ជាតិ
មន្ត្រីយោធាម្នាក់ ដែលគេចពីចត្តាឡីស័កនៅភ្នំពេញ ត្រូវបានឃាត់ខ្លួននៅពោធិ៍សាត់
24, Mar 2021 , 3:47 pm        
រូបភាព
ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ ដែលគេចពីចត្តាឡីស័កនៅភ្នំពេញ ត្រូវបានឃាត់ខ្លួននៅពោធិ៍សាត់។ អាជ្ញាធរខេត្តពោធិ៍សាត់ បានយកសំណាកបុរសនោះ ទៅពិនិត្យនិងបន្តដាក់ចត្តាឡីស័ក។

 
លោក ស ថេង ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៤មីនានេះថា បុរសដែលឃាត់ខ្លួននោះ គឺជាមន្រី្តយោធាបានគេចពីកន្លែងចត្តាឡីស័កនៅភ្នំពេញ ទៅខេត្តពោធិ៍សាត់ចំនួន២ថ្ងៃហើយ។ លោកបន្តថា ពេលនេះក្រុមការងារបានឃុំខ្លួនមន្រី្តយោធានោះ នៅមណ្ឌលចត្តាឡីស័ក ហើយក៏បានយកសំណាកទៅពិនិត្យដែរ។ ទន្ទឹមនឹងនេះ លោក ស ថេង អះអាងថា មិនទាន់មានការពិន័យណាមួយលើបុរសនោះឡើយ។ 
 
ស្នងការនគរបាលខេត្តពោធិ៍សាត់រូបនេះថ្លែងយ៉ាងដូច្នេះថា៖«យើងដាក់គាត់ឲ្យនៅចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កពលរដ្ឋ ដែលចំណាកស្រុកពីក្រៅប្រទេសមក ដែលដាក់ឲ្យនៅគម្លាតឆ្ងាយពីគេ និងបានយកសំណាកពិនិត្យហើយ។ តាមការសាកសួរ បុរសនោះជាមន្រី្តយោធា ហើយក៏មិនទាន់បានចាក់វ៉ាក់សាំងដែរ។ យើងអត់មានពិន័យតាមច្បាប់ហ្នឹងទេ(អនុក្រឹត្យស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩) គ្រាន់តែថាយើងសម្រួលឲ្យគាត់ចូលធ្វើចត្តាឡីស័ក ឥឡូវគាត់នៅក្នុងមណ្ឌលមិនបានគេចទៅណាទៀតទេ ហើយដាក់កម្លាំងការពារត្រឹមត្រូវ ដោយសារគាត់មិនបាននៅជិតអ្នកឆ្លងកូវីដ-១៩ទើបមិនពិន័យ គ្រាន់តែថាគាត់មិនធ្វើចត្តាឡីស័កនិងមិនបានចាក់វ៉ាក់សាំង»។
 
អនុក្រឹត្យស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចែងលម្អិតទាក់ទងនឹងការធ្វើចត្តាឡីស័កថា បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក បុគ្គលដែលគេចចេញពីកន្លែងចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងបុគ្គលធ្វើចត្តាឡីស័ក ដែលមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវរងពីពិន័យអន្តរការណ៍ពី១លានរៀលទៅ៥លានរៀល។
 
អ្នកផ្តើមគំនិត ដឹកនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដល់បុគ្គលឲ្យមានការគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក រួមទាំងគ្រឹះស្ថានសុខាភិបាលឯកជនដែលជួយលាក់បាំង ឬមិនបានជូនដំណឹង ត្រូវរងពិន័យអន្តរការណ៍ពី១០លានទៅ៥០លានរៀល៕
 
 

Tag:
 ចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com