អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិអាមេរិកថា មកអាស៊ីលើកដំបូងដើម្បីពង្រឹងសម្ព័ន្ធមិត្ត
14, Mar 2021 , 5:59 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិក lloyd Austin (ស្ដាំ) ទៅដល់មូលដ្ឋានយោធាអាមេរិកនៅរដ្ឋហាវ៉ៃ។ រូបថតពីហ្វេសហ៊ុក U.S. Indo-Pacific Command
រដ្ឋមន្ត្រីការពារជាតិអាមេរិក lloyd Austin (ស្ដាំ) ទៅដល់មូលដ្ឋានយោធាអាមេរិកនៅរដ្ឋហាវ៉ៃ។ រូបថតពីហ្វេសហ៊ុក U.S. Indo-Pacific Command
រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និយាយថ្ងៃទី១៣ ខែមីនា ថា លោកធ្វើដំណើរមកកាន់អាស៊ីពេលនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក និងជំរុញការកំញើញប្រឆាំងចិន។ អាស៊ី ជាគោលដៅទស្សនកិច្ចលើកក្រៅប្រទេសដំបូងលោក Austin ដែលទើបឡើងកាន់តំណែងថ្មីៗ។

 
លោក Lloyd Austin ទៅដល់មូលដ្ឋានទ័ពអាមេរិកនៅលើកោះហាវ៉ៃនៅថ្ងៃទី១៣ ខែមីនា ដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។ ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ដែលសុទ្ធសឹងជាសម្ពន្ធមិត្តដ៏សំខាន់របស់អាមេរិក ជាគោលដៅនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីមួយរបស់លោក Austin ជាប្រមុខមន្ទីរបញ្ចកោណ។ 
 
«អ្វីគ្រប់យ៉ាងគឺសម្ពន្ធភាព និងភាពជាដៃគូ។ ទស្សនកិច្ចនេះ គឺផ្ដោតលើការពង្រឹងសមត្ថភាពដែរ។» លោក Austin ប្រាប់អ្នកសារព័ត៌មានបែបនេះ មុនបន្ថែមថា ខណៈអាមេរិកកំពុងជាប់ដៃប្រយុទ្ធក្រុមជ្រុលនិយមនៅមជ្ឈិមបូព៌ា ចិនក៏ធ្វើទំនើបកម្មយោធារបស់ខ្លួនក្នុងតំបន់កាន់តែរហ័ស។ លោកបន្តថា គោលដៅរបស់អាមេរិក គឺការបង្កើតសមត្ថភាព និងផែនការប្រតិបត្តិការនានាដើម្បីធានាឥទ្ធិពលកំញើញប្រឆាំងចិន ឬប្រទេសណាដែលចង់ប្រជែងអាមេរិក។
 
នៅឥណ្ឌា លោក Austin នឹងជួបសមភាគីរបស់លោកដើម្បីជជែកពីការពង្រឹងទំនាក់ទំនងជាមួយដៃគូដ៏សំខាន់មួយនេះ។ បន្ទាប់មក លោកធ្វើដំណើរទៅតូក្យូ និងសេអ៊ូល ដែលនឹងវត្តមានរដ្ឋមន្រ្តីការបរទេស អាន់តូនី ប្ល៊ីងខិន ផងសម្រាប់ជំនួបពីរបូកពីរ (ជំនួបរដ្ឋមន្ត្រីការបរទេស និងការពារជាតិ)។ ត្រង់ចំណុចនេះ ប្រមុខមន្ទីរបញ្ចកោណសង្កត់ធ្ងន់ថា លោក ប្ល៊ីងខិន និងលោក នឹងចាប់ពីការពង្រឹងទំនាក់ទំនងជាមួយសម្ពន្ធមិត្តអាមេរិកតាមរយៈការស្ដាប់ និងរៀនសូត្រដើម្បីដឹងពីតម្រូវការទៅវិញទៅមក។
 
ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទាំងពីរ ធ្វើឡើងក្រោយជំនួបមេដឹកនាំប្រទេស Quad មានអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលចិនជាប្រធានបទសំខាន់ដូចគ្នា។ ខណៈលោក Austin ត្រូវទៅវ៉ាស៊ីនតោនមុន លោក ប្ល៊ីងខិន នឹងត្រូវសំចតនៅរដ្ឋ Alaska សិន។ លោក ប្ល៊ីងខិន ដែលអមដោយទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនដឹកនាំដោយលោក យ៉ាង ជាឈី សមាជិកការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តចិន និងរដ្ឋមន្ត្រីការបរទេស វ៉ាង យី ៕ 

Tag:
 អាមេរិក
  អាស៊ី
  lloyd Austin
© រក្សាសិទ្ធិដោយ thmeythmey.com