អន្តរជាតិ
AstraZeneca ថា គ្មានព័ស្តុតាងបញ្ជាក់វ៉ាក់សាំងខ្លួនធ្វើឱ្យមានហានិភ័យស្ទះសរសៃឈាមឡើយ
15, Mar 2021 , 2:25 pm        
រូបភាព
ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca នៅថ្ងៃទី១៤ ខែមីនា អះអាងថា ការត្រួតពិនិត្យឡើងវិញទិន្នន័យសុវត្ថិភាពលើអ្នកដែលទទួលបានការចាក់វ៉ាក់សាំងរបស់ខ្លួនកន្លងមក មិនមានព័ស្តុតាងណាបង្ហាញពីការកើនឡើងហានិភ័យនៃការស្ទះសរសៃឈាមឡើយ។


ការត្រួតពិនិត្យឡើងវិញនូវវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ធ្វើឡើងលើមនុស្សជាង១៧លាននាក់ ដែលបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ អាជ្ញាធរសុខាភិបាលនៅប្រទេសមួយចំនួនបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះក្រោយមានបញ្ហាស្ទះសរសៃឈាម ហើយក្រុមហ៊ុន AstraZeneca ក៏ត្រួតពិនិត្យឡើងវិញលើវ៉ាក់សាំងតែម្ដង។
 
«ការពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្នរាល់ទិន្នន័យសុវត្ថិភាពរបស់មនុស្សជាង១៧លាននាក់ ដែលប្រើវ៉ាក់សាំងការពារកូវីដ-១៩ របស់ AstraZeneca នៅសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេស មិនបានបង្ហាញព័ស្តុតាងណាមួយថា បណ្តាលឱ្យមានការកើនឡើងហានិភ័យនៃការស្ទះសរសៃឈាមក្នុងសួត ឬមានឈាមកកជាដើមលើមនុស្សក្នុងវ័យណាមួយ និងនៅក្នុងប្រទេសណាមួយជាក់លាក់ឡើយ»។ នេះជាការអះអាងរបស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃទី១៤ ខែមីនា។ 
 
ប្រទេសជាច្រើននៅអឺរ៉ុបមានអៀរឡង់ ដាណឺម៉ាក ន័រវេស អ៊ីស្លង់ និងហូឡង់ បានផ្អាកប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន ដោយផ្អែកលើហេតុផលប្រយ័ត្នជាមុន ស្របពេលមានការរាយការណ៍ទាក់ទងបញ្ហាស្ទះសរសៃឈាម។ អូទ្រីសបានឈប់ប្រើវ៉ាក់សាំងនេះរួចទៅហើយ ស្របពេលមានការស៊ើបអង្កេតអំពីការស្លាប់ដោយសារជំងឺស្ទះសរសៃឈាម។ឮ
 
លោក Peter English ទីប្រឹក្សារបស់នាយកដ្ឋានជំងឺឆ្លងអង់គ្លេសដែលទើបចូលនិវត្តន៍ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា វាជារឿងគួរអោយសោកស្តាយបំផុតដែលបណ្តាប្រទេសមួយចំនួនបានបញ្ឈប់ការចាក់វ៉ាក់សាំងដោយផ្អែកលើតែមូលដ្ឋានការប្រុងប្រយ័ត្ន។ លោកបន្តថា វាក៏មានហានិភ័យដល់គោលដៅនៃការចាក់វ៉ាក់សាំងដល់មនុស្សដើម្បីបន្ថយការរីករាលដាលនៃវីរុស និងដើម្បីបញ្ចប់ការឆ្លង។
 
វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ត្រូវបានបង្កើតឡើងដោយមានកិច្ចសហការ ជាមួយសាកលវិទ្យាល័យ Oxford និងត្រូវបានអនុញ្ញាតិឱ្យប្រើប្រាស់នៅសហភាពអឺរ៉ុប និងបណ្តាប្រទេសជាច្រើន ប៉ុន្តែមិនទាន់ត្រូវបានប្រើប្រាស់អាមេរិកនៅឡើយទេ។ ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca កំពុងរៀបចំដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នៅអាមេរិកហើយ៕ 
 
 
 
 

Tag:
 AstraZeneca
© រក្សាសិទ្ធិដោយ thmeythmey.com