COVID-19
ជាតិ
ម្ចាស់ផ្ទះខ្លះ នាំគ្នាបញ្ចុះថ្លៃបន្ទប់ ដើម្បីជួយអ្នកជួល ដែលកំពុងលំបាកដោយសារកូវីដ-១៩
23, Mar 2021 , 6:03 pm        
រូបភាព
រូបគណនីហ្វេសប៊ុករបស់លោក សុថានី និង លោក ប៊ុនឆន
រូបគណនីហ្វេសប៊ុករបស់លោក សុថានី និង លោក ប៊ុនឆន
ភ្នំពេញ៖ ម្ចាស់ផ្ទះជួលមួយចំនួន សម្រេចបញ្ចុះតម្លៃ និងម្ចាស់ផ្ទះជួលខ្លះទៀត មិនយកថ្លៃផ្ទះជួលតែម្តង ដើម្បីជួយសម្រួលដល់ការលំបាករបស់អ្នកជួល ដែលកំពុងជួបការលំបាកលើជីវភាព ដោយសារវិបត្តិជំងឺកូវីដ-១៩។



នៅកម្ពុជាពេលនេះ មានអ្នកឆ្លងកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ ហើយពលរដ្ឋកម្ពុជា៥នាក់ហើយ បាន បានបាត់បង់ជីវិតដោយសារជំងឺនេះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានដាក់ចេញវិធានការជាហូរហែ រួមទាំង បិទអាជីវកម្ម ក្លិបកម្សាន្ត សាលារៀន ជាដើម ដើម្បីទប់ស្កាត់ការរាលដាលជំងឺនេះ។ ស្ថានភាពទាំងនេះ បានជះឥទ្ធិពលមិនល្អមួយចំនួនដល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលនាំពលរដ្ឋខ្លះ ជួបបញ្ហាចំណូលប្រចាំខែធ្លាក់ចុះ។

ដោយពិនិត្យឃើញទុក្ខលំបាកបែបនេះ លោក ចូវ ហ្វីតាក់ ដែលមានបន្ទាប់ជួល២៥បន្ទប់ នៅទល់មុខព្រលានយន្តហោះ ក្នុងក្រុងព្រះសីហនុ សម្រេចបញ្ចុះតម្លៃបន្ទប់៥០ភាគរយ ចំនួន២០បន្ទប់ ហើយទុក៥បន្ទប់សម្រាប់អ្នកគ្មានលទ្ធភាពបង់។ លោកអះអាងថា ការសម្រេចបញ្ចុះតម្លៃនេះ គឺធ្វើរហូតស្ថានភាពកូវីដ-១៩ ថមថយទៅវិញ ពោលគឺគ្មានកំណត់រយៈពេលឡើយ។  លោក ប្រាប់ថា អ្នកជួលផ្ទះរបស់លោក ភាគច្រើន គឺជាអ្នកលក់ដូរតាមរទេះរុញ។

លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា«ខ្ញុំចុះតម្លៃជិតមួយឆ្នាំហើយ គ្រាន់តែកាលមុនត្រឹម៣០ភាគរយ ហើយមកដល់ដំណាក់កាលនេះ ឃើញអ្នកជួបបន្ទប់រកចំណូលកាន់តែពិបាក ក៏សម្រេចចុះ២០ភាគរយទៀត។ គិតទៅចុះ៥០ភាគរយនេះ បានជាង៣ខែហើយ។ ហើយក៏បានទុកបន្ទប់៥ទៀត សម្រាប់អ្នកគ្មានលទ្ធភាពបង់ប្រាក់ឈ្នួលដែរ។ ទៅមុខទៀត ខ្ញុំអត់កំណត់រយៈពេលទេគឺទាល់តែប្រទេសជាតិយើងធូរស្រាលពីកូវីដ-១៩ឡើយវិញ ដើម្បីជួយពលរដ្ឋ ក៏ដូចជាជួលសម្រួលបញ្ហាជាតិនិងរដ្ឋាភិបាលដែរ»។

រីឯ លោក យ៉ែម សុថានី មានបន្ទប់ជួល១៦បន្ទប់ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ  បានសម្រេចបញ្ចុះតម្លៃបន្ទប់៤០ភាគរយចំនួន២ខែផងដែរ ពោលគឺសម្រាប់ខែមេសា និងឧសភា ឆ្នាំ២០២១។ ការសម្រេចនេះ ធ្វើឡើងក្រោយពីមាននិស្សិតនិងអ្នកធ្វើការមួយចំនួន ស្នើសុំការបន្ធូរបន្ថយ ដោយសារជួបវិបត្តិកូវីដ-១៩។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក និយាយថា៖«និស្សិតខ្លះធ្លាប់នៅជុំគ្នា តែពេលគេផ្អាករៀនមានអ្នកខ្លះក៏ទៅផ្ទះ ហើយអ្នកធ្វើការកន្លែងការងារមួយចំនួនក៏ក្រុមហ៊ុនបន្ថយប្រាក់ខែដែរ អ៊ីចឹង យើងមើលឃើញជាក់ស្ដែងហើយពួកក៏បានស្នើសុំដែរ ខ្ញុំក៏សម្រេចិត្តបញ្ចុះតម្លៃ ដើម្បីជួយគ្នាក្នុងពេលមានទុក្ខលំបាកនេះ»។

ចំណែក លោក ឈឿន ប៊ុនឆន ដែលមានបន្ទប់ជួលនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រកាសថា មិនយកថ្លៃជួលបន្ទប់ចំនួន៣ខែ គឺចាប់ពីមីនានេះ ដល់ខែឧសភា ឆ្នាំ២០២១ ដើម្បីជួយសម្រួលការលំបាកដល់អ្នកជួល ក្នុងអំឡុងពេលកូវីដ-១៩។

លោក សរសេរលើគណនីហ្វេសប៊ុកថា៖«ខ្ញុំមានបន្ទប់ជួល៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ខែ ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ។...បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅគ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ»។ នេះបើតាមការលើករបស់លោក ប៊ុនឆន ដែលបានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២០មីនា៕

Tag:
 បញ្ចុះថ្លៃបន្ទប់
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com