អន្តរជាតិ
មនុស្ស៦នាក់ស្លាប់ និង៨១នាក់បាត់ខ្លួនដោយសារព្យុះខ្សាច់នៅម៉ុងហ្គោលី
15, Mar 2021 , 6:39 pm        
រូបភាព
ព្យុះខ្សាច់វាយប្រហាររដ្ឋធានីប៉េកាំង។ រូបថត Xinhua
ព្យុះខ្សាច់វាយប្រហាររដ្ឋធានីប៉េកាំង។ រូបថត Xinhua
ដោយ:
មនុស្សចំនួន៦នាក់ស្លាប់ និង៨១នាក់បាត់ខ្លួនដោយសារព្យុះខ្សាច់ដែលវាយប្រហារនៅម៉ុងហ្គោលី។ នេះបើតាមការបញ្ជាក់គ្រប់គ្រងគ្រោះមហន្តរាយប្រទេសនេះនៅថ្ងៃទី១៥ ខែមីនា។ ព្យុះខ្សាច់នេះ ក៏វាយប្រហាររដ្ឋធានីប៉េកាំងរបស់ចិន និងខេត្តក្រុងមួយចំនួនទៀតផងដែរ។


នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយម៉ុងហ្គោលី ប្រកាសថា អ្នកស្លាប់ទាំង៦នាក់មានអ្នកគង្វាល៥នាក់ និងកុមារម្នាក់។ នាយកដ្ឋាននេះ ទទួលបានបណ្តឹងចំនួន៥៤៨ស្តីពីការបាត់ខ្លួនមនុស្ស នៅខេត្តចំនួន៩រាប់ចាប់ពីយប់ថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៥ខែមីនា។ គិតត្រឹមថ្ងៃទី១៥ មីនា មនុស្សចំនួន៤៦៧នាក់ត្រូវបានរកឃើញ និងសង្គ្រោះ ខណៈ៨១នាក់ទៀតនៅបាត់ខ្លួននៅឡើយ។ នេះបើតាមទូរទស្សន៍រដ្ឋចិន CCTV ។
 
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ុងហ្គោលី ក៏បានរាយករណ៍ពីករណីដាច់អគ្គិសនីនៅភាគខាងលិចប្រទេសនៅចុងសប្ដាហ៍មុនផងដែរ។
 
ព្យុះខ្សាច់នេះ ក៏បន្តវាយប្រហារដល់ទឹកដីចិនរាប់ទាំងរដ្ឋធានីប៉េកាំងផង ដែលនៅព្រឹកថ្ងៃទី១៥ ខែមីនា មេឃប្រែទៅពណ៌លឿង។ អាជ្ញាធរឧតុនិយមចិនចាត់ទុកជាព្យុះខ្សាច់អាក្រក់បំផុតដែលចិនជួបប្រទះក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយ ទោះប៉េកាំងតែងរងព្យុះខ្សាច់ជាប្រចាំអំឡុងខែមីនា ដល់មេសាដោយនៅកៀកវាលខ្សាច់ហ្កូបី និងដោយសារផលប៉ះពាល់នៃការសឹកដី និងបាត់បងព្រៃឈើ។
 
រដ្ឋបាលក្រុងប៉េកាំង បានតម្រូវឱ្យសាលារៀនទាំងអស់បិទទ្វារ និងលុបចោលការលេងកីឡា ក៏ដូចជាកម្មវិធីនៅទីវាល និងបានណែនាំឱ្យអ្នកមានជំងឺផ្លូវដង្ហើមស្នាក់នៅក្នុងអាគារ។ ចំណែកឯផ្លូវមួយចំនួនក្នុងរដ្ឋធានីក៏ត្រូវបានបិទផងដែរ។ ជើងហោះហើរចំនួន៣៥០ត្រូវបានលុបចោល ឬត្រូវពន្យារពេលក្នុងអាកាសយានដ្ឋានចំនួនពីរក្នុងទីក្រុង។
 
ចំណែកឯគុណភាពខ្យល់ក្នុងទីក្រុងបានធ្លាក់ដល់កម្រិតអាក្រក់មិនធ្លាប់មាន។ ភាគល្អិតដែលមានឈ្មោះPM10 កើនឡើងរហូតដល់ទៅ៨,០០០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលជាកម្រិតលើសពីអ្វីដែលណែនាំដោយអង្គការសុខភាពពិភពលោកដែលមានកំណត់មិនឱ្យមានលើស៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់។ ចំណែកភាគល្អិត PM2,5 ដែលអាចប៉ះពាល់សួតមានរហូតដល់៣០០មីក្រក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលហួសពីកម្រិតស្តង់ដារ៣៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់។
 
ដើម្បីទប់ទល់ទៅនឹងបញ្ហាព្យុះខ្សាច់នេះ អាជ្ញាធរចិនបានរៀបចំគម្រោងជាច្រើនឆ្នាំរួចមកហើយដោយបានស្តារប្រព័ន្ធអេកូឡូស៊ីនៅជុំវិញក្រុងប៉េកាំងដើម្បីខ្ទប់ខ្សាច់ទាំងនោះ និងថែមទាំងបានបង្កើតច្រកផ្លូវដើម្បីឱ្យខ្យល់ និងខ្សាច់អាចឆ្លងកាត់ទីក្រុងបានលឿនជាងមុន៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com