COVID-19
អន្តរជាតិ
EU ការពារការបែងចែកវ៉ាក់សាំងកូវីដ-១៩ ក្រោយរដ្ឋសមាជិកតវ៉ារឿងចែកមិនស្មើគ្នា
14, Mar 2021 , 4:19 pm        
រូបភាព
គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១៣ ខែមីនា បានការពារគោលនយោបាយបែងចែកវ៉ាក់សាំងកូវីដ-១៩ ឱ្យរដ្ឋាសមាជិកទាំងអស់ដែលអនុវត្តតាមគោលការណ៍ស្មើៗគ្នា។ ការការពារខ្លួនធ្វើឡើងក្រោយអូទ្រីស និងរដ្ឋសមាជិកមួយចំនួនតវ៉ាពីការបែងចែកវ៉ាក់សាំងមិនស្មើគ្នាក្នុងចំណោមសមាជិក EU ទាំងអស់។ មេដឹកនាំប្រទេសអឺរ៉ុប នឹងជួបគ្នានៅចុងខែមីនា ដើម្បីជជែកពីការបែងចែកវ៉ាក់សាំងនេះ។

 
មេដឹកនាំរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន៦ បានផ្ញើលិខិតរួមគ្នាទៅកាន់គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ដោយបានត្អូញត្អែររឿងបែងចែកវ៉ាក់សាំងមិនស្មើគ្នាក្នុងចំណោមរដ្ឋសមាជិកទាំងអស់។ មេដឹកនាំឆែក ប៊ុលហ្ការី ឡេតូនី ស្លូវេនី និងក្រូអាស៊ី ក៏ស្នើឱ្យអឺរ៉ុបបើកកិច្ចប្រជុំមួយដើម្បីជជែកពីបញ្ហាមួយនេះ។
 
ឆ្លើយតបការត្អូញត្អែររបស់រដ្ឋសមាជិក គណៈកម្មការអឺរ៉ុបលើកឡើងថា វ៉ាក់សាំងត្រូវបានបែងចែកទៅតាមសមាមាត្រនៃប្រជាជនក្នុងប្រទេសនីមួយៗ និងទិន្នន័យការរាលដាលជំងឺកូវីដ-១៩ ជាដើម។ លើសពីនោះ ប្រទេសដែលមានករណីឆ្លងខ្លាំង ក៏អាចទទួលវ៉ាក់សាំងច្រើនជាងប្រទេសឯទៀតដែរ ប្រសិនបើរដ្ឋាភិបាលខ្លះមិនចង់ជ្រើសយកជម្រើសចែកតាមចំនួនប្រជាជននោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
តាមពិតទៅ គណៈកម្មការអឺរ៉ុប រងការរិះគន់យូរមកហើយរឿងបែងចែកវ៉ាក់សាំងនេះ ព្រមគ្នានឹងចាប់ផ្ដើមយឺតតាំងពីដើមទីមកនោះ។ អធិការបតីអូទ្រីស សេបាស្ទៀន ឃើស និយាយនៅថ្ងៃទី១២ ខែមីនា ថា ការបែងចែកវ៉ាក់សាំង ធ្វើឡើងមិនបានស្មើគ្នាឡើយ ទោះជារដ្ឋាភិបាលសមាជិកទាំង២៧ឯកភាពគ្នារួចហើយក្ដី។ បើតាមមេដឹកនាំអូទ្រីស ម៉ាល់ត៏ នឹងទទួលបានវ៉ាក់សាំងច្រើនជាងបីដងធៀបនឹងប៊ុលហ្ការីដែលមានប្រជាជនច្រើនជាង។
 
ក្នុងលិខិតរួមគ្នាលើ មេដឹកនាំប្រទេសទាំង៦ ស្នើឱ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល រៀបចំការពិភាក្សាមួយលើបញ្ហាសំខាន់នេះជាមួយមេដឹកនាំផ្សេងទៀត។ បើតាមមន្រ្តីអឺរ៉ុប លោក មីឈែល ទទួលបានលិខិតរួចហើយ ឯជំនួបមេដឹកនាំនឹងធ្វើនៅថ្ងៃទី២៥ និងទី២៦ ខែមីនាខាងមុខ៕

Tag:
 EU
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com