COVID-19
ជាតិ
ម្តាយតារាកំប្លែងស្រីពីន ស្លាប់ដោយសារកូវីដ-១៩ ដែលជាករណីទី៥នៅកម្ពុជា
23, Mar 2021 , 10:32 am        
រូបភាព
ម្តាយរបស់តារាសម្តែង អ៊ិន ស្រីពីន ក្នុងក្រុមកំប្លែងនាយក្រឹម បានទទួលមរណភាពក្នុងអាយុ៦២ឆ្នាំ នាវេលាម៉ោង៥ និង៤០នាទី ព្រឹកថ្ងៃទី២៣ ខែមីនា រយៈពេល២ថ្ងៃក្រោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយសារជំងឺកូវីដ-១៩។



អ្នកស្រី អ៊ិន ម៉ានីតា មានអាសយដ្ឋាននៅស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅថ្ងៃទី២០ ខែមីនា គាត់​មាន​អាការៈហត់ ហើយ​បាន​ចូលសម្រាកពេទ្យមិត្តភាពខ្មែរសូវៀត ហើយមួយថ្ងៃ​ក្រោយ​មកឃើញវិជ្ជមាន​កូវីដ-១៩។ តាម​ការពិនិត្យគាត់​មាន​រលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និង​ខ្សោយសួតខ្លាំង ដោយមានអាការហត់​២-៣ថ្ងៃ មុនចូលពេទ្យ ព្រមទាំងមានជំងឺធាត់​កម្រិត១ផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង អ្នកជំងឺបានស្លាប់បាត់ជីវិតដោយសារកូវីដ-១៩ វាយលុកលឿន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក។

នេះជាករណីស្លាប់ទី៥ដោយសារកូវីដ-១៩នៅកម្ពុជា ដោយករណីស្លាប់៤នាក់កន្លងមក មាន បុរសអាយុ៥០ឆ្នាំ កាលពីថ្ងៃទី១១ ខែមីនា, ស្ត្រីអាយុ៦២ឆ្នាំ (ភរិយាលោក ហួរ ឡាវី) និងបុរសអាយុ៤៦ឆ្នាំ កាលពីថ្ងៃទី១៩ ខែមីនា និងបុរសអាយុ៧៥ឆ្នាំ (វេជ្ជបណ្ឌិត ស្តើង ជា) កាលពីថ្ងៃទី២២ ខែមីនា៕


© រក្សាសិទ្ធិដោយ thmeythmey.com