ជាតិ
ព្រះចៅអធិការវត្តរាជបូណ៌ សន្យាឈប់វាយដំបែបហិង្សាពេល​អប់រំភិក្ខុ សាមណេរដែលខុសវិន័យ
15, Mar 2021 , 9:27 pm        
រូបភាព
ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប
ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប
ដោយ: ថ្មីៗ
ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ត្រូវបានតម្រូវឲ្យធ្វើកិច្ចសន្យាឲ្យកែប្រែការអប់រំភិក្ខុ សាមណេរ ពីហិង្សាទៅជាអហិង្សាវិញ។ កិច្ចសន្យានេះ ត្រូវបានធ្វើឡើង បន្ទាប់មានឃ្លីបវីដេអូមួយដែលបានបង្ហាញពីសកម្មភាពព្រះសង្ឃ ប្រើរំពាត់វាយភិក្ខុ សាមណេរដែលខុសវិន័យ រហូតដល់មានស្លាកស្នាម។



ក្នុងកិច្ចសន្យាដែលមានស្នាមមេដៃ នាថ្ងៃទី១៥ ខែមីនា ព្រះអង្គ ពិន សែម ដែលមានព្រះជន្ម៨០វស្សា បានអះអាងថា ព្រះអង្គបានស្វែងយល់ពីច្បាប់នានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានច្បាប់ស្តីពីសិទ្ធិមនុស្ស ដោយព្រះអង្គសន្យាឈប់អប់រំភិក្ខុ និងសាមណេរ ដោយប្រើអំពើហិង្សា ហើយនឹងកែប្រែនូវការអប់រំ ទូន្មានប្រៀនប្រដៅតាមបែបវិន័យព្រះពុទ្ធសាសនា និងអហិង្សាវិញ។

ព្រះអង្គ ក៏បានសន្យាដែរថា នឹងមិនមានការគំគួន ស្អប់ខ្ពើមភិក្ខុ សាមណេរដែលប្រព្រឹត្តខុសនោះឡើយ។ «អាត្មាភាពបន្តការដឹកនាំភិក្ខុ និងសាមណេរនៅក្នុងវត្តរាជបូណ៌ដើម្បីមានភាពរីកចម្រើនប្រកបដោយកិត្តិយសក្នុងព្រះពុទ្ធសាសនា»។ នេះបើតាមសំណើរក្នុងកិច្ចសន្យា។

ជាមួយគ្នានេះ លេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះខ្លឹមសារកំណត់ហេតុសម្របសម្រួលនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ។ សមាសភាពដែលចូលរួមមានលោកស្រី យូ សុភា អភិបាលរងខេត្ត លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី ដួង ថាវរី ស្នងការរង រួមទាំងភិក្ខុ សាមណេរទាំង៩អង្គដែលរងទណ្ឌកម្ម ផងដែរ។



ក្នុងកំណត់ហេតុ ភាគីទាំងអស់ បានសន្និដ្ឋានថា ករណីនេះ មិនមែនជាអំពើហិង្សាឃោឃៅនោះទេ តែជាការទូន្មានប្រៀបប្រដៅ និងការដាក់វិន័យរបស់គ្រូព្រះចៅអធិការដល់ភិក្ខុសាមណេរដែលប្រព្រឹត្តខុសទៅតាមអ្វីដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់វត្តរាជបូណ៌។

ម្យ៉ាងទៀត ព្រះសង្ឃដែលធ្លាប់រងពិន័យទាំង៩អង្គ សុទ្ធតែមានសង្ឃដីការថា ព្រមទទួលយកនូវការដាក់វិន័យ ចំណែកឯព្រះអង្គ ពិន សែម ក៏បានយល់ថា រូបភាពដាក់វិន័យបែបនេះ ពិតជាផ្ទុយនឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា៕




© រក្សាសិទ្ធិដោយ thmeythmey.com