អន្តរជាតិ
Gallup៖ យុវជនអាមេរិកប្រមាណ១៨លាននាក់ត្រូវបានកំណត់ថាជា LGBT
14, Mar 2021 , 9:59 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុនស្ទង់មតិអាមេរិក Gallup បានចេញលទ្ធផលអង្កេតរបស់ខ្លួនកាលពីឆ្នាំ២០២០ ស្តីពី LGBT ដូចជាក្រុមស្រី្តស្រឡាញ់ស្រ្តី (Lesbian), បុរសស្រឡាញ់បុរស (Gay), អ្នកស្រឡាញ់ទាំងពីរភេទ (Bisexual) អ្នកប្តូរយេនឌ័រ (Transgender)។ លទ្ធផលបានបង្ហាញថា យុវជនអាមេរិក ៥,៦ភាគរយ ត្រូវបានកំណត់ថា ជា LGBT។

 
លទ្ធផលនៅឆ្នាំ២០២០ មានយុវជនអាមេរិក ៥,៦ភាគរយ ពោលគឺស្មើ១៨លាននាក់ ស្ថិតក្នុងក្រុម LGBT។ បើតាម Gallup ទិន្នន័យនេះ កើន៤,៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ខណៈចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ យុវជន LGBT នៅអាមេរិក មានតែក្នុងរង្វង់ពី៣,៥ភាគរយ ទៅ៣,៩ភាគរយប៉ុណ្ណោះ។
 
ទោះបីជាយ៉ាងណាក៏ដោយ Gallup ទទួលបានចម្លើយ ៨៦,៧ភាគរយពីពលរដ្ឋអាមេរិក ដែលបានអះអាងថា ពួកគេស្រឡាញ់មនុស្សដែលមានភេទផ្ទុយគ្នា ខណៈ៧,៦ភាគរយ បដិសេធក្នុងការផ្តល់ចម្លើយទាក់ទងនឹងបញ្ហាផ្លូវភេទ។ កាលពីឆ្នាំ២០១២-២០១៧ ទិន្នន័យក៏បង្ហាញផងដែរថា ពលរដ្ឋអាមេរិក៥ភាគរយ មិនផ្តល់យោបល់នោះឡើយជុំវិញបញ្ហានេះ។
 
ការវាយតម្លៃរបស់ Gallup ផ្អែកលើបទសម្ភាសនាអំឡុងឆ្នាំ២០២០ជាមួយពលរដ្ឋអាមេរិកជាង១៥០០០នាក់ ដែលមានអាយុ១៨ឆ្នាំ និងលើសពីនេះ។  កម្រងសំណួរ មានភាពជាក់ច្បាស់ និងតម្រូវឲ្យមានចម្លើយច្បាស់លាស់ជាងការស្ទង់មតិកាលពីឆ្នាំមុនៗ។ 
 
ជាងពាក់កណ្តាលក្នុងចំណោមយុវជន LGBT ពោលគឺ៥៤,៦ភាគរយ បានបញ្ជាក់ថា ពួកគេស្រឡាញ់ទាំងពីរភេទ ២៤,៥ភាគរយជាបុរសស្រឡាញ់បុរស ១១,៧ភាគរយជាស្ត្រីស្រឡាញ់ស្ត្រី និង១១,៣ភាគរយជាអ្នកប្តូរយេនឌ័រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com