់​ក្រោយ​ប៉ូលិស​រារាំង​ឡាន​សង្គ្រោះបន្ទាន់​។ មនុស្ស​៥​នាក់​ទៀត​ស្លាប់​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន​។ របប​យោធា​មិន​និយាយ​អ្វី​ពី​ករណី​ទាំងនេះ ប៉ុន្តែ​ទូរទស្សន៍​រដ្ឋ MRTV ចាត់ទុក​បាតុករ​ជា​ឧក្រិដ្ឋជន​។​
 
​ស្របពេល​បាតុកម្ម​ធ្វើឡើង​ទូទាំងប្រទេស​នេះ មេដឹកនាំ​ស៊ីវិល​ដែល​កំពុង​រត់គេចខ្លួន​ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​១ ខែកុម្ភៈ ក៏​ប្រកាស​ការតស៊ូ​មួយ​ដើម្បី​ផ្ដួលរំលំ​ក្រុម​យោធា​កំពុង​កាន់អំណាច​។ លោក Mahn Win Khaing Than ដែល​ត្រូវបានតែងតាំង​ជា​អនុ​ប្រធានាធិបតី​ស្តីទី ចេញមុខ​ធ្វើ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​លើកដំបូង​នៅ​ថ្ងៃទី​១៣ ខែមីនា ដោយ​ចាត់ទុក​អ្វីដែល​កើតឡើង​ជា​ពេល​ខ្មៅ​ងងឹត​របស់​ប្រទេស​។​
 
​លោក Mahn Win Khaing Than មន្ត្រីជាន់ខ្ពស់​បក្ស​សម្ព​ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ត្រូវបាន​តែង​ដោយ​គណៈកម្មាធិការ​តំណាង​សភា​សហភាព (CRPH) ដែលជា​ក្រុម​សមាជិកសភា​មុន​រដ្ឋប្រហារ​។ គណៈកម្មាធិការ​នេះ ក៏​បង្កើន​រដ្ឋាភិបាល​មួយ​ដែល​កំពុង​ស្វែងរក​ការទទួលស្គាល់​ពី​អន្តរជាតិ​។ មេដឹកនាំ​គណៈកម្មាធិការ​នេះ បាន​ជួប​ជាមួយ​មេដឹកនាំ​ក្រុម​ភាគតិច​ប្រដាប់អាវុធ​នានា​ដើម្បី​ជជែក​ពី​ការបង្កើត​ប្រជាធិបតេយ្យ​បែប​សហព័ន្ធ​។​
 
«​ដើម្បី​សម្រេចបាន​គោលដៅ​ដែល​ជនភាគតិច​ទាំងអស់​ចង់បាន បដិវត្តន៍​នេះ ជា​ឱកាស​សម្រាប់​យើង​ប្រមូលផ្ដុំ​ការប្រឹងប្រែង​ទាំងអស់គ្នា​។​» លោក Mahn Win Khaing Than និយាយ​បែប​តាម​បណ្ដាញ​សង្គម Facebook ចេញពី​កន្លែង​សម្ងាត់​មួយ​។ 
 
​បើតាម​មេដឹកនាំ​រដ្ឋាភិបាល​ស្រមោល​រូបនេះ CRPH នឹង​បង្កើត​ច្បាប់​ថ្មី​ដើម្បី​អនុញ្ញាតឱ្យ​ប្រជាជន​អាច​ការពារ​ខ្លួន​បាន ហើយ​ការដឹកនាំ​រដ្ឋ នឹង​គ្រប់គ្រង​ដោយ​ក្រុម​ស៊ីវិល​មួយក្រុម​ផងដែរ​៕
 
 
 
 
 
 
 
 

Tag:
 ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com